ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហរដ្ឋអាមេរិក៖ សម្តេចសង្ឃទីបេត៍ ដាឡៃ ឡាម៉ា នៅថ្ងៃព្រហស្បតិ៍ ទី ០៦ ខែមីនា បានបើកសម័យ ប្រជុំ ជាមួយព្រឹទ្ធសភាអាមេរិក ដោយមានការសូត្រធម៌ដើម្បីបួងសួងសុំសន្តិភាព នៅវិមានព្រឹទ្ធសភា Capitol នារដ្ឋធានី Washington ។ នេះជា លើកដំបូង ដែលមេដឹកនាំស្មារតីរបស់ជនជាតិទីបេត៍ បានដឹកនាំកម្មវិធី បួងសួងមួយនេះ បើទោះបី ព្រះអង្គធ្លាប់បានយាងមកកាន់វិមាន Capitol ជាច្រើនលើក ។

សម្ដេចសង្ឃ ដាឡៃ ឡាម៉ា កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ។
កាលពីខែមុន លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានទទួលបដិសណ្ឋារៈចំពោះ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ម្ចាស់ពានរង្វាន់ Nobel សន្តិភាព នៅសេតវិមាន ទោះបីមានការជំទាស់ និងខឹងសម្បាពីចិន ដែល ជាគូ សត្រូវនឹងព្រះអង្គយ៉ាងណាក៏ដោយ ។
លោក បារ៉ាក់ អូបាម៉ា បញ្ជាក់នូវគោលជំហរសារជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ ប្រពៃណីនៃការ ប្រតិបត្តិសាសនា វប្បធម៌ និងភាសារបស់ជនជាតិទីបេត៍ ។
សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បានមានព្រះបន្ទូលថា ព្រះអង្គមិនដែលទាមទារឯករាជ្យដែនដីទីបេត៍ ចេញពី ប្រទេសចិនទេ និងព្រះអង្គចង់មានកិច្ចចរចាមួយជាមួយនឹងមេដឹកនាំចិន ។
ចិនបានព្រមានសហរដ្ឋអាមេរិកថា នឹងមានវិបត្តិដ៏ធំធេងផ្នែកការទូត ប្រសិនបើ លោក បារ៉ាក់ អូបាម៉ា នៅ តែទទួល សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានបញ្ហាអ្វី កើត ឡើងទេ ៕