អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា បានជួបប្រជុំគ្នាធ្វើរបាយការណ៍ប្រតិកម្មតបទៅនឹងរបាយការណ៍របស់ រដ្ឋាភិបាលកម្ពុជា ដែលផ្ញើទៅអង្គការសហប្រជាជាតិស្តីពីសិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរ ក្រោមថា មានភាពវិជ្ជមាននិងរលូននោះ ជារបាយការណ៍ខុសការពិត។
មន្ត្រីអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា កាលពីថ្ងៃច័ន្ទ (៣០ វិច្ឆិកា) ដើមសប្តាហ៍នេះ នាទីក្រុងភ្នំពេញ បានជួបប្រជុំគ្នាចងក្រងរបាយការណ៍ពីការរំលោភសិទ្ធិមនុស្សទៅលើ ពលរដ្ឋខ្មែរកម្ពុជាក្រោម ក៏ដូចជាការលំបាកដែលពលរដ្ឋខ្មែរកម្ពុជាក្រោមបានជួបប្រទះផ្ញើទៅ អង្គការសហប្រជាជាតិ ជាការឆ្លើយតបទៅនឹងរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើទៅអង្គការសហប្រជាជាតិដែលថា ស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់និងមានសិទ្ធិសេរីភាពពេញបរិបូរ នោះ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកប្រចាំកម្ពុជា លោក តាំង សារៈ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅព្រឹកថ្ងៃពុធ ទី២ ខែធ្នូ ថា អង្គការសមាគមខ្មែរកម្ពុជានៅកម្ពុជា នៅដើមសប្តាហ៍នេះ បានរួមគ្នាសរសេររបាយការណ៍ស្តីពីការលំបាកនិងការរំលោភសិទ្ធិរស់ នៅរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជាកំពុងរស់នៅក្នុងទឹកដីខ្មែរកម្ពុជាក្រោមក្នុងប្រទេស វៀតណាម ដោយចងក្រងពីទុក្ខលំបាកនិងការរំលោភសិទ្ធិរស់នៅ ដើម្បីផ្ញើជូនទៅអង្គការសហប្រជាជាតិឲ្យបានយល់ពីការពិត។
លោកបញ្ជាក់ថា ការដែលអង្គការសមាគមខ្មែរក្រោមរួមគ្នាចងក្រងរបាយការណ៍នេះឡើង ក៏ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើទៅអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅក្នុង ប្រទេសកម្ពុជា ដែលលើកឡើងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់និងការរស់នៅមានភាពវិជ្ជមាន ជារបាយការណ៍ប្រាសចាកពីការពិតទៅលើស្ថានភាពរស់នៅរបស់ពលរដ្ឋ ខ្មែរកម្ពុជាក្រោមបច្ចុប្បន្ន។
លោក តាំង សារៈ បញ្ជាក់ឲ្យវិទ្យុអាស៊ីសេរីដឹងដូច្នេះ ៖ «ស្ថានភាព ខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅកម្ពុជាបច្ចុប្បន្ននេះ ខ្មែរកម្ពុជាក្រោមមួយចំនួនមិនទាន់មានសិទ្ធិចុះក្នុងបញ្ជី អត្រានុកូលដ្ឋាននៅឡើយទេ»។
ប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស លោក សឺង យឿង មានប្រសាសន៍ថា ការរស់នៅ ក៏ដូចជាសិទ្ធិផ្សេងទៀតរបស់បងប្អូនខ្មែរកម្ពុជាក្រោម មិនថារស់នៅឯទឹកដីខ្មែរកម្ពុជាក្រោមក្នុងប្រទេសវៀតណាម ឬក៏កំពុងរស់នៅក្នុងប្រទេសកម្ពុជានោះទេ គឺសិទ្ធិគ្រប់បែបយ៉ាងនៅមានការរឹតត្បិត ដោយឡែកពលរដ្ឋកម្ពុជាក្រោមនៅកម្ពុជា គឺមន្ត្រីមូលដ្ឋានមិនបានធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសាររដ្ឋបាលផ្សេងៗជូនឡើយ។
ដោយឡែកលោក ថាច់ សាង ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងពីស្ថានភាពរស់នៅរបស់បងប្អូន ខ្មែរកម្ពុជាក្រោមដូច្នេះ ៖ «ខ្មែរកម្ពុជាក្រោមនៅស្រុកខ្មែររាល់ថ្ងៃនេះ ជាង៨០% ធ្វើអត្តសញ្ញាណប័ណ្ណគេមិនឲ្យ ធ្វើមិនបានតែម្តង»។
វិទ្យុអាស៊ីសេរីមិនអាចទំនាក់ទំនងសុំសេចក្តីអត្ថាធិប្បាយពីលោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាលបានទេតាមទូរស័ព្ទ លើបញ្ហាសិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជា ដោយលោកមានប្រសាសន៍ដោយខ្លីថា កំពុងជាប់រវល់ប្រជុំ។
អង្គការសមាគមខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា របាយការណ៍ស្តីពីសិទ្ធិរស់នៅរបស់បងប្អូនខ្មែរកម្ពុជាក្រោមកំពុង រស់នៅក្នុងប្រទេសវៀតណាម ក៏ដូចជាកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដែលបានរួមគ្នាចងក្រងនេះ គ្រោងនឹងផ្ញើជូនទៅអង្គការសហប្រជាជាតិឲ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៩ ដែលជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ។
ការធ្វើរបាយការណ៍ស្តីពីសិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរកម្ពុជា ក្រោមនាពេលនេះ ជួនពេលជាមួយគ្នានឹងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហ ប្រជាជាតិ បានចាប់ផ្តើមពិនិត្យអំពីការអនុវត្តសិទ្ធិមនុស្សនៅក្នុងប្រទេស កម្ពុជាជាលើកដំបូង៕
ប្រភពពីវិទ្យុអាស៊ីសេរី.