ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១០ ដោយលោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ
មេដឹកនាំ សមាគមខ្មែរកម្ពុជាក្រោម មួយចំនួន បានជួបប្រជុំគ្នា នៅថ្ងៃទី១៥ ខែតុលា ដើម្បី រៀបចំធ្វើញត្តិទាក់ទងរឿង ខ្មែរកម្ពុជាក្រោមជូនលោក បាន គីមូន អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ ក្នុងអំឡុងពេល ទស្សនកិច្ចរបស់លោក នៅកម្ពុជា រយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលានេះ។សមាគមខ្មែរកម្ពុជាក្រោមចំនួន ១០ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែតុលា បានជួបប្រជុំគ្នានៅក្នុងវត្តមហាមន្ត្រី ក្នុងទីក្រុងភ្នំពេញ ដើម្បីរៀបចំធ្វើញត្តិរួមគ្នាមួយជូនអគ្គលេខាធិការរបស់អង្គការសហ ប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ដើម្បីសម្ដែងមតិ សុំឲ្យអ.ស.ប ពិនិត្យមើលស្ថានការណ៍រំលោភសិទ្ធិមនុស្សលើគ្រួសារខ្មែរកម្ពុជា ក្រោម និងការរើសអើងដោយអាជ្ញាធរវៀតណាម នៅលើទឹកដីខ្មែរកម្ពុជាក្រោម គ្រប់គ្រងដោយអាជ្ញាធរវៀតណាមនោះ។
សំណើសុំជួបលោក បាន គីមូន នោះ ត្រូវបានដាក់ទៅការិយាល័យកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅ កម្ពុជា (UNDP) រួចហើយ កាលពីថ្ងៃទី១២ ខែតុលា ថ្មីៗនេះ ដើម្បីសុំជួបដោយផ្ទាល់ ប៉ុន្តែមិនទាន់បានទទួលចម្លើយនៅឡើយទេពីអង្គការ UNDP។ បើមិនដូច្នោះទេ គេនឹងជូនញត្តិនេះតាមរយៈអង្គការ UNDP ជូនលោក បាន គីមូន។ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម លោក យន្ត ថារូ និងជាតំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែតុលាថា គ្រួសារខ្មែរកម្ពុជាក្រោមគ្រប់គ្រងដោយវៀតណាម កំពុងតែរងការគាបសង្កត់ដោយអាជ្ញាធរវៀតណាម ដោយសារការរើសអើង និងបិទសិទ្ធិសេរីភាពក្នុងការសិក្សាអក្សរសាសន៍ខ្មែរ និងជំនឿសាសនាជាដើម។
លោកបន្តថា ៖ «ដូចជាព្រឹត្តិការណ៍ថ្មីៗនេះ ខ្មែរកម្ពុជាក្រោមត្រូវបានកាប់សម្លាប់ពីជនជាតិវៀតណាម មកលើខ្មែរកម្ពុជាក្រោម ហើយការដោះស្រាយ និងផ្ដល់ភាពយុត្តិធម៌មកឲ្យខ្មែរកម្ពុជាក្រោម ពុំទាន់មាននៅទ្បើយ»។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សាង បានមានប្រសាសន៍ថា ខ្មែរកម្ពុជាក្រោមកំពុងតែស្រេកឃ្លាននូវសិទ្ធិសេរីភាព ដែលកំពុងតែរងការជិះជាន់ដោយវៀតណាម ៖ «ត្រូវតែយកចិត្តទុកដាក់ យ៉ាងរឹងមាំ និងក្រាញននៀល ដើម្បីឲ្យបានជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ ឬក៏បញ្ជូនសារយ៉ាងណាមួយដែលជាឯកសារសម្ដែងនូវសុឆន្ទៈ និងទឹកចិត្តដ៏បរិសុទ្ធ»។
អាណានិគមនិយមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យទៅវៀតណាមគ្រប់គ្រងតាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ចំនួន ២១ខេត្តក្រុង ប៉ុន្តែចាប់តាំងពីពេលនោះមក គេមិនដែលឮការរីករាយ ឬសេចក្ដីសុខសាន្តពីគ្រួសារខ្មែរកម្ពុជាក្រោមនោះទេ។
តំណាងសមាគមខ្មែរកម្ពុជាក្រោមចំនួន ១០នោះ មានដូចជា ទី១ មិត្តសមាគមខ្មែរកម្ពុជាក្រោម ទី២ សមាគមការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ទី៣ មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ទី៤ សមាគមការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម និងអភិវឌ្ឍន៍ ទី៥ មូលនិធិសម្រាប់ខ្មែរកម្ពុជាក្រោម ទី៦ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម ទី៧ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ទី៨ សម្ព័ន្ធនិស្សិតខ្មែរកម្ពុជាក្រោម ទី៩ គណៈកម្មការសម្របសម្រួលខ្មែរកម្ពុជាក្រោម និងទី១០ ព្រះសង្ឃចៅអធិការខ្មែរកម្ពុជាក្រោមមួយចំនួនទៀត។
សេចក្ដីប្រកាសព័ត៌មានជាផ្លូវការចេញដោយក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៣ ខែតុលា ថ្មីៗនេះ បានឲ្យដឹងថា អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក បាន គីមូន គ្រោងនឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជួបគាល់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី និងទៅទស្សនកិច្ចនៅសាលាក្ដីខ្មែរក្រហមផងដែរ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ថា ជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក បាន គីមូន នឹងផ្ដោតលើការពង្រឹងកិច្ចសហប្រព្រឹត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ លើវិស័យរក្សាសន្តិភាព ក្រោមបេសកកម្មរបស់អង្គការសហប្រជាជាតិ និងវិស័យមនុស្សធម៌មួយចំនួនទៀត៕ ប្រភពពីវិទ្យុអាស៊ីសេរី /10-15-2010