សមាគម​ខ្មែរ​ក្រោម​គ្រោង​បូជា​ព្រះ​សព​ព្រះសង្ឃ​ដែល​ប្រឆាំង​វៀតណាម

ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ បាន​សុគត​អស់​ រយៈ​ពេល ៥​ឆ្នាំ មក​ហើយ រហូត​មក​ទល់​ពេល​នេះ សមត្ថ​កិច្ច​ មិន​ទាន់​រក​ឃើញ​ឃាតក​សម្លាប់​ព្រះអង្គ​ ឃើញ​នៅ​ឡើយ​ទេ។ អង្គការ​សមាគម​ខ្មែរ​កម្ពុជា ក្រោម ​ជាង ១០​អង្គការ គ្រោង​នឹង​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ ក្រសួង​មហា​ផ្ទៃ ដើម្បី​សុំ​គាស់​ផ្នូរ​សព​របស់​ព្រះ​ភិក្ខុ​ព្រះ ​នាម អ៊ាង សុខធឿន ដែល​សុគត​នៅ​ក្នុង​វត្ត​ទ្រនំ​ជ្រឹង ហើយ​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចុះ​នោះ យក​មក​បូជា​តាម​ បែប​ព្រះ​ពុទ្ធ​សាសនា​វិញ។ ការ​គ្រោង​ធ្វើ​លិខិត​ស្នើ​សុំ​ ទៅ​ក្រសួង​មហា​ផ្ទៃ​នេះ គេ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ មួយ​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដែល​មាន​អង្គការ​ សមាគម​ជាង​១០ បាន​ជួប​ប្រជុំ​គ្នា និង​បាន​ឯកភាព​គ្នា​ មួយ​អំពី​ការ​ធ្វើ​លិខិត​ស្នើ​សុំ​នេះ។

ព្រះភិក្ខុ អ៊ាង សុខធឿន បាន​សុគត​នៅ​ក្នុង​វត្ត​ទ្រនំ​ជ្រឹង ឃុំ​បឹងធំ ស្រុក​អង្គ​ស្នូល ខែត្រ​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០៧។ តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​អះអាង​ថា ការ​សុគត​របស់​ព្រះ​ភិក្ខុ អ៊ាង សុខ​ធឿន នៅ​បន្ទាប់​ពី​ព្រះ​អង្គ​បាន​ចូល​រួម​ជា​មួយ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ​ប្រមាណ ៣០០​អង្គ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​វៀតណាម ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ឈប់​ចាប់​ខ្លួន​ព្រះ​សង្ឃ​ ខ្មែរ​កម្ពុជា​ក្រោម និង​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ នៅ​ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០០៧ ដដែល ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ​សម្លាប់។

ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ស៊ី សំណាង មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ ជា​ខួប ៥​ឆ្នាំ​ហើយ បន្ទាប់​ពី​ព្រះ​តេជ​ព្រះ​គុណ អ៊ាង សុខធឿន បាន​សុគត​មិន​ដឹង​មូលហេតុ​ពិត​ប្រាកដ ហើយ​សមត្ថកិច្ច​មិន​ទាន់​រក​មូលហេតុ ឬ​ឃាតក​ឃើញ​នៅ​ឡើយ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម លោក យន្ត ថារូ បាន​លើក​ឡើង​ថា ការ​សុគត​របស់​ព្រះ​ភិក្ខុ អ៊ាង សុខធឿន វា​ជា​រឿង​អាថ៌កំបាំង ពី​ព្រោះ​ថា នៅ​ក្រោយ​ពេល​ព្រះ​អង្គ​សុគត ខាង​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ ឬ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​នានា​ចូល​មើល​សាក​សព​របស់​អង្គ​ទេ គឺ​គេ​យក​ទៅ​បញ្ចុះ​ភ្លាមៗ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​ព្រះ​តេជ​ព្រះ​គុណ អ៊ាង សុខធឿន សុគត​មិន​ពាក់ព័ន្ធ​និង​រឿង​អាថ៌កំបាំង​អ្វី​ទេ សមត្ថកិច្ច​ក៏​មិន​ហាម​ក្រុម​គ្រួសារ​របស់​ព្រះ​អង្គ​ដែរ។

លោក យន្ត ថារូ បាន​បញ្ជាក់​ទៀត​ថា នៅ​ក្រោយ​ពេល​ព្រះ​ភិក្ខុ អ៊ាង សុខធឿន សុគត ខាង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ព្រះ​សង្ឃ​អង្គ​នេះ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក យន្ត ថារូ បាន​លើក​ឡើង​ថា ការ​សន្និដ្ឋាន​បែប​នេះ វា​ជា​រឿង​គ្មាន​ភស្តុតាង​ច្បាស់​លាស់​ទេ ម្យ៉ាង​ទៀត បើ​សិន​ជា​ព្រះ​អង្គ​ធ្វើ​អត្តឃាត​មែន មូលហេតុ​អី្វ​បាន​ជា​គេ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​របស់​ព្រះ​អង្គ​ចូល ​មើល​សាក​សព?

លោក យន្ត ថារូ បាន​សង្កត់ធ្ងន់​ថា អង្គការ​សមាគម​របស់​លោក​នឹង​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ក្រសួង​មហា​ផ្ទៃ និង​សាលា​ខែត្រ​កណ្ដាល​នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​សុំ​គាស់​ផ្នូរ​របស់​ព្រះភិក្ខុ អ៊ាង សុខធឿន យក​មក​បូជា​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា និង​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​ដល់​ព្រះ​អង្គ។

លោក ខៀវ សុភ័ក្រ ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​មហា​ផ្ទៃ។ លោក​មាន​ប្រសាសន៍​ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គូរ​តែ​យក​លិខិត​ស្នើ​សុំ​នោះ​ទៅ​ដាក់​នៅ​អាជ្ញាធរ​ខែត្រ​កណ្ដាល ពី​ព្រោះ​រឿង​នេះ​វា​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខែត្រ​កណ្ដាល។

លោក ស៊ី សំណាង ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម។ លោក​បាន​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០០៧ នៅ​បន្ទាប់​ពី​គេ​យក​ព្រះ​ភិក្ខុ អ៊ាង សុខធឿន ទៅ​បញ្ចុះ​ភ្លាម​នោះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​ធ្លាប់​ស្នើ​សុំ​គាស់​ផ្នូរ​យក​សាកសព​ព្រះ​ភិក្ខុ អ៊ាង សុខធឿន ម្ដង​រួច​ហើយ ដើម្បី​យក​មក​បូជា តែ​ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​បដិសេធ។

ព្រះ​ភិក្ខុ អ៊ាង សុខធឿន មាន​ព្រះ​ជន្ម​ជាង ៣០​ឆ្នាំ ព្រះ​អង្គ​មាន​ស្រុក​កំណើត​នៅ​ឃុំ​ដាយតឹម (Đại Tâm) ស្រុក​បាយ​ឆៅ (Mỹ Xuyên) ខេត្ត​បាសាក់ បច្ចុប្បន្ន​ខេត្ត​ឃ្លាំង ប្រទេស​វៀតណាម។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​លើក​ឡើង​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គង់​នៅ​កម្ពុជា​មួយ​ចំនួន បាន​ប្រឈម​នឹង​ការ​ធ្វើ​បាប​ផ្សេងៗ ដូច​ជា​ការ​ចាប់​ផ្សឹក​ព្រះ​តេជ​គុណ ទឹម សាខន កាល​ពី​ឆ្នាំ​២០០៧ ករណី​ចាប់​ខ្លួន និង​បណ្ដេញ​ព្រះ​ចៅ​អធិការ​វត្ត​​នៅ​ខែត្រ​កណ្ដាល ព្រះ​នាម ជា សុវណ្ណ​ភូមិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ និង​ករណី​តុលាការ​និមន្ត និង​ចោទ​ប្រកាន់​ព្រះ​តេជ​គុណ សៀង សុវណ្ណារា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ជា​ដើម។ តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​លើក​ហេតុ​ផល​ថា សកម្មភាព​បែប​នេះ ជា​រឿង​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្ដីពី​ សិទ្ធិ​ជន​ជាតិ​ដើម។

ទាក់​ទង​ទៅ​និង​បញ្ហា​នេះ បាន​ពន្យល់​ថា សកម្មភាព​របស់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា គឺ​គ្មាន​សកម្មភាព​អ្វី​ក្រៅ​ពី​ធ្វើ​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព និង​ទាមទារ​សិទ្ធិ​កាន់​កាប់​ដី​ស្រែ​ចម្ការ​នៅ​ប្រទេស​វៀតណាម ពី​អាជ្ញាធរ​វៀតណាម​នោះ​ទេ។ ពួក​គាត់​​គ្មាន​បំណង​ណា​មួយ​ធ្វើ​ការ​ប្រឆាំង​និង​រដ្ឋាភិបាល​កម្ពុជា ឬ​រដ្ឋាភិបាល​វៀតណាម​នោះ​ឡើយ ដូច​ជា​ការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ព្រះភិក្ខុ អ៊ាង សុខធឿន កាល​ពី​ឆ្នាំ​២០០៧ នៅ​មុខ​ស្ថាន​ទូត​វៀតណាម​ជា​ដើម ផ្ទុយ​ទៅ​វិញ បែរ​ជា​ព្រះ​អង្គ​ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ​សម្លាប់​ទៅ​វិញ៕ ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី