មន្ត្រីសមាគមខ្មែរកម្ពុជាក្រោម កំពុងទន្ទឹងរង់ចាំ ចម្លើយ ពីស្ថានទូតបារាំង ចំពោះសំណើស្នើសុំឲ្យរដ្ឋាភិបាល បារាំងជួយផ្ដល់ឯកសារ ដែលបារាំងកាត់ទឹកដីកម្ពុជា ក្រោមទៅឲ្យប្រទេសវៀតណាម។
នៅគ្រានាយករដ្ឋមន្ត្រីបារាំង លោក ហ្វ្រង់ស័រ ហ្វីយ៉ុង (Francois Fillon) មកទស្សនកិច្ច២ថ្ងៃនៅកម្ពុជា កាលពីថ្ងៃសៅរ៍ ទី២ ខែកក្កដា លោក យន្ត ថារ៉ូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានថ្លែង ថា សមាគមខ្មែរកម្ពុជាក្រោមចំនួន៩ នៅកម្ពុជាបាននាំ យកញត្តិជូនស្ថានទូតបារាំង ស្នើសុំឲ្យរដ្ឋាភិបាលបារាំងផ្ដល់ឯកសារទាក់ទង នឹងការសម្រេចចិត្តរបស់ បារាំងដែលបានប្រគល់ទឹកដីកម្ពុជាក្រោមទៅវៀតណាមកាលពីឆ្នាំ១៩៤៩។
ទន្ទឹមពេលនេះដែរ លោក យន្ត ថារ៉ូ ដែលជាសមាជិកសភាគណបក្សសមរង្ស៊ីផងនោះ ក៏បានស្នើឲ្យរដ្ឋាភិបាលបារាំងជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់ការរំលោភបំពានលើសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមភាគតិច កំពុងកើតមាននៅទឹកដីកម្ពុជាក្រោមផងដែរ ៖ «ទឹកដីកម្ពុជាក្រោមដ៏ធំល្វឹងល្វើយ ហើយបារាំងបានយកទៅឲ្យវៀតណាមធ្វើអាណានិគមបន្តរហូតមកដល់សព្វថ្ងៃនេះ ធ្វើឲ្យខ្មែរកម្ពុជាក្រោមបាត់បង់នៅអ្វីៗទាំងអស់របស់ខ្លួន។ ដូចជាសិទ្ធិសេរីភាពក្នុងការរស់នៅជាជាតិសាស្ត្ររបស់ខ្មែរត្រូវបានគេរំលាយអក្សរសាស្ត្រ ទំនៀមទម្លាប់ ត្រូវបានគេបំបិទសិទ្ធិសេរីភាពគ្រប់បែបសព្វយ៉ាង ហើយការសិក្សារៀនសូត្រគឺត្រូវបានបិទទាំងស្រុង។ ការគោរពជំនឿសាសនាមានបន្តិចបន្តួចសព្វថ្ងៃ។ ដូច្នេះអ្វីដែលយើងធ្លាប់មានពីមុនដល់ទៅ១០០% ក្រោយពីបារាំងយកទឹកដីប្រគល់ទៅឲ្យវៀតណាមធ្វើអាណានិគមបន្ត យើងនៅសល់តែ ១០ទៅ១៥% ទេសព្វថ្ងៃ»។
ទោះយ៉ាងណា មន្ត្រីសមាគមខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣ ខែកក្កដា មិនមានចម្លើយឆ្លើយតបបែបណាពីស្ថានទូតបារាំងប្រចាំកម្ពុជា ជុំវិញសំណើរបស់សមាគមខ្មែរកម្ពុជានៅឡើយទេ។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីបារាំងនេះ លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីបារាំងមិនមានកម្មវិធីជួបជាមួយមន្ត្រីបក្សប្រឆាំង ឬសង្គមស៊ីវិលនោះទេ ក្រៅពីចូលជួបពិភាក្សាការងារជាមួយប្រមុខដឹកនាំរដ្ឋាភិបាល និងព្រះមហាក្សត្រខ្មែរនោះ ៖ «អ្វីដែលយើងបានដឹងជាផ្លូវការ គឺមានជំនួបទ្វេភាគីជាមួយសម្ដេចតេជោ គាល់ព្រះមហាក្សត្រ និងព្រះវររាជបិតា»។
សមាគមខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា ក្នុងអំឡុងពេលប្រទេសបារាំងបានធ្វើអាណានិគមមកលើទឹកដីកម្ពុជាក្រោមចំនួន ៩០ឆ្នាំ ចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ ក្រោមការគ្រប់គ្រង និងក្រោមអាណានិគមរបស់បារាំងពេលនោះ គឺទឹកដីកម្ពុជាក្រោម នៅមានសាលារៀនតាមភូមិស្រុក និងវត្តអារាម ការគោរពប្រពៃណីទំនៀមទម្លាប់ និងការសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែរ ពង្សាវតារខ្មែរ មានសេរីភាព និងបារាំងថែមទាំងបានជួយបញ្ជូននិស្សិតខ្មែរបានបញ្ចប់ថ្នាក់នៅទឹកដីកូសាំងស៊ីន ឲ្យមកសិក្សាបន្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាថែមទៀត ប៉ុន្តែបច្ចុប្បន្នមិនមាននោះទេ៕ ប្រភពព័ត៌មានៈ វិទ្យុអាស៊ីសេរី