អង្គការសមាគមខ្មែរកម្ពុជាក្រោម បានធ្វើសន្និសីទសារព័ត៌មានដើម្បីឆ្លើយតបទៅនឹងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ពីបញ្ហាភាពស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម ។ ពួកគេនៅតែបន្តទទូចឲ្យរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយបញ្ហាខ្មែរនៅកម្ពុជាក្រោម និងស្នើឲ្យស្ថាប័នមួយនេះឆ្លើយតបមកពួកគេវិញដោយលាយលក្ខណ៍អក្សរ ។

លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៤ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីជាប្រតិកម្មទៅនឹងការឆ្លើយតបរបស់មន្ត្រីក្រសួងការបរទេសកម្ពុជា ដែលបានលើកឡើងថា ខ្មែរក្រោម គឺជាប្រជាពលរដ្ឋវៀតណាម ។
អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៣ បានចូលជួបរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូរិទ្ធិ ដើម្បីធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅឯដែនដីកម្ពុជាក្រោម ។
នៅក្នុងរបាយការណ៍ដាក់ជូនក្រសួងការបរទេស នៅពេលនោះ អង្គការសមាគមខ្មែរកម្ពុជាក្រោម ក៏បានស្នើឲ្យក្រសួងការបរទេសកម្ពុជា ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ព្រមទាំងដោះស្រាយបញ្ហាមួយចំនួនផ្សេងទៀតដែលខ្មែរក្រោមកំពុងជួបប្រទះ ។
ដោយពុំទទួលបានការឆ្លើយតបណាមួយពីក្រសួងការបរទេស នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៣ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានដាក់លិខិតឲ្យក្រសួងការបរទេស ជាថ្មីម្តងទៀត ដើម្បីឲ្យក្រសួងផ្តល់ព័ត៌មានអំពីលទ្ធផលក្រោយជំនួបនោះ ។
ប្រធានការិយាល័យទំនាក់ទំនងរដ្ឋបាល និងហិរញ្ញវត្ថុនៃលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន បានថ្លែងថា មន្ត្រីក្រសួងការបរទេសកម្ពុជា បានទូរស័ព្ទមកអង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៤ ។ មន្ត្រីរូបនោះបានផ្តល់ព័ត៌មានតាមទូរស័ព្ទថា ក្រសួងការបរទេស បានទទួលលិខិតរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម រួចហើយ ហើយក្រសួងការបរទេស សូមឆ្លើយតបវិញថា ខ្មែរក្រោម គឺជាប្រជាពលរដ្ឋវៀតណាម ។
លោក សឺន ជុំជួន៖
«ក្រសួងការបរទេស បានឆ្លើយតបមកអង្គការសមាគមខ្មែរកម្ពុជាក្រោម ថាខ្មែរកម្ពុជាក្រោម នៅឯកម្ពុជាក្រោម គឺជាប្រជាពលរដ្ឋវៀតណាម។ ដូច្នេះ ឋិតក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម អ៊ីចឹងចំណុចនេះហើយដែលធ្វើឲ្យអង្គការសមាគមខ្មែរក្រោម មិនអាចទទួលស្គាល់អ្វីដែលជាចំណុចក្រសួងការបរទេស ឆ្លើយតបមកអង្គការសមាគមខ្មែរកម្ពុជាក្រោម ទេ អ៊ីចឹងលើកនេះ យើងនឹងធ្វើលិខិតឆ្លើយតបមួយទៀតទាក់ទងនូវអ្វីដែលយើងមិនពេញចិត្តហ្នឹង ទៅក្រសួងការបរទេស ដើម្បីឲ្យក្រសួងការបរទេស ឆ្លើយតបមកយើងជាផ្លូវការដោយមានលាយលក្ខណ៍ជាអក្សរត្រឹមត្រូវ ហើយយើងនឹងជម្រាបជូនគាត់បន្ថែមទាក់ទងទៅនឹងផ្លូវច្បាប់ ដែលអះអាងថា ខ្មែរកម្ពុជាក្រោម គឺជាជនជាតិខ្មែរ ហើយនិងជាប្រជាពលរដ្ឋខ្មែរទោះបីរស់នៅឯកម្ពុជាក្រោមក្តី រស់នៅឯសាធារណរដ្ឋសង្គមនិយមវៀតណាម ក្តី» ។
នៅក្នុងលិខិតដែលលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ផ្ញើឲ្យក្រសួងការបរទេសកម្ពុជា ជាលើកទី ៣ ដើម្បីស្នើសុំឲ្យស្ថាប័នរដ្ឋាភិបាលមួយនេះផ្តល់ព័ត៌មានដោយលាយលក្ខណ៍អក្សរជាផ្លូវការ។ អង្គការសមាគមខ្មែរកម្ពុជាក្រោម បានទទួលស្គាល់ថា ពលរដ្ឋខ្មែរក្រោមបច្ចុប្បន្ន គឺជាប្រជាពលរដ្ឋវៀតណាម ពិតប្រាកដមែន ពីព្រោះខ្មែរក្រោមបានកើត និងរស់នៅក្រោមច្បាប់គ្រប់គ្រងរបស់ប្រទេសវៀតណាម។ ប៉ុន្តែ ពួកគេថា ទោះជាយ៉ាងណាក៏ដោយ ខ្មែរក្រោម នៅតែជាជនជាតិខ្មែរដោយមិនអាចប្រកែកបាន ហើយត្រូវឋិតនៅក្រោមការការពារដោយច្បាប់កម្ពុជា ។
រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៣៣ ចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ។ ដោយឡែក ច្បាប់ស្ដីពីសញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣ ចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យោបាយការទូត និងមិនអាចបាត់បង់សញ្ជាតិដោយឯកឯង ។
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អ៊ុច បូរិទ្ធិ បានមានប្រសាសន៍បន្ទាប់ពីលោកបានជួបតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីខែតុលា ឆ្នាំ២០១៣ ថា ប្រទេសវៀតណាម គេមានអធិបតេយ្យភាពរបស់គេ ហើយកម្ពុជា ក៏មានអធិបតេយ្យភាពរបស់ខ្លួនដែរ។ លោកថា ប្រទេសកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍របស់អាស៊ាន ហើយកម្ពុជា ខ្លួនឯងក៏មានគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដែរ ។
ជុំវិញការលើកឡើងនេះ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា លោក តាំង សារៈ ។ លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា លោកទទួលស្គាល់ថា វាអាចមានការពិបាកបន្តិចដែរសម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះស្រាយបញ្ហាខ្មែរនៅកម្ពុជាក្រោម ។ តែលោកថា បើរដ្ឋាភិបាលកម្ពុជា មិនហ៊ានធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម រដ្ឋាភិបាលកម្ពុជា ក៏គួរយកលិខិតរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រគល់ឲ្យរដ្ឋាភិបាលវៀតណាម ដែរ ។
លោក តាំង សារៈ៖
«លិខិតដែលខ្មែរកម្ពុជាក្រោមបានផ្ញើទៅក្រសួងការបរទេស ក៏ដូចជាផ្ញើទៅរាជរដ្ឋាភិបាលជាច្រើនលើកច្រើនសា មានលិខិតខ្លះសុំឲ្យរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ដល់បងប្អូនខ្មែរកម្ពុជាក្រោម ទាំងនោះ បើថាអន្តរាគមន៍មិនបាន អាហ្នឹងក៏ហីចុះ អាហ្នឹងមិនថា តែលិខិតខ្លះ គឺអង្គការសមាគមខ្មែរកម្ពុជាក្រោម ផ្ញើទៅឲ្យរដ្ឋាភិបាលវៀតណាម ទេ តែតាមរយៈក្រសួងការបរទេស ត្រឹមតែប៉ុណ្ណឹង តើក្រសួងការបរទេស អាចជួយផ្ញើផងបានទេ ការដោះស្រាយ គឺនៅលើរដ្ឋាភិបាលវៀតណាម គ្រាន់តែឲ្យក្រសួងការបរទេស ជួយផ្ញើផង»។
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ធ្លាប់បានព្យាយាមយកញត្តិទៅដាក់នៅស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីស្នើឲ្យរដ្ឋាភិបាលវៀតណាម ដោះស្រាយបញ្ហាព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលត្រូវបានតុលាការប្រជាជនវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ តែមន្ត្រីស្ថានទូតវៀតណាម មិនដែលទទួលយកលិខិត ឬញត្តិរបស់ខ្មែរក្រោមឡើយ ។ ពួកគេឲ្យខ្មែរក្រោម យកទៅដាក់នៅក្រសួងការបរទេសកម្ពុជា វិញ ។
ទាក់ទងនឹងបញ្ហាអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងដែលរដ្ឋាភិបាលកម្ពុជា តែងបានលើកឡើងថា ជាឧបសគ្គមិនអាចឲ្យពួកគេធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដោះស្រាយបញ្ហាខ្មែរក្រោមនោះ លោក តាំង សារៈ បានកត់សម្គាល់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានគំនាបផ្នែកនយោបាយពីវៀតណាម ទេនោះ រដ្ឋាភិបាលកម្ពុជា ប្រហែលជាអាចជួយខ្មែរក្រោមបាន។ លោកថា កាលពីសម័យដែលព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលព្រះអង្គដឹកនាំប្រទេសកម្ពុជា ព្រះអង្គតែងបានខ្វាយខ្វល់ និងជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ។
លោក តាំង សារៈ៖
«ចុះម៉េចខ្មែរសម័យមុនគេចេះយោគយល់ខ្មែរកម្ពុជា និងខ្មែរក្រោម បានរដ្ឋាភិបាលដែលក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ កាលដែលព្រះអង្គគង់ព្រះឋានៈជាព្រះប្រមុខរដ្ឋ ព្រះអង្គបានធ្វើអន្តរាគមន៍អំពីរដ្ឋាភិបាលវៀតណាម ខាងត្បូង ដែលបានធ្វើទារុណកម្មជិះជាន់មកលើខ្មែរកម្ពុជាក្រោមនៅលើ វេទិកាអង្គការសហប្រជាជាតិ តើនៅពេលព្រះអង្គធ្វើអន្តរាគមន៍នោះ រដ្ឋាភិបាលព្រះអង្គមានរដ្ឋាភិបាលណាមួយ ឬក៏អង្គការណាមួយមកចាប់ព្រះអង្គ ថាជាឧក្រិដ្ឋជនដែរអត់ទេ អត់មានទេ ហេតុដូច្នេះ ប្រសិនណារដ្ឋាភិបាលសព្វថ្ងៃមានឆន្ទៈដើម្បីជួយដោះទុក្ខដល់ខ្មែរកម្ពុជាក្រោម គឺអាចធ្វើបាន»។
អង្គការសមាគមខ្មែរកម្ពុជាក្រោម បានអះអាងថា ពួកគេនឹងដឹកនាំធ្វើបាតុកម្មក្នុងខែមករា ឆ្នាំ ២០១៤ ។ ហើយគម្រោងនេះ នឹងមិនមានការប្រែប្រួលទេនៅពេលពួកគេមិនទទួលបានការឆ្លើយតបដោយលាយលក្ខណ៍អក្សរ ឬជាផ្លូវការពីក្រសួងការបរទេសកម្ពុជា ហើយប្រសិនបើការឆ្លើយតបនោះអវិជ្ជមាន ៕ RFA