ដោយ សឺង វិចិត្រ l VOKK
ថ្ងៃ ២៥ ខែមករា សមាគមខ្មែរក្រោមដែលមានមូលដ្ឋានប្រចាំនៅប្រទេសកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាមួយ រកដំណោះ ស្រាយក្រោយពីក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបដិសេធសំណើជួយ ធ្វើអន្តរាគមន៍បញ្ហា ខ្មែរ ក្រោមទៅរដ្ឋាភិបាលវៀតណាម ។

ក្នុងលិខិតផ្ញើជូនលោក សឺន យឿង នាយកប្រតិបត្តិការនៃសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ថ្ងៃ ១៧ ខែមករា ឆ្នាំ ២០១៤ ក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិកម្ពុជាបាន បដិសេធសំណើ ជួយធ្វើអន្តរាគមន៍ ទៅរដ្ឋាភិបាល វៀតណាម ពីសមាគមខ្មែរកម្ពុជាក្រោមដោយយកហេតុផលថា ៖
“ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលរស់នៅវៀតណាមជាពលរដ្ឋវៀតណាមស្ថិតក្នុងការគ្រប់គ្រងរបស់ច្បាប់ វៀតណាម ។ កម្ពុជា និង វៀតណាមជាប្រទេសមានអធិបតេយ្យភាពរៀងៗខ្លួន ។ រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត យ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ” ។
សមាគមខ្មែរក្រោម បានលើកឡើងថា ពួកគេមិនអាចទទួលយកបាននូវចម្លើយរបស់ក្រ សួងការបរទេស និង សហប្រតិបត្តិ អន្តរជាតិកម្ពុជាទេ ដែលបានអះអាងថា មិនអាចធ្វើអន្តរាគមន៍ទៅលើបញ្ហាខ្មែរក្រោម ហើយចាត់ទុកថានេះជាទង្វើខ្វះភាព ទទួលខុសត្រូវពីរាជរដ្ឋាភិបាលកម្ពុជា ។
លោក សឺន ជុំជួន នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍បានលើកឡើងថា ៖
“ខ្ញុំទទួលស្គាល់អ្វីដែលជាលិខិតផ្លូវការរបស់ក្រសួងការបរទេសថា ខ្មែរក្រោមនៅឯក្រោម ជាប្រជាពលរដ្ឋរបស់វៀតណាម ប៉ុន្តែ ខ្មែរក្រោមមិនមែនជនជាតិវៀតណាមទេ ខ្មែរក្រោម គឺជាជនជាតិខ្មែរដូច្នេះ វាស្ថិតក្នុងបរិបទច្បាប់គ្រប់គ្រងដោយប្រទេសកម្ពុជាដែរ ។ អ៊ីខ្មែរក្រោម មានបញ្ហាអីរដ្ឋាភិបាលកម្ពុជាត្រូវតែមានការការពារដោយរដ្ឋធម្មនុញ្ញ” ។
ក្រោយពេលបានពិភាក្សា សមាគមខ្មែរក្រោម បានឯកភាពថា នឹងធ្វើញត្តិជូនស្ថានទូតប្រ ទេសនានានៅកម្ពុជាឲ្យជួយ ធ្វើ អន្តរាគមន៍ នឹងរដ្ឋាភិបាលវៀតណាម ។
លោក ថាច់ ឡែន ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមមានប្រសាសន៍ថា ៖
“ទីមួយ យើងសរសេរលិខិតទៅ ក្រសួងការបរទេសដើម្បីអរគុណក្រសួងការបរទេសដែលបានឆ្លើយតប ឲ្យលេខាធិការដ្ឋាន ហើយក៏សូមបដិសេធការឆ្លើយតបរបស់ក្រសួងការបរទេស ហើយទីពីរទៀត នឹងសរសេរញត្តិជូនស្ថានទូតនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យដឹងឮ និងជួយអន្តរាគមន៍”។
កាលថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៤ អង្គការទាំង ១២ របស់ខ្មែរក្រោម ដែលមានមូលដ្ឋាននៅកម្ពុជា បានធ្វើញត្តិជូនស្ថានទូត វៀតណាមប្រចាំនៅទីក្រុងភ្នំពេញទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ ០២ អង្គ និងប្រជាពលរដ្ឋខ្មែរក្រោម ០៧ រូប ត្រូវបានតុលាការកុម្មុយនិស្តវៀតណាម ខេត្តឃ្លាំងចាប់ដាក់ពន្ធនាគារ ប៉ុន្តែស្ថានទូតវៀតណាម មិនបានទទួល ឯក សារនេះទេ ដោយអះអាងថាស្ថិតនៅក្រៅសមត្ថកិច្ចរបស់ខ្លួន ហើយទាមទារឲ្យខ្មែរក្រោមត្រូវរកក្រសួងការបរទេស និង សហ ប្រតិបត្តិកម្ពុជាធ្វើអន្តរាគមន៍ទើបអាចទទួលបានឯកសារទាំងនេះ ៕