​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចោទ​វៀតណាម​ កំពុង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​

​ដោយ សារព័ត៌មាន ព្រៃនគរ​
​ការ​រឹតត្បិត​ផ្នែក​សេរីភាព​ដើរហើរ​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ត្រូវបាន​រំលោភ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ បាន​ជំរុញ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​រៀបចំ​សន្និសីទកាសែត នៅ​ថ្ងៃអាទិត្យ​ទី ២១ មេសា ២០១៣ នៅ​សាលប្រជុំ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខ័​ណ្ឌ​សែន​សុខ រាជធានី   ភ្នំពេញ ។​
​​អង្គ​សន្និសីទ​ផ្តោត​សំខាន់​ទៅលើ​ស្ថានភាព​សេរីភាព​ធ្វើដំណើរ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ទៅលេង​ស្រុកកំណើត ដើម្បី​សួរសុខទុក្ខ​សាច់ញាតិ​ក្រុមគ្រួសារ និង​ចូលរួម​ក្នុង​ពិធីបុណ្យ​ប្រ​ពី​ណី ជាតិ​ផ្សេងៗ មាន​ពិធីបុណ្យ​ចូលឆ្នាំ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ត្រូវបាន​អា​ជ្ញ​ធរ​មូលដ្ឋាន​រឹតត្បិត និង​គំរាមកំហែង ឬ​បង្ខំ​ឲ្យ​ធ្វើ​ភ្នាក់ងារ​សម្ងាត់​ដើម្បី​រាយការណ៍ ពី​ស្ថានភាព​ខ្មែរក្រោម​នៅ​កម្ពុជា ឲ្យ​អាជ្ញាធរ​វៀតណាម ។ សន្និសីទ​នេះ ធ្វើឡើង​បន្ទាប់ពី លោក លី ឈូ​ន ចាងហ្វាង សារព័ត៌មាន ព្រៃនគរ ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា និង​ក្រុមគ្រួសារ ត្រូវបាន​ឆ្មាំ​ព្រំដែន​វៀតណាម​ចាប់ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ព្រំដែន​អស់ ៤៨ ម៉ោង ខណៈដែល​លោក​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​ញាតិ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ កាលពីពេល​កន្លងទៅនេះ ។

សន្និសីទកាសែត របស់អង្គការសមាគមខ្មែរក្រោមនៅភ្នំពេញ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៣ ។
សន្និសីទកាសែត របស់អង្គការសមាគមខ្មែរក្រោមនៅភ្នំពេញ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៣ ។

​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រិះគន់​អាជ្ញាធរ​វៀតណាម ថា​នៅតែ​បន្ត​គាបសង្កត់ និង​បំបិទ​សិទ្ធិសេរីភាព​របស់​ពួកគេ​តាមរយៈ​សកម្មភាព​មួយចំនួន ដូចជា​ការ​រឹបអូស​យក​លិខិតឆ្លងដែន ព្រមទាំង​ចាប់បង្ខំ​ឲ្យ​ធ្វើជា​គិញ​សម្ងាត់ ដើម្បី​រាយការណ៍​អំពី​ស្ថានភាព​ខ្មែរក្រោម ឲ្យ​អាជ្ញាធរ​វៀតណាម ។​
​អង្គការ​សមាគម ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​កម្ពុជា អំពាវនាវ​ជាថ្មីទៀត​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ឈប់​រាល់​ទង្វើ​រំលោភសិទ្ធិ​ខ្មែរក្រោម ខណៈដែល​អ្នកគ្រប់គ្រង​ការផ្សាយ កាសែត ព្រៃនគរ គ្រោង​ដាក់ពាក្យ​បណ្ដឹង ទៅ​អង្គការសហប្រជាជាតិ ស្ដីពី​ការរំលោភ​សិទ្ធិ​របស់​អា​ជ្ញា​ធរ​វៀតណាម ។​
​នាយក​កម្មវិធី សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ និង​ជា​ប្រធាន​បណ្ដាញ យុវជន​ខ្មែរ   កម្ពុជា​ក្រោម លោក សឺ​ន ជុំ​ជួន រៀប រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៧ ខែមេសា ថា ថ្មីៗ​នេះ​មាន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ខ្លះ ក្នុង   ខណៈ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត នៅ​កម្ពុជា​ក្រោម ត្រូវបាន​អាជ្ញាធរ​វៀត   ណា​ម នៅ​ច្រកព្រំដែន​ហាមឃាត់​មិន​ឲ្យ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ខ្លះ​ត្រូវបាន​ឃាត់ខ្លួន​ជាច្រើន​ម៉ោង ត្រូវបាន​ពិន័យ​ជា​ទឹកប្រាក់​ជាច្រើន ត្រូវបាន​ឆែកឆេរ​ឥ​វ៉ាន់​ចាប់​សួរចម្លើយ និង​គំរាមកំហែង​បំភិតបំភ័យ មុននឹង​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ ។​
​លោក សឺ​ន ជុំ​ជួន បន្តថា មាន​ខ្មែរ​កម្ពុជា​ក្រោម​ខ្លះ ពេលទៅដល់​ស្រុក​កំ ណើ​ត​នៅ​កម្ពុជា​ក្រោម ត្រូវបាន​អាជ្ញាធរ​វៀតណាម រឹតត្បិត​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើដំណើរ រួមមាន​ការហៅ​ទៅ​សួរចម្លើយ នៅ​ទីស្នាក់ការ​នគរបាល​ឃុំ ស្រុក និង​ខេត្ត​ជា​ញឹកញាប់ ។ អ្នក     ខ្លះទៀត ត្រូវបាន​គំរាមកំហែង​ដល់​គេហដ្ឋាន​ខ្លះ​ត្រូវបាន​រឹបអូស​យក​លិខិតឆ្លងដែន ព្រមទាំង​ចាប់បង្ខំ​ឲ្យ​ធ្វើជា​គិញ​សម្ងាត់ ដើម្បី​រាយការណ៍​ពី​ស្ថានភាព​ខ្មែរក្រោម ឲ្យ​អាជ្ញាធរ​វៀតណាម ថែមទៀត ។ ករណី​ទាំងនោះ ត្រូវបាន​លោក សឺ​ន ជុំ​ជួន ចាត់ទុកថា​ជាការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ។​
​លោក សឺ​ន ជុំ​ជួន​៖ «​អ្នកខ្លះ​ទៀត​បាន​ទៅដល់​កម្ពុជា​ក្រោម ក៏ត្រូវ​បាន​អាជ្ញាធរ​វៀតណាម គាត់​ហៅ​សួរ​ណែនាំ​មួយចំនួន​ទាក់ទង​អ្វី​ជា​សកម្មភាព​របស់​ខ្មែរក្រោម​នៅ​កម្ពុជា ជា​រឿង​សំខាន់​ដែល​យើង​ចង់​ឲ្យ​បណ្ដាញ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ ឲ្យ​អង្គការ​នានា​ដែល​ទាក់ទង​សិទ្ធិមនុស្ស បាន​ជ្រាប​ពី​ស្ថានភាព នៃ​ការធ្វើដំណើរ​យើង​ទៅ​ស្រុកកំណើត​»​។​
​ដោយ​ឃើញ ការរំលោភ​សិទ្ធិមនុស្ស​បែបនេះ ទើប​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​រៀបចំ​សន្និសីទកាសែត​នៅ​ថ្ងៃទី ២១ ខែមេសា ចុង   សប្ដាហ៍​នេះ​ស្ដីពី “​សេរីភាព​ដើរហើរ​របស់​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ត្រូវ​រំលោភ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​” ដើម្បី​ជាការ​អំពាវនាវ សូម​ឲ្យ​អាជ្ញាធរ​វៀតណាម ត្រូវតែ​បញ្ឈប់ រាល់​ទង្វើ​រំលោភសិទ្ធិ​មនុស្ស​ខ្មែរក្រោម ។​
​ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ចាងហ្វាង កាសែត ព្រៃនគរ លោក លី ឈួន និង​ក្រុមគ្រួសារ​ដែលជា​ខ្មែរក្រោម ត្រូវបាន​អាជ្ញាធរ​វៀតណាម ពិន័យ​ប្រាក់ ៣០ លាន​ដុង ឬ ប្រហាក់ប្រហែល​នឹង ១.៥០០ ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​មាន​សេរីភាព បន្ទាប់ពី​អាជ្ញាធរ​វៀតណាម ចាប់ឃុំខ្លួន​លោក និង​ប្រពន្ធ កូន កាលពី​ថ្ងៃទី ១២ ខែមេសា ដើម្បី​សួរចម្លើយ និង​ឆែកឆេរ​តាំងពី​ក្បាល​ដល់​ចុងជើង​នៅតាម​ព្រំដែន​ដោយ​គ្រាន់ តែ​គ្រួសារ​លោក​មានបំណង ទៅ​ស្រុកកំណើត​ដើម្បី​ជួបជុំ​គ្រួសារ និង​សាច់ញាតិ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។​
​ជុំវិញ​បញ្ហា​នេះដែរ ចាងហ្វាង​កាសែត​ព្រៃនគរ លោក លី ឈួន បញ្ជាក់ថា លោក​នឹងដាក់​ពាក្យបណ្ដឹង​ទៅ​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក និង​អង្គការសហប្រជាជាតិ ស្ដីពី​ការរំលោភ​សិទ្ធិ​ខ្មែរក្រោម របស់​អាជ្ញាធរ​វៀតណាម ក្រោយពី​ធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ ក្រោយពី​សមាគម​ខ្មែរក្រោម​ចេញ​របាយការណ៍ ស្ដីពី​ការរំលោភ​សិទ្ធិ​ខ្មែរក្រោម​ជា​ផ្លូវការ​រួច​៖ «​ខ្ញុំ​ធ្វើ​ពាក្យបណ្ដឹង​ស្ដីពី​សិទ្ធិមនុស្ស​ហ្នឹង គឺ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​វៀតណាម កុំ​គាបសង្កត់​សិទ្ធិសេរីភាព ខ្មែរ​កម្ពុជា​ក្រោម​ខ្លាំងពេក​»​។​
​ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្ស៊ី ដែលជា​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​ស្ថិតនៅ​ភូមិ​ទ្រា ក្នុង​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា ព្រះអង្គ​ត្រូវបាន​អាជ្ញាធរ​វៀតណាម ដកហូត​លិខិតឆ្លងដែន​នៅ​ព្រំដែន តែ​ពេល​តវ៉ា​ខ្លាំង ទើប​ប្រគល់​ឲ្យ​វិញ ។ ពេល​ព្រះអង្គ​ទៅដល់​ស្រុកកំណើត នៅ​ខេត្ត​ឃ្លាំង​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០១៣ នេះ ត្រូវ​នគរបាល​វៀតណាម​មក​និមន្ត​ព្រះអង្គ​ទៅផ្ទះ​មន្ត្រី​ម្នាក់​និង​ចោទសួរ​ជាច្រើន ។ ព្រះតេជព្រះគុណ​បន្តថា​៖« គេ​ប្រាប់​កុំ​ឲ្យ​អាត្មា​ធ្វើ​អី​(​ជំទាស់​វៀតណាម​) តែ​តាមពិត​អាត្មា​គ្រាន់តែ​ទៅធ្វើ​បុណ្យ នៅ​វត្ត​នៅ​កម្ពុជា​ក្រោម​ប៉ុណ្ណោះ ។ គេ​ហាម​អាត្មា​មិន​ឲ្យ​អាត្មា​ចូលរួម​ការងារ ពាក់ព័ន្ធ​ចលនា​ទាមទារ​សិទ្ធិសេរីភាព​ខ្មែរក្រោម ពេលមកដល់​កម្ពុជា​វិញ​» ។​
​ព្រះតេជព្រះគុណ លី ចាន់ នេន និមន្ត​មកពី​ប្រទេស​កាណាដា ដែល​និមន្ត​ទៅលេង​ស្រុកកំណើត នៅ​ខេត្ត​ឃ្លាំង​កាលពី​ខែកុម្ភៈ មិន​ត្រូវបាន​រដ្ឋការ​វៀតណាម​អនុញ្ញាត​ឲ្យ​ចូលទៅ​ឡើយ​។ ព្រះអង្គ មាន​សង្ឃដីកា​ថា​ព្រះអង្គ​នឹងដាក់​ពាក្យបណ្តឹង ទៅគ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ស្តី​បញ្ហា​ខាងលើនេះ ។​
​លោក គឹម ស៊ីសំ​ណា លេខាធិការ​នៃ​លេខាធិការដ្ឋាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម (KKKHRDA) ឲ្យ​ដឹងថា ករណី​ខាងលើនេះ គឺ​គ្រាន់តែ​ជា​ករណីខ្លះ​ដែល​អាជ្ញាធរ​វៀតណាម​បាន​ធ្វើទុក្ខបុកម្នេញ ក្នុងការ​បំបិទ​សិទ្ធិសេរីភាព​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ។ លោក​កត់សម្គាល់ថា​៖ «​យើង​ឃើញថា​វៀតណាម​ធ្វើ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​មកលើ​ខ្មែរ​កម្ពុជា​ក្រោម ។ នេះ​គឺ​បំពាន​នឹង​សេចក្តីថ្លែងការណ៍​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស និង​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម​ភាគតិច​ដែល​វៀតណាម​ក៏​ជា​ហត្ថលេខី​ដែរ​» ។​
​លោក​បាន​បន្តទៀតថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​សរសេរ​របាយការណ៍ ស្តីពី​ទង្វើ​រំលោភបំពាន​ច្បាប់​របស់​វៀតណាម​នេះ ផ្ញើ​ជូនទៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​សហគមន៍​អន្តរជាតិ ឲ្យ​ជួយ​ធ្វើ​អន្តរា គម​ន៍​លើ​ការរំលោភបំពាន​នេះ ។​
​កាលពី​ខែមីនា​កន្លងទៅនេះ​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ជា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ដែលមាន​ដើមកំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន​ជាច្រើន​ម៉ោង រួច​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ ៕