ក្មេងចែកផ្សាយសារព័ត៌មានព្រៃនគរម្នាក់ ត្រូវបានអាជ្ញាធរនគរបាលឃាត់ខ្លួនសួរនាំមួយរយៈពេលខ្លី មុននឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១០។
ចាងហ្វាងការផ្សាយនៃសារព័ត៌មានព្រៃនគរ លោក លី ឈូន ថ្លែងឲ្យដឹងនៅថ្ងៃទី៦ មេសា ថា ការឃាត់ខ្លួនក្មេងចែកចាយកាសែតម្នាក់នោះ បានកើតឡើងដោយសារតែគាត់បានចែកផ្សាយសារព័ត៌មានព្រៃនគររហូតដល់ ម៉ោង ៧យប់។
លោកមានប្រសាសន៍បន្ថែមថា ៖ «ក្មេងហ្នឹងគឺខាងបណ្ដាញសារព័ត៌មាន ខ្ញុំ ឱ្យផ្សព្វផ្សាយសារព័ត៌មានព្រៃនគរ។ កាសែតដែលខ្ញុំបានបោះទៅតាមតូច តាមទីផ្សារហើយវានៅសល់ អ៊ីចឹងឲ្យក្មេងផ្សព្វផ្សាយដើម្បីឲ្យកម្រៃវាសម្រាប់រៀនសូត្រ។ ផ្សព្វផ្សាយរហូតដល់ម៉ោង ៧យប់ សមត្ថកិច្ចឃើញអ៊ីចឹងក៏បានចាប់ក្មេងហ្នឹងទៅ…»។
ទាក់ទងនឹងបញ្ហានេះ អធិការរងនគរបាលខណ្ឌដូនពេញ លោក ព្រាប បូរី បានបញ្ជាក់អំពីហេតុការណ៍នោះថា ពិតជាកើតមានមែនដោយសារការយល់ច្រឡំបន្តិចបន្តួច ព្រោះតែសារព័ត៌មាននោះត្រូវចែកពេលយប់ ហើយធ្វើឱ្យនគរបាលមិនអាចយល់បានថា ការផ្សព្វផ្សាយនោះជាការផ្សព្វផ្សាយព័ត៌មានស្របច្បាប់ ឬយ៉ាងណានោះទេ។
លោក ព្រាប បូរី បានបញ្ជាក់ដូច្នេះ ៖ «គ្រាន់តែចង់ដឹងប្រភពដើមចេញពីណាតែប៉ុណ្ណឹង។ ក្រោយពេលយើងដឹងការពិតទៅ យើងអត់មានធ្វើអីទេ»។
លោក លី ឈូន ចាងហ្វាងការផ្សាយសារព័ត៌មានព្រៃនគរ ថ្លែងថា ការពិតលោកមិនបានចាត់តាំងឱ្យក្មេងៗចែកផ្សាយសារព័ត៌មានព្រៃនគរ ពេលយប់ទេ ក៏ប៉ុន្តែបញ្ហានេះគឺបណ្ដាលមកពីការជ្រុលពេលវេលារបស់ក្មេងៗទាំង នោះ។ លោក លី ឈូន មានចម្ងល់ថា បើទោះជាការចែកចាយសារព័ត៌មានពេលយប់ដូច្នេះ តើមានការប៉ះពាល់ច្បាប់ ឬសន្តិសុខរបស់ប្រទេសកម្រិតណា?
លោក ព្រាប បូរី អធិការរងនគរបាលខណ្ឌដូនពេញ មានប្រសាសន៍ថា ជាធម្មតាការធ្វើអាជីវកម្មបោះពុម្ពផ្សាយ គឺត្រូវមានទីស្នាក់ការ និងកន្លែងលក់ដូរណាមួយ ក៏ប៉ុន្តែបញ្ហាកើតឡើងនេះ គឺបណ្ដាលមកពីការងឿងឆ្ងល់របស់សមត្ថកិច្ចនគរបាល ព្រោះតែសារព័ត៌មានព្រៃនគរត្រូវបានចែកចាយនៅតាមដងផ្លូវនៅពេលយប់។
លោក លី ឈូន ត្រូវបានអាជ្ញាធរនគរបាលផ្ដល់ហេតុផលដែរថា បញ្ហានេះមកពីការបារម្ភរបស់សមត្ថកិច្ច ខ្លាចជនខិលខូចមួយចំនួនឆ្លៀតឱកាសបាចខិត្តប័ណ្ណផ្សេងៗ។ លោកមានប្រសាសន៍ថា ទីស្នាក់ការសារព័ត៌មានរបស់លោកមានទីតាំងនៅសង្កាត់ស្ទឹងមានជ័យ ហើយអាជ្ញាធរមិនបានឆែកឆេរអ្វីទេ។
សារព័ត៌មានព្រៃនគរ ជាសារព័ត៌មានភាសាខ្មែរ ហើយមានផ្សាយដំណឹងមួយចំនួនទាក់ទងជាមួយដែនដីខ្មែរកម្ពុជាក្រោម ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម៕
ប្រភពពីវិទ្យុអាស៊ីសេរី.