កំពង់ស្ពាន ព្រះត្រពាំង ៖ សមណសិស្សខ្មែរក្រោម នៃសាលាពុទ្ធិកអនុវិទ្យាល័យទី ១ ដល់ទី ៣ នៃស្រុក កំពង់ស្ពាន ខេត្តព្រះត្រពាំង ដែលបានសិក្សា នៅតាម វត្តអារាមនានា ក្នុងស្រុកមួយនេះ និងគណៈមេប្រ យោគ គ្រូបង្រៀន គណៈកម្មការវត្ត បានមកជួបជុំគ្នា នៅវត្តមហាពោធិវ័ន (តាថៀវ) ឋិតនៅក្នុងទីរួមស្រុក កំពង់ស្ពាន ដើម្បីចូលរួម ក្នុងកម្មវិធីប្រឡងរួមបញ្ចប់ ថ្នាក់ទូទាំងស្រុក រយៈពេល ៣ ថ្ងៃ គឺចាប់ ពីថ្ងៃអង្គារ៍ ៩ រោច ដល់ ថ្ងៃព្រហស្បតិ៍ ១១ រោច ខែបុស្ស ឆ្នាំ ថោះត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមករា គ. ស. ២០១២ នេះ ក្រោមការចាត់ តាំងរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកំពង់ស្ពាន ។
ប្រភពព័ត៌មានពីគណៈកម្មការនៃកម្មវិធីប្រឡងផ្នែកពុទ្ធិកសិក្សាមួយនេះ បានប្រាប់ សារព័ត៌មាន ព្រៃនគរ នៅថ្ងៃ ទី ១៩ ខែមករា នេះ ថា សមណសិស្សទាំង ៣ ថ្នាក់ ដែលបានចូលប្រឡងរួមបញ្ចប់ថ្នាក់ឆ្នាំសិក្សាពុទ្ធសករាជ ២៥៥៥ នេះ មានទាំងអស់ ចំនួន ២៣៦ អង្គ និង រូបក្នុងនោះមានកុមារា កុមារី ផងដែរ ហើយ គណៈកម្មការប្រឡង ដែលបាននិមន្តនិងអញ្ជើញមកពីវត្តនានា ដើម្បីកែវិញ្ញាសានិងសម្រេចលទ្ធផលមាន ប្រមាណជិត ២០០ អង្គ និង រូប ។ ប្រភពដដែលបានឲ្យដឹងថា សមណសិស្សថ្នាក់ពុទ្ធិកអនុវិទ្យាល័យទី ១ មានចំនួន ១០៦ អង្គនិមន្តមកពី វត្តចំនួន ៦ , ថ្នាក់ទី ២ មាន ៧០ អង្គ មកពីវត្តចំនួន ៤ និង ថ្នាក់ ទី ៣ មាន ៦០ អង្គមកពីវត្តចំនួន ៣ ។ ចំពោះវិញ្ញាសាដែលសមណសិស្សបានសិក្សានៅក្នុងថ្នាក់និមួយៗ ហើយបាន លើកយកមកប្រឡងនោះ មានចំនួន ១៣ គឺ សរសេរតាមអានខ្មែរ គណិតវិទ្យា អង់គ្លេស វេយ្យាករណ៍ បាលី តែងសេចក្ដីខ្មែរ ធម្មវិភាគ អធិប្បាយគាថា សាមណេរវិន័យ អនុ ពុទ្ធប្បវត្តិ វេយ្យាករណ៍ខ្មែរ ឧភយពាក្យ វៀតណាម-ខ្មែរ ពុទ្ធប្រវត្តិ និង ប្រែលោតប្រ យោគធម្មបទដ្ឋកថា ។ កម្មវិធីប្រឡងនេះ នឹងប្រកាសលទ្ធផល និងមានប្រគេនរង្វាន់លើកទឹកចិត្តដល់ សមណសិស្សពីគណៈកម្មការប្រឡងនៅរាត្រីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១២នេះ ឋិតនៅក្នុងមន្ទីរប្រឡងវត្តមហាពោធិវ័ន(តាថៀវ)។ គណៈកម្មការប្រឡងបានឲ្យដឹងថា រយៈពេល ៣ ថ្ងៃដែលព្រះសង្ឃកំពុងប្រឡងនេះ មានពុទ្ធបរិស័ទខ្មែរក្រោម នៅចំណុះជើងវត្តនានា ក្នុងស្រុកបានចូលមក ចុះឈ្មោះធ្វើជារង្វាន់ទៅតាមលេខរៀង ពីលេខ ១ ដល់លេខចុងបញ្ចប់ ដើម្បីឡើងវេទិកាប្រគេនសមណសិស្ស នៅរាត្រីថ្ងៃទី ១៩ ខែមករា នេះ ។
សូមបញ្ជាក់ថា ការរៀនផ្នែកពុទ្ធិកសិក្សារបស់ព្រះសង្ឃខ្មែរក្រោម នៅខេត្តព្រះត្រពាំង បច្ចុប្បន្នមានត្រឹមតែ កម្រិតវិទ្យាល័យមធ្យមសិក្សាទុតិយភូមិ ប៉ុណ្ណោះ និងក្រោយពីបានប្រឡងបញ្ចប់ការសិក្សា លាលាគណខេត្ត ព្រះត្រពាំងនឹងចេញសញ្ញាប័ត្រពុទ្ធក វិទ្យាល័យ ជូនដល់សមណសិស្ស តែសមមូលមិនត្រូវបានទទួលស្គាល់ពី ក្រសួងអប់រំ វៀតណាមឡើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺសញ្ញាប័ត្រពុទ្ធិកវិទ្យាល័យនេះ ត្រូវបាន ទទួលស្គាល់ និងអនុញ្ញាតឲ្យព្រះសង្ឃខ្មែរក្រោមចូលបន្តការសិក្សានៅសកល វិទ្យាល័យផ្នែកពុទ្ធចក្រនានា ក្នុងប្រទេសថៃ តែសម្រាប់កម្ពុជាវិញជាប្រទេសមួយ ដែលពលរដ្ឋខ្មែរក្រោម ចាត់ទុកថាជាប្រទេសរបស់ខ្លួន ដែរនោះ មិនត្រូវបានក្រសួង អប់រំខ្មែរទទួលស្គាល់សញ្ញាប័ត្រពុទ្ធកវិទ្យាល័យនៃខេត្តព្រះត្រពាំងនេះឡើយ៕ ប្រភព៖ សារព័ត៌មាន ព្រៃនគរ