សមណនិស្សិតខ្មែរក្រោម ៣២ អង្គ ទទួលសញ្ញាប័ត្រនៅថៃ

អាយុធ្យា, ប្រទេសថៃ៖ សមណនិស្សិតខ្មែរក្រោមចំនួន ៣២ អង្គបានទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញា និង អនុបណ្ឌិត ពីសកលវិទ្យាល័យ មហាចុឡាឡុងករណ៍ រាជវិទ្យាល័យ ក្នុងពិធីប្រទាន និងជូនសញ្ញាប័ត្រ ដល់និស្សិតចំនួន ៣.៦៧៤ អង្គ និង រូប នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១២ នេះ ដែល បានរៀបចំឡើង នៅមជ្ឈមណ្ឌលមហាវិទ្យាល័យ មួយនេះ នៅក្នុងខេត្តអាយុធ្យា ។

ព្រះតេជព្រះគុណ ថាច់ តារា ប្រធានមូលនិធិព្រះពុទ្ធសាសនាថេរវាទខ្មែរនៅវៀតណាមខាងត្បូង បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថ្ងៃនេះថា និស្សិតខ្មែរក្រោមដែលនិមន្តមកពីកម្ពុជាក្រោម  [កាន់ លិខិតឆ្លងដែនវៀតណាម] និងទាំងមកពីកម្ពុជា (កាន់លិខិតឆ្លងដែនខ្មែរ) ឆ្នាំនេះ បានទទូលសញ្ញា ប័ត្របរិញ្ញាប័ត្រចំនួន ៣១ អង្គ និង អនុបណ្ឌិត ១ អង្គ ក្រោយពីសមណនិស្សិតទាំងនេះ បានបញ្ចប់ ការសិក្សាថ្នាក់ទាំងនេះ នៅក្នុងមហាវិទ្យាល័យ មហាចុឡាឡុងករណ៍រាជវិទ្យាល័យ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ពិធីប្រទានសញ្ញាប័ត្រនេះថា ពិធីប្រទានសញ្ញាប័ត្រឆ្នាំនេះ និស្សិតទាំង ព្រះសង្ឃ និងគ្រហស្ថនៃមហាវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ មានចំនួន ៣.៦៧៤ អង្គ និងរូប ក្នុងនោះ មាននិស្សិត ដែលបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជំនាន់ទី ៥៧ [ពុទ្ធ សាស្ត្របណ្ឌិត ] , អនុបណ្ឌិត ជំនាន់ទី ២២ [ពុទ្ធសាស្ត្រមហាបណ្ឌិត] និង បណ្ឌិតជំនាន់ទី ៨ [ពុទ្ធ សាស្ត្រទ្រឹស្តីបណ្ឌិត] ។ និស្សិតទាំងនេះរួមមាន ជនជាតិថៃ និងបរទេសដែលបានសិក្សានៅមជ្ឈម ណ្ឌលមហាវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ ដែលមានទីតាំងនៅក្នុងខេត្តអយុធ្យា និងនៅតាមសាខានានាទូទាំងប្រទេសថៃ ព្រមទាំងសាខា នៅក្រៅប្រទេស មួយចំនួន ដូចជា តៃ វ៉ាន់, កូរ៉េ , ជប៉ុន , សិង្ហបុរី និង ស្រីលង្កា ជាដើម ។

ពិធីប្រទានសញ្ញាប័ត្រនេះ មានមនុស្សចូលរួមយ៉ាងច្រើនកុះករ ដោយមានចាត់តាំងកម្មវិធីលេងកម្សាន្ត តាំង ពិព័រណ៍ អំពីវប្បធម៌សិល្បៈរបស់ជនជាតិមកខេត្តនីមួយៗនៅក្នុងប្រទេសថៃផងដែរ ។ ការតាំងពិព័រណ៍នេះ  ក្រុមខ្មែរមកពីខេត្តបុរីរម្យ , ស្រីល្លាកេត (ស៊ីសាកេត)  និងសុរិន្ទ្រ ក៏ត្រូវបាន មហាវិទ្យាល័យមួយនេះ អនុញ្ញាត ឲ្យមកសម្តែងអំពីវប្បធម៌របស់ខ្លួនផងដែរ ៕  ប្រភពព័ត៌មាន៖ សារព័ត៌មាន ព្រៃនគរ

សមណនិស្សិតខ្មែរក្រោមថតរូបរូបអនុស្សាវរីយ៍ ។ រូបថត៖ សារព័ត៌មាន ព្រៃនគរ
សមណនិស្សិតខ្មែរក្រោមថតរូបរូបអនុស្សាវរីយ៍ ។ រូបថត៖ សារព័ត៌មាន ព្រៃនគរ

និស្សិតថតរូបរូបអនុស្សាវរីយ៍ ។ រូបថត៖ សារព័ត៌មាន ព្រៃនគរ
ក្រុមបច្ចេកទេសថតរូបកំពុងតែរៀបចំការថតរូប ។ រូបថត៖ សារព័ត៌មាន ព្រៃនគរ


ខាងក្រោមជាក្រុមខ្មែរមកពីខេត្តបុរីរម្យសម្ដែងសិល្បៈក្នុងសកលវិទ្យាល័យមហាចុឡាឡុង
ករណ៍រាជវិទ្យាល័យថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១២ ។ រូបថត៖ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ