ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
មូលនិធិពុទ្ធកៈសិក្សាខ្មែរថេរវាទវៀតណាមខាងត្បូង នឹងប្រារព្ធពិធីជួបជុំសមណនិស្សិតខ្មែរក្រោម ដើម្បីប្រារព្ធ ពិធីអំណរបុណ្យសែនដូនតា ឬ ពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃអាទិត្យ ទី ៧ ខែតុលា ខាងមុខ នេះ នៅទីក្រុងបឹងកក់ ប្រទេសថៃ ។
ព្រះតេជព្រះគុណ ថាច់ តារា ប្រធានមូលនិធិពុទ្ធកៈសិក្សាខ្មែរថេរវាទវៀតណាមខាងត្បូង ដែលមានមូលដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ បានប្រាប់ សារព័ត៌មាន ព្រៃនគរ នៅថ្ងៃទី ០៥ ខែតុលា នេះ ថា កម្មវិធីបុណ្យ នេះ ប្រាព្ធនៅវត្តត្លុំច្រាញ ខេត្តផាស៊ីច្រើន ទីក្រុងបឹងកក់ ដោយព្រះអង្គរំពឹងថា នឹងមានព្រះសង្ឃខ្មែរក្រោម ជាសមណនិស្សិតនៅប្រទេសថៃ និង ពុទ្ធបរិស័ទខ្មែរ និង ថៃចូលរួមប្រ មាណ ៦០០ អង្គ និងរូប ។
ព្រះតេជព្រះគុណ ថាច់ តារា បានមានថេរដីកាប្រាប់ពីមូលហេតុនៃការប្រារព្ធពិធីបុណ្យនេះថា ដើម្បីឧទ្ទិស កុសល ដល់ញាតិសន្ដានជាបុព្វការីជន និងវីរជនខ្មែរគ្រប់ជំនាន់ដែលបានលាលោក នេះទៅដើម្បីបុព្វហេតុ ជាតិ និងសាសនា ។
សូមបញ្ជាក់ថា មូលនិធិពុទ្ធកៈសិក្សាខ្មែរថេរវាទវៀតណាមខាងត្បូង គឺជាក្រុមមួយត្រូវបានបង្កើតឡើង ដោយ សមណនិស្សិតខ្មែរក្រោមនិមន្តចេញមកពីដែនដីកម្ពុជាក្រោម ដើម្បីសិក្សាមហាវិទ្យា ល័យនានាក្នុងប្រទេសថៃ ។ មូលនិធិនេះ បច្ចុប្បន្ន ជាសមាជិកផ្លូវការស្របតាមលក្ខន្តិកៈ របស់ សកលវិទ្យាល័យមហាចុឡាលង់ករណ៍ រាជវិទ្យាល័យ ថា និស្សិតបរទេសទាំងអស់ដែលកំពុង សិក្សានៅសកលវិទ្យាល័យនេះ ចាប់ពីពីររួបឡើងទៅ ត្រូវមានជុំរុំ ឬ ក្រុមនិស្សិត ដើម្បីងាយស្រួល ទំនាក់ទំនងរវាងសាលានិងនិស្សិត ។
ពិធីបុណ្យភ្ជុំបិណ្ឌ ដែលពលរដ្ឋខ្មែរក្រោម ហៅថា បុណ្យសែនតា នោះ នឹងចូលបុណ្យនៅថ្ងៃចន្ទ ១៥ រោច ខែភទ្របទ ឆ្នាំ រោងចត្វាស័ក ព. ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ ។ពិធី បុណ្យនេះ ត្រូវបានពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ប្រាព្ធពិធីកាន់បិណ្ឌ ១៤ ថ្ងៃ ដោយដាក់វេន យកចង្ហាន់ទៅថ្វាយ ព្រះសង្ឃ នៅតាមវត្តអារាមនានាជារៀងរាល់ឆ្នាំតាមប្រពៃណីជាតិនិងសានា ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានធ្វើកាលកិរិយាទៅកាន់បរលោកហើយ ៕