ដោយ សឺង ថាយ ធន l VOKK
នៅថ្ងៃពេញបូណ៌មី ខែកត្តិក ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹង ថ្ងៃសៅរ៍ ទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ សមណនិស្សិតខ្មែរក្រោម ដែលកំពុងសិក្សាក្នុងប្រទេសថៃ បានចាត់តាំងពិធីបុណ្យអកអំបុក លយប្រទីបសំពះព្រះខែ នាសកលវិទ្យាល័យ មហាចុឡាឡុងករណ៍រាជវិទ្យាល័យ ចាប់តាំងពីម៉ោង ៥ ល្ងាច ដោយមានការចូលរួមពីតំណាងសកលវិទ្យាល័យ សមណនិស្សិត សិស្សានុសិស្ស ពលរដ្ឋខ្មែរក្រោម និងថៃ ប្រមាណជាង ២០០អង្គ-រូប ក្រោមប្រធានបទបណ្ដែតប្រទីបអាស៊ាន ។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីដោយដង្ហែប្រទីបប្រទក្សិណជុំវិញស្រះ បួងសួងសុំសេចក្ដីសុខតាមទំនៀមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។
បន្ទាប់ពីប្រទីបបានតម្កល់នៅលើទីវេទិកា អ្នកចូលរួមបានចាត់តាំងប្រារព្ធកម្មវិធីទៅតាមកិច្ចនិយមព្រះពុទ្ធសាសនា មាននមស្ការព្រះរតនត្រ័យ សមាទានសីល និងអារាធនាព្រះសង្ឃចំរើនព្រះបរិត្ត ជាដើម ។
ព្រះតេជព្រះគុណ ត្រឹង វ៉ាំង ដង ប្រធានតំណាងនិស្សិតខ្មែរក្រោម ឈ្មោះមូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទវៀតណាមខាងត្បូង មានថេរដីកាអំពីប្រវត្តិ នៃពិធីបុណ្យអកអំបុក សំពះព្រះខែ និង លយប្រទីប ថា ៖
“ប្រារព្ធចំពោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលព្រះអង្គបាននិមន្តទៅឆ្នេរស្ទឹងនម្មទា មានស្ដេចនាគបានអារាធនាព្រះអង្គនិមន្តទៅភពនាគ ដូច្នេះពេលដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលបានទទួលអារាធនារបស់ស្ដេចនាគ ពេលដែលព្រះអង្គនិមន្តត្រឡប់មកវិញ ស្ដេចនាគក៌បានសុំស្នើដល់ព្រះសម្មាសម្ពុទ្ធថា ចង់បានសក្ការបូជាចាកអំពីព្រះសម្មាសម្ពុទ្ធ បើព្រះអង្គនិមន្តទៅហើយអត់មានអីធ្វើសក្ការបូជា ទើបព្រះអង្គប្រថាប់នូវព្រះបាទគឺជើងនៅឆ្នេរស្ទឹងនម្មទា ដើម្បីជាទីសក្ការះដល់ស្ដេចនាគ” ។
មុនបញ្ចប់កម្មវិធី បានរៀបចំគ្រឿងសក្ការបូជាថ្វាយព្រះខែមាន អំបុក ចេក ដូង ដំឡូងត្រាវ រួចធ្វើពិធីអកអំបុកដល់កុមារា កុមារី បង្ហោះគោម លយប្រទីបជាកិច្ចបញ្ចប់កម្មវិធីបុណ្យ ។
សូមបញ្ជាក់ថា នេះជាលើកទីមួយដែលព្រះសង្ឃសមណនិស្សិតខ្មែរក្រោម បានចូលរួមរៀបចំប្រារព្ធពិធីបុណ្យអកអំបុក លយប្រទីប និងសំពះព្រះខែជាមួយគណៈកម្មការចាត់តាំងបុណ្យរបស់សកលវិទ្យាល័យ មហាចុឡាឡុងករណ៍រាជវិទ្យាល័យ ដោយអនុញ្ញាតឲ្យប្រារព្ធទៅតាមទំនៀមទម្លាប់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។
នៅកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ២០០៩ មក ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមិនមានសិទ្ធិធ្វើពិធីបង្ហោះគោមទេ ព្រោះ លោក នាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តឹង យ៉ុង បានចេញសម្រេចមួយចុះ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ បានហាមពលរដ្ឋវៀតណាមទូទាំងប្រទេស បង្ហោះគោមគ្រប់រូបភាពតាមអ្វីមួយដែលលោកលើកឡើងថា ដើម្បីបង្ការគ្រោះអគ្គិភ័យ ។ ក្រោយពីសេចក្ដីសម្រេចនេះចេញមក ព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោមបានអះ អាងថា រដ្ឋាភិ បាលធ្វើនេះក្នុងគោលលុប បំបាត់ប្រពៃណីបង្ហោះគោមរបស់ពួកគេ ដែលធ្លាប់មានតាំងពីបុរាណកាលមក នៅដែនដីកម្ពុជាក្រោម ។
ទោះបីនាយកដ្ឋមន្ត្រីវៀតណាមហាមបង្ហោះគោមយ៉ាងនេះក្ដី តែឆ្នាំនេះនៅយប់ថ្ងៃ ១៥ កើតខែកត្តិក ក្នុងកម្មវិធី អកអំបុកដែលប្រារព្ធនៅតាមវត្តអារាមនានា នៅដែនដីកម្ពុជាក្រោម គេក៏សង្កេតឃើញព្រះសង្ឃនៅតែបង្ហោះគោមដដែល ក្នុងនោះ មានវត្តអូរត្រាវ នៃស្រុកកញ្ចោង ខេត្តព្រះត្រពាំង ជាដើម ។ ការព្យាយាមបង្ហោះគោមទាំង បំពានលើសេចក្ដីសម្រេចរបស់នាយករថដ្ឋមន្ត្រីវៀតណាមបែបនេះ មកដល់ពេលនេះ គេនៅមិនទាន់ឃើញរដ្ឋាភិបាលវៀតណាមចាត់វិធានការតាមផ្លូវច្បាប់លើព្រះសង្ឃដែលបានបង្ហោះគោមនៅឡើយ ។
នៅក្នុងប្រទេសថៃ ជាពិសេស នៅខេត្តឈាងហ្មៃ និងឈាងរ៉ៃ ពលរដ្ឋថៃបានធ្វើពិធីបង្ហោះគោមនៅក្នុងរដូវកឋិន នៅតាមវត្តអារាមនានា ដូចពលរដ្ឋខ្មែរក្រោមដែរ និងជាពិសេស គោមត្រូវបានគេផលិតហើយដាក់នៅតាមទីផ្សារសម្រាប់ពលរដ្ឋទិញយកទៅបង្ហោះទៀតផង តែមិនត្រូវបានរដ្ឋាភិបាលប្រទេសថៃហាមឃាត់ឡើយ ៕
ខាងក្រោមជារូបថតនៃពិធីបុណ្យអកអំបុករបស់សមណនិស្សិតខ្មែរក្រោមនៅសកលវិទ្យាល័យមហាចុឡាលុងករណ៍រាជវិទ្យាល័យ យប់ថ្ងៃពេញបូណ៌មី ខែកត្តិក ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹង ថ្ងៃសៅរ៍ ទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៤៖