សមណនិស្សិតខ្មែរក្រោម ៤ អង្គតំណាងឲ្យសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមាន មូលដ្ឋាននៅទីក្រុងភ្នំពេញ នៅថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅនេះ បាននាំយកអំណោយរបស់សប្បុរជនខ្មែរ នៅរដ្ឋ Colorado និង អាយអូវ៉ា (Iowa) សហ រដ្ឋអាមេរិក ទៅចែកដល់ ជនរងគ្រោះដោយទឹកជំនន់ ចំនូន ៨៥ គ្រួសារ នៅភូមិគីឡូម៉ែត្រ លេខ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ព្រះតេជព្រះគុណ យឿង តារា ប្រធានសម្ព័ន្ធសមណនិស្សិត – និស្សិតខ្មែរកម្ពុជាក្រោម បានប្រាប់វិទ្យុ សំឡេងកម្ពុជាក្រោមថា ចំនួនថវិកាដែលព្រះអង្គបានមកពីសប្បុរសជននៃរដ្ឋទាំងពីរខាងលើតាម រយៈ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា នោះ មានចំនួន ១.៣២០ ដូល្លារ សហរដ្ឋអាមេរិក ។ ថវិកាទាំងនេះ ព្រះអង្គបានបែងចែកទិញនូវរបស់របរជាអំណោយចែកដល់ជនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម, មីមួយកេស, ទឹកស៊ីអីវ ២ ដប, ត្រីខកំប៉ុង ២ កំប៉ុង និងអំបិល ១ ថង់ ។
ព្រះតេជព្រះគុណ យឿង តារា បានបន្តទៀតថា បច្ចុប្បន្ន នៅតំបន់ដែលព្រះអង្គទៅចែកនោះ ទឹកបានចុះ អស់ហើយ តែផលប៉ះពាល់ពីទឹកជំនន់នាពេលកន្លងមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងនេះ មានការ លំបាកយ៉ាងខ្លាំង ៕