សភាសហរដ្ឋអាមេរិកធ្វើសន្និសីទកាសែតស្តីពីបញ្ហាសិទ្ធិមនុស្សនៅក្នុងស្រុកយួន

ដោយៈ ចៅ មុនីខេមរា
ថ្មីៗ នេះក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលយកចិត្តទុកដាក់រឿងប្រទេសវៀតណាម រំលោភសិទ្ធិមនុស្ស និងសេរីភាពជំនឿសាសនា បានជួបប្រជុំគ្នាក្នុងរដ្ឋសភាសរសេរលិខិតមួយផ្ញើជូនទៅប្រធានរដ្ឋកុម្មុយនិស្តយួន ឈ្មោះ ង្វៀង
មិញទ្រៀត សំណូមពរឲ្យប្រទេសកុម្មុយនិស្តផ្តាច់ការមួយនេះធ្វើការដោះលែងអ្នកទោសនយោបាយ និងសាសនា នៅថ្ងៃទី២ ខែកញ្ញា ត្រូវនឹងថ្ងៃបុណ្យជាតិយួនខាងមុខនេះ ។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី៣០ ខែកក្កដា តំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Loretta Sanchez នៅតែប្រកាន់ជំហររបស់ខ្លួនដោយលើកឡើងថា នៅតែមានករណីខ្វះសេរីភាពសាសនា និងសេរីភាពបញ្ចេញមតិនៅវៀតណាម ហើយលោកស្រីបានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិករឹតបន្តឹងក្រុងហាណូយ ដើម្បីកុំឲ្យក្រុងហាណូយបដិសេធន៍សិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋ ។
នៅក្នុងលិខិតមួយផ្ញើជូនលោក ង្វៀង មិញទ្រៀត ក្រុមតំណាងរាស្រ្តសភាអាមេរិក បានដាក់បញ្ចូននៅបញ្ជីឈ្មោះអ្នកទោសនយោបាយជាង១០០នាក់ ដែលត្រូវបានរដ្ឋាភិបាលកុម្មុយនិស្តយួនចាប់ដាក់គុក ក្រោយពីពួកគេក្រោកឡើងតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសេរីភាពជំនឿសាសនានៅវៀតណាម ។ ក្នុងបញ្ជីឈ្មោះ និងលិខិតផ្ញើជូនប្រធានរដ្ឋកុម្មុយនិស្តយួន ក្រៅពីឈ្មោះក្រុមអ្នកនយោបាយមួយចំនួនដូចជាលោក ង្វៀង វ៉ាំងលី គេនៅឃើញមានឈ្មោះក្រុមជនជាតិភាគតិចកុលសម្ព័ន្ធភ្នំម៉ុងតាញារាប់សិបនាក់ នៅតំបន់ខ្ពង់រាប នៅដែលត្រូវបានរដ្ឋាភិបាលយួនចាប់ដាក់គុក ។
ក្នុងសារលិខិត ក្រុមអ្នកតំណាងរាស្រ្តអាមេរិកដែលយកចិត្តទុកដាក់ដល់ស្រុកយួន បានបង្ហាញការព្រួយបារម្ភអំពីស្ថានភាពឃុំឃាំងអ្នកទោសនយោបាយ និងសាសនានៅវៀតណាម ដោយគ្រាន់តែមូលហេតុបញ្ចេញទស្សនៈពីសាសនា និងនយោបាយ ។ ហើយស្របពេលនេះ ក្រុងហាណូយតែងនិយាយដដែល ៗ ថា មិនមានអ្នកទោសនយោបាយណាមួយជាប់គុកនៅស្រុកយួនឡើយ ដោយគេយល់ថាមានតែអ្នកបំពានច្បាប់តែប៉ុណ្ណោះ ។
ក្រុមអ្នកតំណាងរាស្រ្តអាមេរិក បានសរសេរទៀតថាមានមនុស្សជាច្រើនត្រូវបានគេចាប់ខ្លួន តាចប្រការច្បាប់យល់សប្តិនៃសន្តិសុខប្រទេស ដែលមិនបានគោរពតាមលំនាំច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដូចជាការនាំខ្លួនឡើងតុលាការកាត់ទោសដោយគ្មានមេធាវីការពារក្តី ។ ក្រុមអ្នកតំណាងរាស្រ្ត ក៏បានអំពាវនាវដល់លោក ង្វៀង មិញទ្រៀត ជួយដោះលែងក្រុមអ្នកទោសទាំងនោះដោយឥតលក្ខ័ណ និងគ្មានពេលកំណត់ ។
នៅក្នុងសន្តិសីទផ្សព្វផ្សាយសារលិខិតនោះ ករណីដែលក្រុមអ្នកតំណាងរាស្រ្តបានសង្កត់ធ្ងន់ នោះគឺការអំពាវនាវឲ្យដាក់ប្រទេសវៀតណាមទៅក្នុងបញ្ជីខ្មៅ CPC ។ ទោះជាយ៉ាងណាក្តី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅស្រុកយួន Michael
Mihalak ធ្លាប់បានអះអាងថា ពុំមានភស្តុតាងណាគ្រប់គ្រាន់ ដើម្បីធ្វើដូច្នោះឡើយ ។
ពេលដែលសួរថា មូលហេតុណាមួយដែលធ្វើឲ្យមានការខ្វែងគំនិតគ្នារវាងអ្នកតំណាងរាស្រ្តអាមេរិក និងអ្នកស្ថានទូតអាមេរិកនៅក្រុងហាណូយ លោក កាវ ក្វាងអាន់ មនុស្សម្នាក់ក្នុងចំណោមក្រុមតំណាងរាស្រ្តអាមេរិក ដែលបានចុះហត្ថលេខាលើសារលិខិតផ្ញើជូនប្រធានរដ្ឋកុម្មុយនិស្តយួន និយាយថា “អាចមកពីគាត់ (ឯកអគ្គរដ្ឋទូត Michael Mihalak ) មិនចង់និយាយពាក្យធ្ងន់ ៗ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងសហរដ្ឋអាមេរិក និងវៀតណាម។
លោក កាវ ក្វាងអាន់ និយាយទៀតថា “រាល់សមាជិកនៅក្នុងរដ្ឋសភា និងក្រុមអ្នកតំណាងរាស្រ្តដែលយកចិត្តទុកដាក់ដល់វៀតណាម អ្នកណាក៏បានយល់ស្របថា លោក Michael Mihalak មានទស្សនៈខុស ។ រាល់ភស្តុតាង និងសកម្មភាពរបស់កុម្មុយនិស្តយួន២-៣ឆ្នាំកន្លងមក គឺគ្រប់គ្រាន់ណាស់ហើយសំរាប់បង្ហាញឲ្យពិភពលោកដឹងថា វៀតណាមមិនបានយកចិត្តទុកដាក់ដល់សេរីភាពសាសនា សេរីភាពសិទ្ធិមនុស្សនៃប្រជាពលរដ្ឋ ក្រៅពីការយកចិត្តទុកដាក់ដល់វិស័យសេដ្ឋកិច្ច និងផលប្រយោជន៍ ។ អ្វីដែលមិនមានប្រយោជន៍សំរាប់ពួកគេ ពួកគេនឹងបង្ក្រាបនិងចាប់ច្រកពន្ធនាគារ”។
លោក កាវ ក្វាងអាន់ បន្ថែមទៀតថា “ប្រសិនបើសហររដ្ឋឆអាមេរិក ចង់ឲ្យវៀតណាមទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច គួរណាស់រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវដាក់ចេញលក្ខ័ណដើម្បីទាមទារឲ្យវៀតណាមផ្លាស់ប្តូរឥរិយាបថ នៃសកម្មភាពដែលទាក់ទិននឹងសេរីភាពសាសនា និងសិទ្ធិប្រជាពលរដ្ឋនៅក្នុងប្រទេស ។ យើងខ្ញុំនៅក្នុងរដ្ឋសភាពនឹងរឹតបន្តឹងបន្ថែមទៀតក្នុងការដាក់ចេញផែនការ ដោយសង្ឃឹមថាថ្ងៃណាមួយបក្សកុម្មុយនិស្តយួន នឹងយកចិត្តទុកដាក់ដល់សេរីភាពសាសនា និងសិទ្ធិអំណាចប្រជាពលរដ្ឋ ។ ហើយខ្ញុំសង្ឃឹមថា ការផ្លាស់ប្តូរនោះ កាន់តែឆាប់ កាន់តែល្អ”។
ចំណែកលោកស្រី Loretta Sanchez ប្រធានក្រុមពិភាក្សាស្តីពីប្រទេសវៀតណាម នៃសភាអាមេរិក ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា លោកស្រី និងក្រុមការងារ នឹងស្រែកថ្កោលទោសនូវអ្វីដែលអ្នកស្រីហៅថា លទ្ធផលសិទ្ធិមនុស្សអត់ខ្សោយបំផុតនៅស្រុកយួន ។ លោកស្រី Loretta Sanchez បន្ថែមទៀតថា “រដ្ឋាភិបាលកុម្មុយនិស្តយួន នៅតែបន្តមិនគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងសិទ្ធិនយោបាយមូលដ្ឋានរបស់ពលរដ្ឋក្នុងប្រទេសវៀតណាម ។ ក្នុងនោះ មានមនុស្សជាច្រើនកំពុងក្តៅក្រហៃដោយសារការខ្វះសន្តិភាព និងសិទ្ធិមនុស្សមូលដ្ឋាន”។
ស្របពេលក្រុងវ៉ាស៊ីនតោន កំពុងផ្តោតការចាប់អារម្មចំពោះប្រទេសអ៊ីរ៉ាក់, ភូមា និងកូរ៉េខាងជើងនោះ លោកស្រី តំណាងរាស្រ្ត Loretta Sanchez មានប្រសាសន៍បញ្ជាក់ទៀតថា ក្រុមអ្នកតំណាងរាស្រ្តអាមេរិក នឹងប្រើវិធីគ្រប់បែបយ៉ាងដើម្បីឲ្យរដ្ឋាភិបាលលោក អូបាម៉ា ក្តាប់បាននូវរាល់បញ្ហារបស់វៀតណាម និងរបៀបដោះស្រាយ។ ស្រ្តីតំណាងរាស្រ្តរូបនេះឲ្យដឹងទៀតថា លោកស្រីនឹងជាមួយលោកស្រី Hillary Clinton ឆាប់ ៗ នេះ ដើម្បីពិភាក្សាអំពីប្រទេសវៀតណាម ។
ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលកុម្មុយនិស្តយួនតែងធ្វើការដោះលែងអ្នកទោសនយោបាយមួយចំនួន នៅពេលបុណ្យជាតិ ដោយមូលហេតុគេបានមើលឃើញមានអ្នកទោសមួយចំនួនបានកែប្រែ ក្នុងពេលដែលអ្នកទោសទាំងនោះកំពុងជាប់ពន្ធនាគារ ។ ឆ្លងកាត់ការអំពាវនាវនេះ គេមិនដឹងថាប្រទេស
វៀតណាមនឹងដោះលែងអ្នកទោសប៉ុន្មាននាក់ទេឆ្នាំនេះ ។
គួររំលឹកផងដែរថា ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពសិទ្ធិមនុស្សពិភពលោក ដែលបានផ្សព្វផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០០៩នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានលើកអំពីបញ្ហាពុករលួយរបស់ក្រុមអាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋអំណាចយួន ។ ដោយឡែកនៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយ ដែលមានប្រវែង១២៥ ទំព័រក្រោមចំណងជើង “On the Margin – Rights Abuses of Ethnic Khmer in Vietnam’s Mekong Delta” បានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលកុម្មុយនិស្តយួន យ៉ាងពេញទំហឹង ដោយទង្វើផ្តាច់ការក្នុងការបង្រ្កាបការតវ៉ាដោយសន្តិវិធីរបស់ព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរក្រោម កាលពីថ្ងៃទី៨ កុម្ភៈ ថែមទាំងបានបញ្ជា និងរៀបចំឲ្យមានចារកម្មតាមដាន និងគំរាមកំហែងជនភៀសខ្លួនខ្មែរក្រោមនៅកម្ពុជា ៕.