សន្និសីទរបស់អ.ស.ប.ប្រឆាំងនឹងការរើសអើងជនជាតិដើម ភាគតិចនៅកម្ពុជា

អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ប្រឆាំង​នឹង​ការ​រើង​អើង​របស់​ប្រទេស​មួយចំនួន ​ចំពោះ​ពលរដ្ឋ​ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ក្នុង​នោះ​មាន​កម្ពុជា​ផង​ ដែរ។

គណៈ​កម្មាធិការ CERD ឬ​ហៅ​ថា គណៈកម្មាធិការ​ផ្នែក​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍​របស់​អង្គការ​សហ​ ប្រជាជាតិ​បាន​បើក​សន្និសីទ​ក្នុង​សប្តាហ៍​នេះ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដោយ​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួន​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​ថា តើ​ប្រទេស​ទាំង​នោះ​មាន​ការ​រើស​អើង​លើ​ជនជាតិ​ដើម​ភាគ​តិច​ឬ​ទេ?

សម្រាប់​កម្ពុជា​គឺ​គេ​បាន​រៀបចំ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ និង​ថ្ងៃ​សុក្រ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១០ ដោយ​មាន​គណៈប្រតិភូ​មួយ​ក្រុម​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដឹកនាំ​ដោយ​លោក ថាច់ ង៉ុកថាច់ ទៅ​ចូល​រួម​និង​មាន​ខ្មែរ​ជា​ជនជាតិ​ភាគ​តិច​៣​រូប​មក​ពី​ខេត្ត​កំពង់ធំ មណ្ឌលគិរី និង​រតនគិរី រួម​ទាំង​យុវជន​ខ្មែរ​ពីរ​រូប តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល NGO FORUM ពី​កម្ពុជា​ទៅ​ចូល​រួម​ផង​ដែរ។

លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​អំពី​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​អំពី​កម្ពុជា ៖ «របៀប វារៈ​របស់​គេ​និយាយ​ពី​បញ្ហា​ការ​រើស​អើង​ហ្នឹង ដោយ​មាន​ចោទ​ច្រើន​មាត្រា​នៅ​ក្នុង​ប្រទេស​ខ្មែរ​ហ្នឹង​ចំពោះ​ខ្មែរ​ក្រោម។ មាន​មាត្រា​ទី​១ មាត្រា​ទី​៤ មាត្រា​ទី​៥ មាត្រា​ទី​៦ មាត្រា​ទី​៧ គឺ​ទាក់ទង​នឹង​បញ្ហា​យុត្តិធម៌ ដូចជា​បញ្ហា​ព្រះតេជគុណ សុខធឿន ដែល​ត្រូវ​បាន​ធ្វើ​គត គេ​បាន​សួរ​រដ្ឋាភិបាល​ខ្មែរ​ថា តើ​ពេល​ណា​បាន​យក​បញ្ហា​ហ្នឹង​មក​តុលាការ? ទី​២ គឺ​បញ្ហា​ការ​រើស​អើង ដោយ​គេ​យក​បញ្ហា​លោកគ្រូ ទឹម សាខន ដែល​ថា រដ្ឋាភិបាល​ខ្មែរ​ទទួល​ស្គាល់​ជា​ខ្មែរ​ហើយ ហេតុ​អី​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​យួន​ដាក់​គុក? ទី​៣ គឺ​បញ្ហា​អត្តសញ្ញាណប័ណ្ណ​ដែល​មាន​បង​ប្អូន​នៅ​ខេត្ត​តាកែវ កំពង់ឆ្នាំង កំពត កំពង់សោម មិន​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ជា​ទូទៅ​ហ្នឹង ហ្នឹង​វា​ទាក់ទង​ដល់​ការ​ទៅ​មន្ទីរពេទ្យ ការសិក្សា​អប់រំ​ចំពោះ​កូន​ចៅ។ នៅ​ក្នុង​ហ្នឹង​ដែរ​យើង​ឃើញ​ថា ខាង​រដ្ឋាភិបាល​ខ្មែរ​តំណាង​មក​ពី​រាជ​រដ្ឋាភិបាល​គ្មាន​ទេ មាន​តែ​តំណាង​ទូត»

នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក​ឯកអគ្គ​រាជ​ទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ស្វ៊ីស បាន​អញ្ជើញ​ទៅ​ឆ្លើយ​បំភ្លឺ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា ជនជាតិ​ដើម​ភាគ​តិច​ដូចជា​ខ្មែរ​កម្ពុជា​ក្រោម​និង​ជនជាតិ​ដើម​ភាគ​តិច​រួម​ មាន គួយ ចារ៉ាយ​ជា​ដើម​នោះ កំពុង​រង​ការ​រើស​អើង​ក្នុង​សង្គម​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន។

លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា ៖ «រដ្ឋាភិបាល​ខ្មែរ​គាត់​ឆ្លើយ ដោយ​លោក​ឯក​អគ្គ​រាជ​ទូត ស៊ុន សួន ហើយ​ជាមួយនឹង​សហការី​គាត់​៣​នាក់​ទៀត ដែល​ជម្រាប​មក​ហ្នឹង គឺ​និយាយ​ដោះស្រាយ​ពី​បញ្ហា​ជនជាតិ​ដើម​ពួក​ព្នង គួយ … ដោយ​គាត់​បាន​ជម្រាប​ថា មាន​ច្បាប់​មាន​អី​គ្រប់គ្រាន់​ទាំង​អស់​សម្រាប់​ទាំង​ពី​ផ្នែក​សិក្សា អប់រំ ស្រ្ដី កុមារ រឿង​ដីធ្លី ហ្នឹង​ផ្នែក​ខាង​គាត់ ហើយ​ការ​បក​ស្រាយ ការ​និយាយ​ហ្នឹង​អស់​ប្រហែល​ជា​មួយ​ម៉ោង​ប្លាយ។ ខ្ញុំ​មើល​ឃើញ​ទៅ​ដូច​ជា​មិន​មាន​ស្អី​ក្រៅ​ពី​គាត់​សម្រួល​ធ្វើ​ម៉េច​ឲ្យ តែ​បាន​រួច​ខ្លួន​មួយ​ពេល​តែប៉ុណ្ណឹង​ទេ។ យើង​ឃើញ​គួរ​ឲ្យ​ស្ដាយ ដូច​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង មិន​មាន​អ្នក​តំណាង​ដែល​ទទួល​ខុស​ត្រូវ​មក ហើយ​ឲ្យ​អស់​លោក​ដែល​តំណាង​ទូត​នៅ​ទី​នេះ ដែល​កិច្ចការ​មួយ​ចំនួន​គាត់​មិន​បាន​ដឹង។ ចំពោះ​រឿង​ខ្មែរ​ក្រោម​វិញ​គាត់​បាន​និយាយ​អំពី​បញ្ហា​ធ្វើ​អត្តសញ្ញាណប័ណ្ណ បញ្ហា​ខ្មែរ​ក្រោម​ដែល​មក​នៅ​ប្រទេស​ខ្មែរ​ហ្នឹង រាជ​រដ្ឋាភិបាល នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ថា ឲ្យ​ក្លាយ​ទៅ​ជា​ខ្មែរ​ជា​ហូរហែ​អ៊ីចឹង។ លោក ស៊ុន សួន គាត់​ថា រាជ​រដ្ឋាភិបាល​ខ្មែរ​នឹង​ខិតខំ​ទាក់ទង​គ្នា​ជាមួយនឹង​រដ្ឋាភិបាល​យួន ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្មែរ​ក្រោម​នូវ​រឿង​អត្តសញ្ញាណប័ណ្ណ រឿង​ការ​រស់​នៅ ឬ​ការ​ឆ្លង​ដែន​ហ្នឹង»

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ប្រចាំ​ប្រទេស​ស្វ៊ីស ដើម្បី​សុំ​សេចក្តី​បញ្ជាក់​ពី​រឿង​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ។

ចំណែក​លោក ជិន ថាវរ៉ូ តំណាង​ឲ្យ​អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា ដែល​បាន​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​នោះ​ដែរ​មាន​ប្រសាសន៍​ថា ៖ «មក​នេះ គឺ​យើង​តំណាង​ឲ្យ​ជនជាតិ​ទាំង​២០​ជនជាតិ ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង គឺ​មាន​៣​ដែល​អញ្ជើញ​មក​ហ្នឹង គឺ​មាន​ជនជាតិ​ចារ៉ាយ គាត់​អញ្ជើញ​មក​ពី​ខេត្ត​រតនគិរី នៅ​ស្រុក​អូរយ៉ាដាវ ហើយ​ជនជាតិ​គួយ គាត់​អញ្ជើញ​មក​ពី​ខេត្ត​កំពង់ធំ ដែល​ជា​តំណាង​ឲ្យ​ជនជាតិ​ដែល​នៅ​ខេត្ត​ព្រះវិហារ ឬ​ក៏​ខេត្ត​កំពង់ធំ ហើយ​មួយ​ទៀត​គឺ​គាត់​អញ្ជើញ​មក​ពី​ខេត្ត​មណ្ឌលគិរី គឺ​ជនជាតិ​ព្នង។ ការ​សន្យា​របស់​រាជ​រដ្ឋាភិបាល​មើល​ទៅ​ដូចជា​មិន​ទាន់​មាន​អី​ជា​ការ​សន្យា ឲ្យ​ច្បាស់លាស់ គ្រាន់​តែ​គាត់​និយាយ​ជា​ទូទៅ​លើ​ការ​ដែល​ថា រដ្ឋាភិបាល​បាន​មាន​ច្បាប់​ដែល​ពាក់ព័ន្ធ​ទៅ​លើ​ការ​លើក​កម្ពស់ ឬ​ក៏​ការ​គាំទ្រ​ទៅ​ដល់​ជនជាតិ​ដើម​ភាគ​តិច​អ៊ីចឹង»

លោក ថាច់ ង៉ុកថាច់ បញ្ជាក់​ថា ចំពោះ​ករណី​ខ្មែរ​កម្ពុជា​ក្រោម​វិញ បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ដោះស្រាយ​ផ្តល់​អត្តសញ្ញាណ​ខ្មែរ​ឲ្យ​ខ្មែរ​ ក្រោម​ដែល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ នោះ​អង្គការ​សហ​ប្រជាជាតិ​អាច​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ ស្គាល់​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រត់​ចូល​មក​កម្ពុជា​នោះ​ជា​ជន​ភៀស​ខ្លួន ដើម្បី​ផ្តល់​លទ្ធភាព​ដល់​អង្គការ UNHCR ប្រចាំ​កម្ពុជា​អាច​ជួយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​ នយោបាយ៕

ប្រភព RFA.