ព័ត៌មានពីទិវាវិសាខបូជាអន្តរជាតិដែលប្រទេសថៃទទួលធ្វើជា ម្ចាស់ផ្ទះនៅឆ្នាំ២០០៩នេះឲ្យដឹងថា ប្រតិភូព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរក្រោមប្រមាណជិត១០០រូបបាន ទាមទារមហាសន្និបាតអន្តរជាតិមួយនេះឲ្យពិនិត្យនិងដោះស្រាយវិបត្តិ ពុទ្ធសាសនាគណៈថេរវាទដែលអាជ្ញាធរវៀតណាមបាននិងកំពុងបណ្តាលឲ្យមាន ការលំបាកផ្សេងៗក្នុងការប្រតិបត្តិសាសនានេះជារៀងរហូតមក។
ព្រះភិក្ខុបញ្ញាបជោតោ ថាច់ បេរ៉ុង សង្ឃនាយករងនៃព្រះសង្ឃក្នុងសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា គណៈកម្មាធិការកណ្តាលទទួលបន្ទុករៀបចំពិធីបុណ្យវិសាខបូជាអន្តរជាតិ ក្រោមព្រះអធិបតីភាពនៃព្រះពុទ្ធឃោសាចារ្យដែលព្រះអង្គក៏ជាព្រះនាយក នៃពុទ្ធិករាជមហាវិទ្យាល័យចុល្លាឡុងកននៃប្រទេសថៃផងនោះបានទទួលយក សំណើទាមទារនោះទៅពិនិត្យ ហើយចាត់វិធានការចាំបាច់នានាដើម្បីស្រាយបញ្ហានេះ។
លោក ថាច់ បេរ៉ុង បានមានថេរដីកាថា ៖ «គណៈកម្មាធិការអចិន្រ្តៃយ៍នៃ ការរៀបចំបុណ្យវិសាខបូជាអន្តរជាតិនេះ លោកនឹងចាប់ផ្ដើមសហប្រតិបត្តិការសម្រាប់បណ្ដាលប្រទេសទាំងឡាយណាដែល លោកកំពុងតែមានវិបត្តិខាងការរំលោភសិទ្ធិនៃព្រះពុទ្ធសាសនា ហ្នឹងលោកនឹងចុះសិក្សាផ្ទាល់ដែលលោកនឹងឆ្លៀតឱកាសដើម្បីបើកវគ្គ ពិភាក្សានិងវគ្គអប់រំដល់ថ្នាក់ដឹកនាំនៃតំបន់នោះឲ្យបានយល់ ហើយស៊ីជម្រៅខ្លឹមសារពុទ្ធសាសនាដើម្បីពង្រឹងវិស័យពុទ្ធសាសនាឲ្យ បាន…»។
ប្រធានសហព័ន្ធខ្មែរក្រោមប្រចាំទ្វីបអឺរ៉ុប គឺលោក ថាច់ វៀន បានឲ្យដឹងថា ពលរដ្ឋខ្មែរមកពីប្រទេសផ្សេងៗនៃទី្វបអឺរ៉ុបប្រមាណ៤០០នាក់រួមមាន ព្រះសង្ឃផងដែលបានចូលរូមក្នុងមហាបាតុកម្មនៅទីក្រុងហ្សឺណែវកាលពី ថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រសប្តាហ៍កន្លងទៅបានសម្តែងក្តីរីករាយ និងការតាំងចិត្តខ្ពស់ថា ពួកគាត់នឹងចូលរូមបាតុកម្មដូចគ្នានេះដែលជាប្រយោជន៍ជនជាតិខ្មែរ នៅពេលក្រោយទៀត។
លោក ថាច់ វៀន បានមានប្រសាសន៍ថា ៖ «បង្ហាញអារម្មណ៍គាំទ្រទាំង ស្រុង សកម្មភាពរបស់សហព័ន្ធ ហើយសង្ឃឹមថាកិច្ចការដែលយើងធ្វើដោយមានការយកចិត្តទុកដាក់ពី… International ហ្នឹង នឹងមានប្រសិទ្ធភាព ហើយសន្យាជាមួយយើងខ្ញុំខាងសហព័ន្ធហ្នឹងទៀតគឺថា តាំងពីថ្ងៃនេះទៅយើងត្រូវតែសាមគ្គីជាមួយគ្នាដើម្បីជួយដោះស្រាយ បញ្ហាខ្មែរកម្ពុជាក្រោម ហើយនិងបញ្ហាកម្ពុជា បើសិនណាជាយើងមានសកម្មភាព មានសាមគ្គីភាពរបៀបហ្នឹង គឺថាយើងនឹងអាចដោះស្រាយកើត»។
លោក ថាច់ វៀន ឲ្យដឹងថា ក្រៅពីការយកចិត្តទុកដាក់ដោយក្តីរំភើបនិងរីករាយដោយផ្ទាល់ពី អ្នកចូលរូមដែលជាជនជាតិខ្មែរនោះ បាតុកម្មនៅមុខអគារអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវកាលពីចុង សប្តាហ៍នេះក៏បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមអ្នក សារព័ត៌មានអន្តរជាតិ។
ទស្សនីយភាពមួយដែលបានបង្ហាញឡើងដោយព្រះសង្ឃបីព្រះអង្គដែលគង់ ផ្គុំគ្នាជាមុំចង្ក្រានដោយមានដាក់បាតពីលើព្រះកេសព្រះសង្ឃទាំង បីព្រះអង្គនោះជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍នានាដែលទាក់ទាញ ក្រុមអ្នកសារព័ត៌មានអន្តរជាតិទាំងនោះ។
លោក ថាច់ វៀន ឲ្យដឹងថា ទស្សនីយភាពមួយនេះបង្ហាញពីប្រវត្តិសាស្រ្តដែលវៀតណាមបានធ្វើ ទណ្ឌកម្មពុំមានហេតុផលមកលើជនជាតិដើមម្ចាស់ស្រុកខ្មែរក្រោម ព្រមទាំងការធ្វើទុក្ខបុកម្នេញផ្សេងទៀតដ៏រាប់មិនអស់ក្នុង ការប៉ុនប៉ងបំបាត់ពូជសាសន៍ខ្មែរក្រោមឲ្យអស់ផុតពូជពីលើទឹកដី ខ្មែរក្រោម៕
អត្ថបទវិទ្យុអាស៊ីសេរី.