សង្គម​ស៊ីវិល​បារម្ភ​អំពី​សុវត្ថិភាព​ព្រះសង្ឃ ថាច់ ប្រី​ជា​គឿន

ថ្ងៃសុក្រ, 03ខែកញ្ញា 2010 ដោយអ្នកស្រី អ៊ុក សាវបូរី វិទ្យុ អាស៊ីសេរី ភ្នំពេញ

ព្រះ​សង្ឃ​មួយ​អង្គ ព្រះ​នាម ថាច់ ប្រីជា​គឿន ដែល​សរសេរ​អត្ថបទ​នយោបាយ​ ពាក់ព័ន្ធ​ អាជ្ញាធរ​វៀតណាម ក្នុង​កាសែត​ផ្សាយ​ជា​ភា សា​ខ្មែរ​មួយឈ្មោះ ព្រៃនគរ មិន​ទាន់​មាន​សិទ្ធ​គ្រប់​គ្រាន់​ ក្នុង​ការ​កាន់​ព្រះ​ឆាយា​សង្ឃ និង​លិខិត​ឆ្លង​ដែន​បាន​ទេ​នៅ​ពេល​នេះ។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​សំដែង​ការ​ព្រួយ ​បារម្ភ​អំពី​សុវត្ថិភាព​ព្រះ ​សង្ឃ​មួយ​អង្គ ព្រះ​នាម ថាច់ ប្រីជា​គឿន ព្រោះ​ព្រះ​អង្គ​បាន​សរសេរ​អត្ថបទ​អំពី​ជីវភាព​របស់​ប្រជា​ជន​ខ្មែរ​កម្ពុជាក្រោម ដែល​គ្រប់​គ្រង​ដោយ​អាជ្ញាធរវៀត ណាម​ខាង​ត្បូង ចុះ​ផ្សាយ​ក្នុង​កាសែត​ព្រៃនគរ ដែល​មាន​លក់​ក្នុង​ប្រទេស​កម្ពុជា។

សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី អ៊ុក សាវបូរី វិទ្យុអាស៊ីសេរី ភ្នំពេញ

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​៣ កញ្ញា​ថា សុវត្ថិភាព​របស់​ព្រះ​តេជ​គុណ ថាច់ ប្រីជា​គឿន មិន​ទាន់​មាន​ស្ថិរភាព​ទេ ព្រោះ​ព្រះ​អង្គ​បាន​សរសេរ​រិះគន់​រដ្ឋាភិបាល​វៀតណាម តាម​រយៈ​ទំព័រ​កាសែត​ព្រៃនគរ រហូត​មាន​ការ​ដាក់​គ្នា​ឃ្លាំ​មើល​ដំណើរ​របស់​ព្រះ​អង្គ និង​ដក​ហូត​លិខិត​ឆ្លង​ដែន និង​ព្រះ​ឆាយា​សង្ឃ​ទៀត​ផង ៖ «លោក​កំពុង​មាន​ បញ្ហា​ដោយ​សារ​ការ​កៀប​សង្កត់​ពី​អាជ្ញាធរ​ផង ពី​ខាង​មន្ត្រី​សង្ឃ​ផង ដើម្បី​ឲ្យ​លោក​ឈប់​ក្នុង​ការ​សរសេរ​ព្រឹត្តិបត្រ​ព្រៃនគរ​ហ្នឹង។ ឃើញ​ថា​ប៉ះ​ជា​មួយ​យួន គឺ​អត់​បាន​ហ្នឹង​តែ​ម្ដង ព្រោះ​យួន​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ស្រុក​ខ្មែរ»

ឆ្លើយ​តប​បញ្ហា​ខាង​លើ​នេះ ព្រះ​ចៅ​អធិការ​វត្ត​អង្គ​តាមិញ ព្រះ​នាម យ៉ាន់ ថាត់ មាន​ថេរ​ដិកា​បញ្ជាក់​រឿង​ហេតុ​កន្លង​មក​ថា នៅ​ថ្ងៃ​២៧ ខែ​សីហា ព្រះ​សង្ឃ ថាច់ ប្រីជា​គឿន បាន​និមន្ត​មក​សុំ​គង់​នៅ​វត្ត​នេះ។ ប៉ុន្តែ​គណៈ​កម្មការ​វត្ត​បដិសេធ ព្រោះ​ខ្លាច​មាន​រឿង​រ៉ាវ​មិន​ល្អ​ពាក់​ព័ន្ធ​វត្ត​អង្គ​តា​មិញ ព្រោះ​តែ​ព្រះ​តេជគុណ ថាច់ ប្រីជា​គឿន ជា​ព្រះ​សង្ឃ​នយោបាយ​របស់​កាសែត​ព្រៃនគរ។ ព្រះចៅ​អធិការ​វត្ត​អង្គ​តា​មិញ យ៉ាន់ ថាត់ មាន​ថេរ​ដិកា​បន្ត​ថា ព្រះ​សង្ឃ ថាច់ ប្រីជា​គឿន បាន​និមិត្ត​ទៅ​ប្រទេស​ថៃ ១​ខែ ក្រោយ​ពី​វត្ត​បទុមវតី និង​វត្ត​អង្គ​ពោធិ​ញាណ មិន​ឲ្យ​ព្រះ​អង្គ​គង់​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រះ​សង្ឃ​អង្គ​នោះ​ត្រឡប់​មក​ពី​ថៃ​វិញ សុំ​គង់​នៅ​វត្ត​អង្គ​ពោធិញាណ តែ​ត្រូវ​បដិសេធ។ ព្រះ​សង្ឃ​អង្គ​នោះ ក៏​និមន្ត​មក​សុំ​គង់​នៅ​ផ្ទះ​ប្រជា​ជន ជួន​ពេល​ដែល​ព្រះ​សង្ឃ​ដទៃ​ទៀត​កំពុង​កាន់​ព្រះ​វស្សា​ក្នុង​វត្ត​អារាម ហាម​និមន្ត​ផ្ដេសផ្ដាស។ ទើប​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​សុំ​វត្ត​អង្គ​តា​មិញ សម្រាប់​កន្លែង​ព្រះ​សង្ឃ ថាច់ ប្រីជា​គឿន គង់​នៅ​ចាំ​ព្រះ​វស្សា និង​ផ្តាំ​ផ្ញើ​ឲ្យ​ព្រះចៅ​អធិការ​វត្ត​មើល​ថែ​ព្រះ​សង្ឃ ថាច់ ប្រីជា​គឿន កុំ​ឲ្យ​និមន្ត​ទៅ​ណា​ផ្ដេសផ្ដាស។ ទើប​ព្រះ​អង្គ ព្រះ​នាម យ៉ាន់ ថាត់ នេះ សុំ​ដក​លិខិត​ឆ្លង​ដែន និង​ឆាយា​ព្រះ​សង្ឃ ថាច់ ប្រីជា​គឿន​ទុក ៖ «អាត្មា ​ហ្នឹង​សុំ​រក្សា​ប៉ាសស្ព័រ (Passport) លោក ហើយ​សុំ​យក​ឆាយា​ហ្នឹង អាត្មា​យក​កត់​លេខ​ឆាយា​លោក ដើម្បី​រាយការណ៍​ទៅ​អនុគណ​វត្ត​អាត្មា មាន​លោក​មក​នៅ​ មិន​បាន​ចូល​ព្រះ​វស្សា​មួយ​អង្គ។ ដល់​អ៊ីចឹង​ទៅ​លោក​ចង់​ចោទ​ប្រកាន់​ថា​យើង​នេះ ធ្វើ​អី​លំបាក​លោក​អី​ម៉េច ដល់​ពេល​យើង​ណែ​នាំ​លោក ថា​ឲ្យ​នៅ​ឲ្យ​ស្ងៀម​ទៅ កុំ​ជឿ​គេ​ខាង​សន្តិសុខ ករុណា​អ្នក​ជួយ​ហើយ​កុំ​ឲ្យ​ភ័យ»

ជា​មួយ​គ្នា​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កញ្ញាឫទ្ធ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២ កញ្ញា​ថា ៖ «អ៊ីចឹង ​រឿង​សង្ឃ និង​សង្ឃ ខ្ញុំ​អត់​អាច​អត្ថាធិប្បាយ​បាន ព្រោះ​ខ្ញុំ​អត់​ដឹង​ថា​វិន័យ​សង្ឃ​ដល់​ត្រឹម​ណា។ ប៉ុន្តែ​កាសែត​ឲ្យ​ដំណើរ​ការ​ដដែល គាត់​អាច​បោះ​ពុម្ព​ៗ ផ្សព្វ​ផ្សាយ​ក្នុង Internet»

ព្រះ​សង្ឃ​ព្រះ​នាម ថាច់ ប្រីជា​គឿន មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្មីៗ​នេះ​ថា ព្រះ​ចៅ​អធិការ​វត្ត​អង្គ​តា​មិញ បាន​ដក​ហូត​លិខិត​ឆ្លង​ដែន និង​ឆាយា​របស់​ព្រះ​អង្គ​ទុក ក្រោម​បញ្ជា​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​ធម្មការ និង​សាសនា ៖ «ដក​នោះ​គេ​ថា អាត្មា​ហ្នឹង​គឺ​ធ្វើ​កាសែត​ព្រៃនគរ។ គេ​ដក​ទៅ ដើម្បី​កុំ​ឲ្យ​អាត្មា​និមន្ត​ទៅ​ណា​បាន​ទៀត ឲ្យ​នៅ​មួយ​កន្លែង»

ព្រះចៅ​អធិការ​វត្ត​អង្គ​តា​មិញ មាន​ថេរ​ដីកា​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ កញ្ញា ក្រុម​មន្ត្រី​ការពារ​សិទ្ធ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​បាន​ចូល​ជួប​ព្រះ ​សង្ឃ ថាច់ ប្រីជា​គឿន។ ក្រុម​សិទ្ធ​មនុស្ស​នោះ​មិន​បាន​ជួប​ជា​មួយ​ព្រះ​អង្គ​ជា​ចៅ​អធិការ​វត្ត​ ទេ៕

.