លោក ចៅ ហេន ជាសកម្មជនតវ៉ារឿងដីធ្លី ជនជាតិ ខ្មែរកម្ពុជាក្រោម ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ ដាក់គុកកាលពីខែមីនាកន្លងទៅនោះ ឥឡូវនេះ លោក កំពុងតែធ្លាក់ខ្លួនឈឺជាទម្ងន់។
ភរិយាលោក ចៅ ហេន បានអំពាវនាវដល់អង្គការសិទ្ធិ មនុស្សនានា ពិសេសអង្គការសហប្រជាជាតិស្នើសុំឲ្យ ជួយអន្តរាគមន៍ទៅរដ្ឋាភិបាល វៀតណាម ដើម្បីដោះ លែងស្វាមីរបស់គាត់ឲ្យនៅក្រៅឃុំវិញ នៅខណៈប្តី របស់អ្នកស្រីគឺលោក ចៅ ហេន កំពុងធ្លាក់ខ្លួនឈឺធ្ងន់ នេះ។
អ្នកស្រី នាង ធួន បានឲ្យវិទ្យុអាស៊ីសេរីដឹងតាមទូរស័ព្ទពីមន្ទីរពេទ្យក្រុងបារាជ ខែត្រមាត់ជ្រួក ទឹកដីខ្មែរកម្ពុជាក្រោម ដែលគ្រប់គ្រងដោយអាជ្ញាធរវៀតណាម នៅថ្ងៃទី១១ មេសា ថា ស្វាមីរបស់គាត់ត្រូវបានអាជ្ញាធរវៀតណាមបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រុងបារាជ កាលពីថ្ងៃទី៩ មេសា កន្លងមកថ្មីៗនេះ ប៉ុន្តែស្ថានភាពជំងឺមិនទាន់ធូរស្រាលនៅឡើយទេ។
ការលាបពណ៌ និងទារុណកម្មបែបខ្មែរក្រហម
អ្នកស្រី នាង ធួន បានអះអាងថា ស្វាមីរបស់គាត់ លោក ចៅ ហេន ត្រូវបានកងសន្តិសុខពន្ធនាគារខែត្រអាងយ៉ាង ឬហៅថាខែត្រមាត់ជ្រួក បានប្រើអំពើហិង្សាលើរួបលោក នៅពេលសួរចម្លើយ ព្រោះថា ចៅ ហេន មានសភាពទ្រុឌទ្រោមខ្លាំង និយាយស្ដីមិនចេញ ហើយឈឺពេញខ្លួន ៖ “មុខ មាត់អីឈាមពេញតែខ្លួន ឥឡូវខោអាវខ្ញុំកំពុងតែត្រាំឈាម ពីម្សិលគេមិនឲ្យផ្លាស់ទេ គេថា គេមិនឲ្យពាក់អាវស៊ីវិលហ្នឹង គេឲ្យពាក់អាវគុក ដល់ឥឡូវខ្ញុំសុំគេបើធុំស្អុយហ្នឹង ខ្ញុំយកទៅបោកទៅ សុំតែមួយពេលទេ”។
របាយការណ៍ស្រាវជ្រាវស្ទាបស្ទង់ប្រចាំឆ្នាំ ២០១០ ចេញផ្សាយពីក្រសួងការបរទេស ស.រ.អា. កាលពីថ្ងៃ សុក្រ ទី៨ មេសា បានសំដែងការព្រួយបារម្ភអំពីបញ្ហា មិនសូវគោរពសិទ្ធិមនុស្ស នៅប្រទេសក្នុងសហគមន៍ អាស៊ានមួយចំនួន ជាពិសេសប្រទេសភូមា និងវៀតណាម។
នៅក្នុងរបាយការណ៍នេះបានសរសេរថា រដ្ឋអំណាច ក្រុងហាណូយ បានបង្កើនការគាបសង្កត់លើការ បញ្ចេញមតិជំទាស់នឹងរដ្ឋអំណាច ហើយប៉ូលិស វៀតណាម តែងតែបំពារបំពានរូបកាយជនសង្ស័យ ពេលចាប់ខ្លួនរបស់គេដាក់ក្នុងមន្ទីរឃុំឃាំង ដូចជា ករណីលោក ចៅ ហេន ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១០ ខណៈដែលលោកបានវិលត្រលប់ទៅផ្ទះវិញ នៅខែត្រមាត់ជ្រួក ក្រោយពេលអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR នៅប្រទេសថៃ មិនផ្ដល់សិទ្ធជាជនភៀសខ្លួនដល់លោក និងករណីចាប់ខ្លួនអ្នកផ្សេងៗទៀ។
កាលពីថ្ងៃទី៣១ មីនា សាលាដំបូងស្រុកស្វាយទង ខេត្តមាត់ជ្រូក បានកាត់ទោសលោក ចៅ ហេន ឲ្យជាប់គុកចំនួន ២ឆ្នាំ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណ និងបង្កអសន្តិសុខសង្គម។
ក្រោយពេលតុលាការបានប្រកាសសាលក្រមផ្ដន្ទាទោសរួច អាជ្ញាធរវៀតណាមបានបញ្ជូនលោក ចៅ ហេន ទៅដាក់គុកខែត្រមាត់ជ្រូក វៀតណាមហៅថាទីក្រុងបារាជ ឬទីក្រុងឡុងស្វៀង (Long Xuyen)។
ទាក់ទងទៅនឹងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ ត្រូវបានរដ្ឋាភិបាលវៀតណាមប្រតិកម្មតបវិញភ្លាមៗ ថា ជារបាយការណ៍គ្មានតម្លាភាព។
កាលពីថ្ងៃទី៩ មេសា សារព័ត៌មាននគរបាលវៀតណាម បានស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ង្វៀន ភឿងង៉ា (Nguyen Phuong Nga) បានមានប្រសាសន៍ថា ប្រទេសណាក៏ដូចប្រទេសណាដែរ រាល់សកម្មភាពបំពារបំពានច្បាប់ គឺត្រូវប្រឈមមុខចំពោះច្បាប់ ហើយប្រទេសវៀតណាម គឺជាប្រទេសប្រកបដោយនីតិរដ្ឋ រាល់សកម្មភាពណារំលោភបំពានច្បាប់ នឹងត្រូវថ្កោលទោសស្របទៅតាមច្បាប់នៃប្រទេសវៀតណាម ដែលស្របទៅនឹងអនុសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិពលរដ្ឋ និងនយោបាយ។
ទោះជាយ៉ាងនេះ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ បានមានប្រសាសន៍តាមទូរស័ព្ទពីសហរដ្ឋអាមេរិកឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី១១ មេសានេះថា នេះជាពាក្យដោះសារ ដែលរដ្ឋាភិបាលវៀតណាមតែងតែឆ្លើយតបបែបនេះជារឿយៗមក។ លោក ថាច់ ង៉ុកថាច់ បានលើកឡើងថា រដ្ឋាភិបាលវៀតណាមជារដ្ឋាភិបាលរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រោះគេតែងតែប្រើអំពើហិង្សាទៅលើសកម្មជនការពារដីស្រែចម្ការ របស់ខ្លួន ដែលត្រូវបានអាជ្ញាធរវៀតណាមរឹបអូសយកនោះ ៖ “ការរំលោភ សិទ្ធិយើងមើលឃើញជាក់ស្ដែង ដូចជាគេមិនឲ្យបងប្អូនខ្មែរកម្ពុជាក្រោមមើលកម្មវិធីទូរទស្សន៍ កម្ពុជា ទោះបីជាប្រទេសវៀតណាមហ្នឹង មានមិត្តភាពជាមួយកម្ពុជាក៏ដោយ ព្រោះថាគេខ្លាចបងប្អូនខ្មែរនៅទីនោះយល់ដឹងអំពីវប្បធម៌របស់ ខ្មែរ ទីពីរការធ្វើបុណ្យទានតូចធំ គេតម្រូវឲ្យសុំច្បាប់ គេមិនឲ្យព្រះសង្ឃពីវត្តមួយទៅវត្តមួយមានទំនាក់ទំនងនិងគ្នា”។
លោក ថាច់ ង៉ុកថាច់ បានរំលឹកថា កន្លងមកមានពលរដ្ឋខ្មែរកម្ពុជាក្រោមជាច្រើនរួបផ្សេងទៀត ដែលបានធ្វើការទាមទាររឿងដីធ្លីរបស់ខ្លួននោះ ត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ខ្លួនជាបន្តបន្ទាប់ ហើយតុលាការវៀតណាមបានធ្វើការចោទប្រកាន់ដូចៗគ្នាទាំងអស់ គឺបទចោទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណ និងបង្កអសន្តិសុខសង្គម ៖ “គុកយួនជាទូទៅខ្មែរក្រោមជាប់គុក ហ្នឹង គឺមានការវាយដំ បើមិនដោយពួកប៉ូលិស ពួកសន្តិសុខគុក គឺពួកវៀតណាមជាប់គុកជាមួយហ្នឹង ខ្ញុំជឿជាក់ថា ចៅ ហេន ទទួលទណ្ឌកម្មរបៀបហ្នឹង ទីពីរបងប្អូនខ្មែរក្រោមជាប់គុកកន្លងមកហ្នឹង បញ្ហាធំគឺបញ្ហាចាក់ថ្នាក់ឲ្យស្លាប់រយៈពេលពីរ ឬបីឆ្នាំទៅមុខ”។
ស្នើសហគមន៍អន្តរជាតិជួយ
អ្នកស្រី នាង ធួន បានសម្ដែងនូវក្ដីអាណិតអាសូរដល់ស្វាមីរបស់អ្នកស្រី គឺលោក ចៅ ហេន ដែលមានជំងឺ ហើយមានរបួសពេញរាងកាយនោះ ដោយអំពាវនាវឲ្យអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ធ្វើយ៉ាងណាឲ្យរកវិធីដោះស្រាយឲ្យស្វាមីរបស់អ្នកស្រីមានសេរីភាព ឡើងវិញ បើមិនដូច្នោះទេ វាសនារបស់លោក ចៅ ហេន មិនដឹងទៅជាយ៉ាងណានោះទេ ៖ “ដោះលែងគាត់ចេញទៅ គាត់ចាស់ហើយ ឲ្យគាត់ជាប់គុក គេវាយគេទាត់ធ្វើបាប អាចស្លាប់”។
លោក ថាច់ ង៉ុកថាច់ បានបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោកបានដាក់លិខិតស្នើសុំទៅអង្គទួតនានា ដែលប្រចាំការនៅទីក្រុងហាណូយ និងរដ្ឋាភិបាលប្រទេសកាណាដា ដើម្បីឲ្យជួយធ្វើការអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងលោក ចៅ ហេន វិញ។ លោក ថាច់ ង៉ុកថាច់ បានឲ្យដឹងថា បន្ទាប់ពីបានលិខិតស្នើសុំឲ្យជួយករណីលោក ចៅ ហេន នេះ គឺរដ្ឋាភិបាលកាណាដាបានឆ្លើយតបឲ្យលោកដឹងវិញថា គេចាប់អារម្មណ៍ ហើយគេនឹងពិនិត្យមើលលើរឿងនេះ។
គិតមកដល់ពេលនេះ របាយការណ៍របស់ក្រសួងមហាផ្ទៃបានបង្ហាញថា មានប្រជាពលរដ្ឋខ្មែរក្រោមជាង ៨ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ការហូរចូលនៃប្រជាពលរដ្ឋខ្មែរក្រោមមកកម្ពុជា ធ្វើឡើងតាមរយៈការរត់គេចខ្លួន ក្រោយពីមានបញ្ហាជាមួយអាជ្ញាធរវៀតណាម ការឡើងមកធ្វើជំនួញ និងការមកសិក្សាជាដើម។
ឯកសារប្រវត្តិសាស្ត្របានសរសេរថា បារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ចំនួន ៦ខែត្រ ប៉ុន្តែឯកសារខ្លះថា មានចំនួន២១ ហើយក្រោយមកប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមមួយចំនួន បានភៀសខ្លួនមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាកណ្ដាល និងទៅប្រទេសមួយចំនួនផ្សេងទៀត៕ ប្រភពៈ វិទ្យុអាស៊ីសេរី