ថ្ងៃសៅរ៍, 11 ខែកញ្ញា 2010 ដោយលោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ
អស់រយៈពេលជិត២សប្ដាហ៍ហើយ ដែលខ្មែរកម្ពុជាក្រោមចំនួន២នាក់ កំពុងតែជាប់ឃុំនៅក្នុងគុកខេត្តតាកែវ ក្រោយពីមានការកាត់ ទោសពីបទផ្សាយព័ត៌មានមិនពិត ដោយតុ លាការខេត្តនេះ កាលពីចុងខែសីហាកន្លង ទៅនេះ។
មេដឹកនាំសហគមន៍ខ្មែរកម្ពុជាក្រោម នៅ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា បានជួបសួរសុខទុក្ខខ្មែរកម្ពុជាក្រោម ចំនួន២ នាក់ នៅក្នុងគុកខេត្តតាកែវ ហើយបានសន្យាថា នឹងស្វែងរកមេធាវីជួយការពារក្តីឲ្យជនទាំងពីរ ដើម្បីឲ្យរួចផុតពីការចោទប្រកាន់នានាកន្លងមក ដែលការចោទប្រកាន់នោះ ធ្វើឡើងដោយអាជ្ញាធរនគរបាលខេត្តតាកែវ និងតុលាការខេត្តនេះ។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា លោក ថាច់ សេដ្ឋា ដែលបានដឹងនាំប្រតិភូចំនួន២នាក់ទៀត ទៅសួរសុខទុក្ខខ្មែរកម្ពុជាក្រោម២នាក់នោះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែកញ្ញាថា ៖ «ខ្ញុំ សុំឲ្យលើកលែងការចោទប្រកាន់ទាំងនោះទៅ ពីព្រោះវាជារឿងមិនសមហេតុផលទេ។ ទី១ គាត់អត់មានមេធាវីផង ហើយអត់មានផលប្រយោជន៍អ្វី ដែលអ្នកទាំងអស់នោះ ទៅចាប់ត្រាក់ប្រឆាំងថ្ងៃ៧ មករា ដើម្បីផលប្រយោជន៍អី? គឺអត់មានទេ។ ហើយសុំឲ្យរដ្ឋាភិបាលលើកលែងការចោទប្រកាន់ ដើម្បីឲ្យលោកមានសេរីភាព ជួបជុំគ្រួសារវិញទៅ»។
លោកកំពុងតែស្វែងរកមេធាវី ដើម្បីការពារក្តីនាពេលឆាប់ៗខាងមុខនេះ ដោយសារតែតុលាការខេត្តតាកែវកន្លងមក បានកាត់ទោសពួកគាត់ឲ្យជាប់គុកដោយគ្មានមេធាវីការពារក្ដីឡើយ។
តុលាការខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ បានកាត់ទោសជនសង្ស័យចំនួន៤នាក់ ឲ្យជាប់គុករវាង២ឆ្នាំ ទៅ៣ឆ្នាំ និងផាកពិន័យជាប្រាក់ ចំនួនរវាងពី២លានរៀល ទៅ៦លានរៀល ក្រោមបទចោទថា បានបាច់ត្រាក់ ឬខិត្តប័ណ្ណប្រឆាំងថ្ងៃ៧ មករា ដោយចោទថា ជាថ្ងៃដែលយួនឈ្លានពានកម្ពុជា។
ខ្មែរកម្ពុជាក្រោមឈ្មោះ ថាច់ ទ្បេ ជាអ្នករត់ម៉ូតូឌុប ត្រូវបានតុលាការខេត្តតាកែវ បានកាត់ទោសឲ្យចាប់គុកចំនួន២ឆ្នាំ ផាកពិន័យជាប្រាក់ចំនួន២លានរៀល។ ខែ្មរកម្ពុជាក្រោមម្នាក់ទៀត ឈ្មោះ ថាច់ វណ្ណៈ ត្រូវបានតុលាការដដែលបានកាត់ទោសឲ្យជាប់គុកចំនួន២ឆ្នាំ ផាកពិន័យជាប្រាក់ចំនួន២លានរៀល។
ក្រៅពីនេះ សកម្មជនការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ឈ្មោះ សុខ ជឿន ត្រូវបានតុលាការខេត្តតាកែវ បានកាត់ទោសឲ្យជាប់គុកចំនួន២ឆ្នាំ ផាកពិន័យចំនួន២លានរៀល និងខ្មែរកម្ពុជាក្រោមម្នាក់ទៀត ឈ្មោះ ថាច់ កុងភួង បានរងការកាត់ទោសកំបាំងមុខ ឲ្យជាប់គុកចំនួន៣ឆ្នាំ ផាកពិន័យជាប្រាក់ ចំនួន៦លានរៀល ដែលអាជ្ញាធរបានចោទថា ជាមេក្លោង។
មន្ត្រីអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា លោកឧត្ដមសេនីយ៍ឯក គៀត ចន្ថារិទ្ធិ បានមានប្រសាសន៍ថា អាជ្ញាធរនគរបាលខេត្តតាកែវបានរឹបអូសបានភស្តុតាង ដូចត្រាក់ ឬខិត្តប័ណ្ណច្រើនសន្លឹក ដែលសរសេររិះគន់ថ្ងៃ៧ មករា ថាជាថ្ងៃដែលយួនឈ្លានពានកម្ពុជា។
ក្រុមសកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសអង្គការលីកាដូ បានបរិហាររិះគន់ថា ការកាត់ក្តីនេះ គ្មានភស្តុតាងច្បាស់លាស់ក្នុងការដាក់បន្ទុកទេ៕