ដោយៈ vokk
មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ៣០ មិថុនានេះថា សកម្មជនតវ៉ារឿងដីធ្លីម្នាក់ ដែលត្រូវអាជ្ញាធរយួនខេត្តឃ្លាំងចាប់ខ្លួនកាលពីចុងខែឧសភាកន្លងទៅថ្មី ៗ នេះ ក្រោយពីសកម្មជនរូបនេះ និងក្រុមគ្រួសារ ធ្វើដំណើរទៅសួរសុខឪពុកម្តាយឯខេត្តក្រមួន-ស មិនទាន់ត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញទេ ។
ព្រះតេជគុណ ថាច់ វ៉ាំងប៊ិន មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម បានឲ្យដឹងថាសកម្មជនដែលត្រូវអាជ្ញាធរយួនព័ទ្ធចាប់ខ្លួននោះឈ្មោះ វិញ បា ភេទប្រុស អាយុ ៤៧ ឆ្នាំ ស្រុកកំណើតនៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម ។
ព្រះតេជគុណ ថាច់ វ៉ាំងប៊ិន បានឲ្យដឹងទៀតថា លោក វិញ បា និងក្រុមគ្រួសារ ដែលមានភរិយាឈ្មោះអ្នកស្រី សឺន ធីគីមធូ បានធ្វើដំណើរទៅសួរសុខទុក្ខឪពុកម្តាយចាស់ជរានៅខេត្តក្រមួន-ស ឬយួនហៅគៀនយ៉ាង កាលពីថ្ងៃទី ៣០ ឧសភាកន្លងទៅថ្មី ៗ នេះ ។ នៅពេលដែលលោក វិញ បា ទៅដល់ខេត្តក្រមួន-ស នាវេលាម៉ោង ១១ ល្ងាច ក្រុមប៉ូលិសយួនក្រោមការដឹកនាំរបស់បុគ្គលឈ្មោះ យឿង ថាញ់ហ៊ុង ធ្វើដំណើរទៅពីខេត្តឃ្លាំង បានចាប់ខ្លួនលោក វិញ បា និងប្រពន្ធឈ្មោះ សឺន ធីគីមធូ ។ ប៉ុន្តែក្រោយមក ក្រុមអាជ្ញាធរយួនបានធ្វើការដោះលែងអ្នកស្រី សឺន ធីគីមធូ ចំណែកលោក វិញ បា ត្រូវគេច្រកពន្ធនាគាររហូតមដល់សព្វថ្ងៃនេះ ។
មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលតាមដានហេតុការណ៍ខាងលើនេះបានឲ្យទៀតដឹងថា រដ្ឋាភិបាលកុម្មុយនិស្តយួននឹងដាក់គុកលោក វិញ បា រយៈពេល ៣ ខែ ដោយគេចោទប្រកាន់ពីបទឆក់ឱកាស យកចំណេញសិទ្ធិប្រជាជន បំផ្តិចបំផ្លាញគោលនយោបាយបក្ស និងរដ្ឋ ។
ទាក់ទឹននឹងការចាប់ខ្លួនលោក វិញ បា ជនជាតដើមខ្មែរកម្ពុជាក្រោម កំណើតនៅខេត្តឃ្លាំងនេះដែរ លោក អាង ចន្ទ ឫទ្ធិ នាយប្រតិបត្តិអង្គការការពារសិទ្ធិមនុស្សនៅកម្ពុជា បានមានប្រសាសន៍ថា ការចាប់ខ្លួនលោក វិញ បា គឺជាសកម្មភាពមិនគោរសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម គឺសិទ្ធិតវ៉ាទាមទារដីធ្លីដែលជាកម្មសិទ្ធិរបស់ពួកគាត់ ។ ហើយសកម្មភាពនេះ មិនបានត្រឹមត្រូវតាមសន្ធិសញ្ញាអន្តរជាតិ និងច្បាប់យៀកណាម ។ លោក អាង ចន្ទឬទ្ធិ មានប្រសាសន៍ បន្តទៀតថា “ពួកគាត់ដែល ក្រោកឡើងទាម ទារដីស្រែកន្លងមក គឺដើម្បីឲ្យអាជ្ញាធរវៀតណាមរកដំណោះស្រ័យ និងប្រគល់ដីស្រែចំការជូនពួកវិញ ព្រោះថាដីស្រែទាំងអស់នោះជាកម្មសិទ្ធិរបស់ពួកគាត់ ។ ហើយការដកហូតដីស្រែចំការពួកគាត់បែបនេះ ក៏ជាមូលហេតុដែលនាំធ្វើឲ្យពួកគាត់គ្មានចំណីអាហារគ្រប់គ្រាន់ដើម្បីហូបចុក ក៏ដូចជាបំបិទនៅសិទ្ធិសេរីកាន់កាប់ដីធ្លីដែរ”។
លោក អាង ចន្ទឫទ្ធិ ដែលបានតាមដានឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្រោម និងកម្ពុជាយ៉ាងយកចិត្តទុកដក់បំផុតនោះមានប្រសាសន៍បន្ថែមថា ប្រទេសយៀក ណាម គួរតែដោះលែងសកម្មជនតវ៉ាដីធ្លី និងបញ្ឈប់ការរើសអើងក្នុងសង្គមយៀកណាម ។ អ្វីដែលរដ្ឋាភិបាលយៀកណាមធ្វើនោះ គួរតែការពារសុវត្ថិភាពពួកគាត់ និងផ្តល់សិទ្ធិសេរីភាពឲ្យពួកគាត់ ។
សូមរំលឹកជូនថា លោក វិញ បា និងប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតនៅខេត្តឃ្លាំង តែងប្រមូលផ្តុំគ្នាតវ៉ារឿងដីធ្លីជាញឹកញាប់ ក្នុងគោលបំណងជំរុញឲ្យអាជ្ញាធរ នៃរដ្ឋអំណាចយួនប្រគល់ដីធ្លី ដែលបានរឹបអូសយកជូនទៅប្រជាកសិករខ្មែរក្រោមវិញ ។ ជំនួសនឹងការតវ៉ាឲ្យសងដីធ្លីកសិកម្មនោះ រដ្ឋាភិបាលយួនតែងចោទប្រកាន់រូបលោកថា ជាមេក្លោងដឹកនាំក្រុមអ្នកតវ៉ា ដែលធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម និងឆ្លៀតយកសិទ្ធិពលរដ្ឋ បះបោរប្រឆាំងនឹងគោលនយោ-បាយបក្ស ៕.