អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា នៅថ្ងៃអាទិត្យទី ០៦ ខែកក្កដា ឆ្នាំ ២០១៤ បានរៀបចំវេទិកាសាធារណៈស្តីពី “ទឹកដីខ្មែរកម្ពុជាក្រោម” នៅភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការរៀបចំវេទិកាសាធារណៈនេះ គឺក្នុងគោលបំណងប្រមូលឯកសារពាក់ព័ន្ធទៅ នឹងដែនដីកម្ពុជាក្រោម ដើម្បីចងក្រងជាឯកសារផ្លូវការដាក់ទៅស្ថានទូតនានាប្រចាំនៅកម្ពុជា។
ទន្ទឹម នឹងនេះដែរ ការរៀបចំវេទិកាសាធារណៈនេះឡើង ក៏ដើម្បីឆ្លើយតបទៅ នឹងមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង ដែលលើកឡើងថា ដែនដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយ។
ថ្នាក់ដឹកនាំ និងសមាជិកនៃអង្គការសមាគមខ្មែរកម្ពុជាក្រោម រួមទាំងនិស្សិត ព្រះសង្ឃ ដែលបានចូលរួមវេទិកានេះ សម្តែងការខឹងសម្បារជាខ្លាំង ហើយទាមទារឲ្យមន្ត្រីនាំពាក្យរូបនេះ សុំទោសជាសាធារណៈ និងទទួលស្គាល់ប្រវត្តិសាស្ត្រពិតនៃទឹកដីកម្ពុជាក្រោម។
ក្រុមនិស្សិតបញ្ញាវ័ន្ត បានព្រមានថា ពួកគេ នឹងរធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ប្រសិនបើអ្នកនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង មិនព្រមកែពាក្យសម្ដី ដែលលោកឡើង ពីការបំភ្លៃប្រវត្តិសាស្ត្រ ដែនដីកម្ពុក្រោមនេះ៕ រូបថតៈ ស៊ឺន ចែងចើន