កម្មវិធីវេទិកាគំនិតជាតិ នៃវិទ្យុសំ ឡេងកម្ពុជាក្រោម កាលពីរាត្រីថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០១១ ក្រោមប្រ ធានបទ “អំពីវិស័យសិក្សាអប់រំ នៅ កម្ពុជាក្រោម”។ នៅក្នុងរាត្រីនោះ មានការចូលរួមរបស់វាគ្មិន ២រូបគឺ លោក គឹម តារា ជាគ្រូបង្រៀន ១រូប នៅឯដែនដីកម្ពុជាក្រោម និងលោក ចៅ សេរី ជាប្រធានគណៈកម្មាធិការ យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីសហរដ្ឋអាមេរិក ជាវាគ្មិន។ នៅក្នុងកម្មវិធីវេទិកាគំនិតជាតិនោះ មានមិត្ត អ្នកស្តាប់នៃវិទ្យុសំឡេងកម្ពុជាក្រោម បានផ្ញើសំនួរជាច្រើន តាមរយៈបណ្តាញសង្គម Facebook, Paltalk , និងអ៊ីម៉ែល ព្រមទាំងការចោទសួរ ដោយផ្ទាល់តាមរយៈ Skype ជាដើម។
លោក គឹម តារា ជាគ្រូបង្រៀនផ្ទាល់ នៅតាមបណ្តាសាលាពុទ្ធិកវិទ្យាល័យ ទូទាំងខេត្តព្រះត្រពាំង នៃទឹកដី កម្ពុជាក្រោម បានមានប្រសាសន៍ នៅក្នុងកិច្ចពិភាក្សានៃនាទីវេទិកាគំនិតជាតិរបស់ វិទ្យុសំឡេងកម្ពុជាក្រោមថា៖ « វិស័យសិក្សាអប់រំ នៅកម្ពុជាក្រោម នៅចង្អៀតចង្អល់ និងរឹតត្បិតណាស់ ដោយឡែកសម្រាប់ផ្នែកសិក្សា ខាងពុទ្ធចក្រគឺពុំទាន់មានការរីកចំរើនខ្លាំង នៅឡើយទេ ប៉ុន្តែសម្រាប់ខាងអាណាចក្រវិញ គឺត្រូវបានរដ្ឋអំណាច យួនយកចិត្តទុកដាក់ជាង ព្រោះរដ្ឋាភិបាលយួនគេលើកតម្កើងអក្សរសាស្ត្រជាតិរបស់គេ ដូច្នេះ កូនចៅខ្មែរក្រោម ភាគច្រើនគឺសិក្សាតែខាងផ្លូវលោកប៉ុណ្ណោះ ចំណែកឯខាងភាសាខ្មែរវិញ គឺរៀនឲ្យតែបានចេះអាន ចេះសរសេរ ប៉ុណ្ណោះទេ ដោយហេតុតែការសិក្សាអក្សរសាស្រ្តខ្មែរ ឬសញ្ញាបត្រ ដែលចេញដោយស្ថាប័នខ្មែរមិនត្រូវ បានរដ្ឋអំណាចយួនឲ្យតម្លៃឡើយ»។
ជាមួយគ្នានោះ លោក ចៅ សេរី វាគ្មិនមកពីសហរដ្ឋអាមេរិក និងជាប្រធានគណៈកម្មាធិការយុវជនសហព័ន្ធ ខ្មែរកម្ពុជាក្រោម បានលើកឡើង អំពីការខិតខំតស៊ូរបស់ស្ថាប័នលោក នៅឯក្រៅប្រទេស។ ដោយលោកបាន ប្រមូលផ្តុំក្រុមយុវជនខ្មែរក្រោម ជុំវិញសាកលលោក និងដឹកនាំក្រុមយុវជនទាំងនោះ ចូលរួមកិច្ចប្រជុំវេទិកា ជនជាតិដើម នៅក្នុងអង្គការសហប្រជាជាតិ ជារៀងរាល់ឆ្នាំ។ ដើម្បីធ្វើយ៉ាងណាពាំនាំ នូវរាល់បញ្ហា ក៏ដូចជា ទុក្ខសោករបស់បងប្អូនខ្មែរក្រោម នៅក្នុងស្រុក ដែលកំពុងតែរងនូវការគាបសង្កត់ ពីសំណាក់រដ្ឋាភិបាលយួន សព្វថ្ងៃ ជូនដល់អន្តរជាតិ ដើម្បីឲ្យគេបានដឹងឮអំពីបញ្ហាទាំងអស់នេះ។
សំនួររបស់មិត្តអ្នកស្តាប់វិទ្យុសំឡេងកម្ពុជាក្រោម តាមរយៈ Facebook មានឈ្មោះថា យ៉ាញ សម្បត្តិ មកពីខេត្ត ពលលាវ។ លោក យ៉ាញ សម្បត្តិ បានដាក់ជាសំនួរថា តើអត្រានៃយុវជន ដែលមានចំណេះដឹងកម្រិតណាដែរ? អត្រាមិនចេះអក្សរមានប៉ុន្មាន %? និងកម្រិតនៃការបញ្ចប់ថ្នាក់ បរិញ្ញាបត្រ អនុបណ្ឌិត បណ្តិត ប្រហែលជា ប៉ុន្មាន %?។ លោក គឹម តារា បានឆ្លើយតប នឹងសំនួរនោះថា « អត្រានៃកម្រិតសិក្សាទូទៅរបស់ព្រះសង្ឃ យុវជនខ្មែរក្រោម នៅមានកម្រិតទាបណាស់ បើប្រៀធៀបទៅ នឹងយុវនិសិ្សតជនជាតិយួន រីឯកម្រិតនៃការ បញ្ចប់ថ្នាក់ បរិញ្ញាបត្រ អនុបណ្ឌិត បណ្តិត បានប្រហែលជា ១ ឬ ២%ប៉ុណ្ណោះ»។
មិត្តអ្នកស្តាប់ម្នាក់ ដែលមានឈ្មោះថា ខ្មែរអង្គរ បានសួរសំនួរមកតាមរយៈ Paltalk ថា តើមានស្ថាប័នអប់រំ ឯករាជ្យណាមួយ សម្រាប់ខ្មែរក្រោមដែរឬទេ? លោក គឹម តារា បានមានប្រសាសន៍ឆ្លើយតបថា « គ្មានទេ! សូម្បីតែផ្នែកពុទ្ធចក្រ ដែលសិក្សាខាងផ្លូវពុទ្ធសាសនារបស់ខ្មែរក្រោមក៏គ្មាន ចំណែកអណាចក្រវិញ ដែលយើង ស្គាល់ថា ជាសាលាអន្តេវាសិកសម្រាប់កូនចៅខ្មែរក៏គ្មាន បើទោះជាច្បាប់ក្នុងប្រទេសយួនបានអនុម័តថា សាលា អន្តេវាសិកនេះ ត្រូវគ្រប់គ្រងដោយស្ថាប័នខ្មែរក៏ដោយ»។
ទាក់ទង នឹងសាលាអន្តេវាសិកនេះដែរ មិត្តអ្នកស្តាប់វិទ្យុសំឡេងកម្ពុជាក្រោមម្នាក់ ពីភ្នំពេញ ឈ្មោះ ស៊ឺន ចែងចើន ហៅមកផ្ទាល់តាមរយៈ Skype ដោយលោកបានលើកឡើង និងសាកសួរវាគ្មិន ពីបញ្ហាពាក់ព័ន្ធ នឹងសាលាអន្តេវាសិកថា តើសាលាអន្តេវាសិកនេះ គេបង្កើតឡើង សម្រាប់តែកូនចៅខ្មែរសិក្សា ឬសម្រាប់ជន ជាតិដទៃក៏អាចសិក្សាបានដែរ? តើកម្មវិធីសិក្សាអប់រំ នៅដែនដីកម្ពុជាក្រោម មានកម្មវិធីអ្វីខ្លះ? ដែល នឹងយកមកសិក្សា? តើយុវជនខ្មែរក្រោម ដែលកំពុងរស់ នៅក្រៅប្រទេសនោះ តើពួកគេបានសិក្សាអប់រំយល់ដឹង អំពីអត្តសញ្ញាណ និងប្រវត្តិសាស្រ្តរបស់ខ្លួន ដែរឬទេ។
ឆ្លើយតបទៅ នឹង ២ចំណុច ដែលទាក់ទិន នឹងវាគ្មិនគឺលោក គឹម តារា នោះ។ លោក គឹម តារា មានប្រសាសន៍ បញ្ជាក់ថា « មុខវិជ្ជា ដែលយកមកសិក្សាអប់រំ នៅតាមបណ្តាវត្តអារាម គឺមានច្រើន ដោយសិក្សាលាយលាំ ចម្រុះមុខវិជ្ជា មានទាំងមុខវិជ្ជាខាងពុទ្ធសាសនាផង ខាងសាកលផង ក្នុងនោះខាងផ្នែកសាកលមានភាសា វៀតណាម និងអង់គ្លេសជាដើម ចំណែកខាងពុទ្ធសាសនាមាន ភាសាបាលី សំស្ក្រិត និងភាសាខ្មែរ»។ ត្រង់ចំណុចទី ២លោក គឹម តារា មានប្រសាសន៍ថា« សាលាអន្តេវាសិកនេះ គឺសម្រាប់តែកូនចៅ ដែលជាជន ជាតិខ្មែរក្រោមប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងកូនចៅខ្មែរសុទ្ធសាធ គឺមានតិចតួចណាស់ ដែលបានសិក្សា នៅសាលា នេះ ហើយលក្ខណ្ឌនៃការជ្រើសរើសសិស្សនិសិ្សតចូលមកសិក្សាក្នុងសាលានេះ គឺជាគ្រួសារ ដែលមានស្នាដៃ ជាមួយ នឹងបក្ស និងរដ្ឋ ដូចជាគ្រូសារពលី គ្រួសារមានសុគុណជាមួយ នឹងបដិវត្តន៍ជាដើម»។ លោក គឹម តារា ក៏បានសង្កត់ធ្ងន់ផងដែរទៅ នឹងបញ្ហានៃការដែលបានចូលសិក្សាសាលានេះ គឺក្រៅពីក្រុមគ្រួសារខ្មែរក្រោមណា ដែលមានគុណទៅលើរដ្ឋអំណាច ក៏មានគ្រួសារជនជាតិយួនភាគច្រើន ដែលគេបានកែបន្លំត្រកូលមកជាខ្មែរ ដើម្បីធ្វើយ៉ាងណាឲ្យកូនចៅគេ បានចូលសិក្សា នៅសាលានេះ ពិព្រោះ អ្នកដែលអាចសិក្សាបាន គឺទាល់តែមាន ត្រកូលជាខ្មែរ ប៉ុន្តែវាក៏ស្ថិតក្នុងលក្ខណ្ឌត្រួតពិនិត្យមើល លើលក្ខណៈសម្បត្តិនៃគ្រួសារម្នាក់ៗ ផងដែរ។ ចំណែក លោក ចៅ សេរី ក៏បានបន្ថែមទៅលើចំណុចទី ២នេះផងដែរ ដោយលោកមានប្រសាសន៍ ប្រតិកម្មរិះគន់ទៅ នឹងស្ថាប័នមួយនេះ ដែលធ្លោះធ្លោយបណ្តោយឲ្យកូនជនជាតិយួនធ្វើការសូកប៉ាន ដើម្បីមានសិទ្ធិប្តូរឈ្មោះ និងត្រកូលជាខ្មែរ ដែលអាចបានចូលមករៀន នៅសាលាមួយនេះ។ លោកបានលើកឡើង ពីផលប្រយោជន៍នៃ ការ ដែលបានចូលមកសិក្សា នៅសាលាអន្តវិកសិក្សានេះ គឺមានផលប្រយោជន៍យ៉ាងច្រើន សម្រាប់កូនចៅខ្មែរ ដូចជាមានប្រាក់ខែ ហើយនៅពេលពួកគេរៀនចប់ថ្នាក់ទី ១២ពួគគេ នឹងមានអាទិភាពរៀនបន្ត ថ្នាក់មហាវិទ្យា ល័យធំៗ នៅទីក្រុងព្រែកឬស្សី និងទីក្រុងព្រៃនគរ។ លោកបន្តទៀតថា នៅប្រទេសយួន គេមានគោលនយោ បាយមួយសំខាន់នោះ គឺបង្កលក្ខណៈ ឲ្យជនជាតិនិមួយៗ មានអាទិភាព ក្នុងការសិក្សាអប់រំ ឲ្យបានស្មើភាព ដូចជនជាតិដើមរបស់យួនអញ្ចឹងដែរ។ ដូច្នេះហើយ បានជាក្រុមគ្រួសារជនជាតិយួនទាំងនោះ បើទោះជាគេ មិនមែនខ្មែរក៏ពិតមែន ប៉ុន្តែគេរិះរកវិធីយ៉ាងណា ដើម្បីក្លាយខ្លួនជាកូនខ្មែរ ហើយមានឪកាស ដើម្បី នឹងទាញយក ផលចំណេញ ក៏ដូចជាអាទិភាពផ្សេងៗរបស់កូនចៅខ្មែរក្រោម។
លោក ចៅ សេរី ក៏បានឆ្លើយតបទៅ នឹងចំណុច ដែលសួរថា តើយុវជនខ្មែរក្រោម ដែលកំពុងរស់ នៅក្រៅ ប្រទេសនោះ តើពួកគេបានសិក្សាអប់រំយល់ដឹង អំពីអត្តសញ្ញាណ និងប្រវត្តិសាស្រ្តរបស់ខ្លួន ដែរឬទេ។ លោកមានប្រសាសន៍យ៉ាងដូច្នេះ « ការសិក្សាអប់រំរបស់កូនចៅខ្មែរ នៅក្រៅប្រទេសនោះមិនមានទេ ដោយហេតុ តែកូនចៅខ្មែរក្រោម នៅដាច់ឆ្ងាពីគ្នារវាងរដ្ឋមួយទៅរដ្ឋមួយ។ ប៉ុន្តែ បើរដ្ឋណាមានវត្តខ្មែរនោះ ពួកគេ នឹងបានមក ជួបជុំគ្នា ហើយបាននិយាយឲ្យគ្នាដឹងទៅវិញទៅមកអំពីរឿងរ៉ាវខ្មែរក្រោមទាំងអស់នេះដែរ។ ម្យ៉ាងទៀត យុវជន ខ្មែរក្រោម ភាគច្រើន បើគេចង់ដឹងអំពីរឿងរ៉ាវរបស់ខ្មែរក្រោមនោះ គេច្រើនតែឡើងបណ្តាញសង្គមមាន Facebook ហើយជួបជុំនិយាយជជែក និងចែករំលែក ពីបញ្ហារឿងខ្មែរក្រោម នេះដែរ។ ក៏ប៉ុន្តែ បើយុវជន ខ្មែរក្រោមណា ដែលបានចូលរួមសកម្មភាពជាមួយ នឹងសហព័ន្ធខ្មែរក្រោមនោះ ពួគគេ នឹងទទួលព័ត៌មាន បានច្រើន និងគ្រប់ជ្រុងជ្រោយ អំពីខ្មែរក្រោម »។
លោក គឹមវិចិត្រ មិត្តអ្នកស្តាប់ ពីភ្នំពេញ បានហៅមកកម្មវិធីវេទិកាគំនិតជាតិនោះ ដោយលោកបាន ចូលរួម បញ្ចេញមតិយោបល់ចាប់អារម្មណ៍ក្នុងកម្មវិធីនេះ ហើយលោក៏បានដាក់សំនួរសួរទៅ លោក គឹម តារា វាគ្មិនមក ពីកម្ពុជាក្រោមថា តើរដ្ឋាភិបាល មានបានប្តល់ប្រាក់បៀវត្ស ដល់គ្រូបង្រៀន ដែលបង្រៀនផ្នែកពុទ្ធសាសនា តាម វត្តអារាមដែរឬទេ? និងមួយសំនួរទៀត ហេតុអ្វី បានជារដ្ឋាភិបាល យួន មិនអនុញ្ញាតិឲ្យខ្មែរក្រោម បើកសាលា រៀននៅតាមភូមិស្រុក សម្រាប់កូនចៅខ្មែរក្រោម?
លោក វាគ្មិន គឹម តារា បានបកស្រាយយ៉ាងដូច្នេះ « ប្រាក់បៀវត្ស សម្រាប់គ្រូបង្រៀនផ្នែកខាងពុទ្ធចក្រនោះ រដ្ឋា ភិបាលយួនគេមិនផ្តល់ឲ្យទេ តែបើសិនជាមានគ្រូបង្រៀនខ្មែរក្រោមណា ដែលបង្ហាត់បង្រៀន នៅតាមសាលារដ្ឋ ពួកគាត់ នឹងទទួលបានប្រាក់បៀវតស្ស ដូចគ្រូជាបង្រៀនជនជាតិយួនដែរ» រីឯមូលហេតុអ្វី បានជារដ្ឋាភិបាល យួន មិនបង្កើតឲ្យមានសាលារៀនខ្មែរ ដូចជាសាលារៀនរបស់ជនជាតិយួនដែរ លោកវាគ្មិនបានឆ្លើយបញ្ជាក់ ថា៖ ដោយហេតុតែរដ្ឋាភិបាលយួនយល់ឃើញថា កាលណា បើគេបង្កើតឲ្យមានសាលារៀនជាសាធារណៈ ដូច្នេះ ខ្មែរក្រោមយើង នឹងមានចំណេះដឹងច្រើន ហើយសង្គមខ្មែរ នឹងរុងរឿងឈានមុខ។ លោកមានប្រសាសន៍បន្ត ទៀតថា៖ សូម្បីតែខ្មែរក្រោម នៅតាមតំបន់មួយចំនួន ដែលព្យាយាមលួចរៀនអក្សរសាស្រ្តខ្មែរ តាមផ្ទះរប់សខ្លួន ឬក៏តាមផ្ទះអ្នកតា កាលបើរដ្ឋអំណាចយួន គេរកឃើញ គេ នឹងចោទថា យើងជួបជុំគ្នា ដើម្បីបង្កនូវអសន្តិសុខ ដល់សង្គម ឬមានគម្រោងបះបោរ ឬចោទទៅ នឹងផ្នែកនយោបាយណាមួយ។
សម្រាប់សំនួររបស់អ្នកសម្របសម្រួលកម្មវិធីវេទិកាគំនិតជាតិ សួរទៅកាន់លោក ចៅ សេរី ថា តើសហព័ន្ធខ្មែរ កម្ពុជាក្រោម មានយុទ្ធសាស្រ្តយ៉ាងណា ដើម្បីឲ្យយុវនិស្សិតខ្មែរក្រោម ដែលបានបញ្ចប់ថ្នាក់គរុវិជ្ជា ឬគេហៅថា សញ្ញាបត្រគរុវិជ្ជានោះ នឹងអាចយកសញ្ញាបត្រនេះ ទៅប្រើប្រាស់ជាលក្ខណៈសាកល ដូចជាជាតិសាសន៍ដទៃ បានដែរឬទេ?
លោក ចៅ សេរី ជាវាគ្មិនបានឆ្លើយតបថា៖ សហព័នខ្មែរកក្រោម កំពុងតែព្យាយាមខិតខំតស៊ូ ដើម្បីធ្វើយ៉ាងម៉េច ឲ្យយុវនិស្សិតខ្មែរក្រោម ចេញរៀន នៅក្រៅប្រទេសបានច្រើន។ លោកបានលើកឡើងថា ជាញឹកញាប់ស្ថាប័ន របស់លោក តែងតែប្រាប់ទៅដល់សហគមន៍អន្តរជាតិឲ្យគេបានដឹងឮ ពីបញ្ហា ដែលរដ្ឋាភិបាលយួនជិះជាន់ គាបសង្កត់មកលើពលរដ្ឋខ្មែរក្រោម ជារៀងរាល់ថ្ងៃ។ ដូច្នេះ សហគមន៍អន្តរជាតិ គេកំពុងតែយកចិត្តទុកដាក់ និងតាមដានរាល់សកម្មភាព ដែលរដ្ឋាភិបាលយួន បានធ្វើទុក្ខបុកម្នេញ មកលើពលរដ្ខខ្មែរក្រោម។ លោក បានលើកទឹកចិត្ត ដល់យុវនិស្សិតសខ្មែរក្រោម ត្រូវខិតខំរៀនសូត្រ ដោយខ្លួនឯងជាមុនសិន បើទោះជាស្ថិត នៅក្នុងកាលៈទេសៈលំបាក់យ៉ាងណាក៏ដោយ។ ដោយលោក មានសង្ឃឹមយ៉ាងមុតមាំថា តទៅថ្ងៃមុខ រដ្ឋាភិបាល យួន នឹងត្រូវបានសហគមន៍អន្តរជាតិដាក់សម្ពាធ និងបន្ទន់ឥរិយាបទរបស់ខ្លួនជាពុំខាន ពេលនោះ ខ្មែរក្រោម យើង នឹងមានសិទ្ធិគ្រប់គ្រាន់ ដែលអាចឈានជើងចេញទៅរៀនក្រៅប្រទេស បានដូចជាតិសាសន៍ដទៃ ទូទាំងសាកលោកផងដែរ៕ ដោយ៖ កូនខ្មែរ