វៀតណាម សង​សៀវភៅ “​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ​” មក​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​វិញ​ហើយ​

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​អាជ្ញាធរ​វៀតណាម នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បាន​សង​សៀវភៅ​វេយ្យាករណ៍​ខ្មែរ​មួយ​ដែលមាន​ចំណងជើង​ថា “​វេយ្យាករណ៍​ខ្មែរ សង្គ្រោះ​” មក​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​ម្ចាស់​បោះពុម្ព​វិញ​ហើយ បន្ទាប់ពី​ពួកគេ​យកទៅ​ពិនិត្យឃើញថា មិនមាន​អ្វីដែល​ពួកគេ​ចាត់ ទុក​ថា “​ខុសច្បាប់​នៃ​បក្សកុម្មុយនិស្ត​វៀតណាម​” ។ សៀវភៅ​នេះ ត្រូវបាន​អាជ្ញាធរ​ហាម​ចែកចាយ​ទូលាយ​នៅ​ដែនដី​កម្ពុជា ក្រោម ទោះ​អាជ្ញាធរ​បាន​សង​មកហើយ​ក៏ដោយ ។​

​ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា ចែក​សៀវភៅ "​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ​" ​ដល់​ព្រះសង្ឃ​នៅ​កម្ពុជា​ក្រោម ។​
​ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា ចែក​សៀវភៅ “​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ​” ​ដល់​ព្រះសង្ឃ​នៅ​កម្ពុជា​ក្រោម ។​

ទាញយក

ព្រះតេជព្រះគុណ ថាច់ កាន់ ឬ ថាច់ ចន្ទ​តារា និស្សិត​នៃ​សាកលវិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ នៅក្នុង​ប្រ ទេស​ថៃ ជា​ម្ចាស់​ទទួលខុសត្រូវ​បោះពុម្ព​សៀវភៅ “​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ​” ដែលជា​ស្នាដៃ​រៀបរៀង​ដោយ លោក ថាច់ ឯក បានបញ្ជាក់​ប្រាប់ VOKK នៅ​ថ្ងៃទី ១៩ ខែមិថុនា ពេលដែល​ព្រះអង្គ​ទើបតែ​ត្រឡប់​ពី​ស្រុកកំណើត​មកដល់​ប្រទេស​ថៃ ថា អាជ្ញាធរ​បាន​សង​សៀវភៅ​នេះ មក​ព្រះអង្គ​វិញ​ហើយ ពេលដែល​ព្រះអង្គ​ត្រឡប់​ទៅ​ស្រុកកំណើត​កាលពី​ខែមេសា កន្លងទៅ នេះ ។​

​ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា បានបញ្ជាក់​យ៉ាងនេះ​ថា​៖

(​សំឡេង​)

​ព្រះអង្គ​បាន​បន្តទៀតថា អាជ្ញាធរ​វៀតណាម​មិនបាន​ចាប់​ព្រះអង្គ​ទេ ហើយក៏​មិន​បានមក​សួរចម្លើយ​ព្រះអង្គ​ដែរ ខណៈដែល​មុន ពេល​ត្រឡប់​ទៅ​ស្រុក​កាលពី​ខែមេសា ព្រះអង្គ​រង​ការ​គំរាមថា ពេល​ព្រះអង្គ​ត្រឡប់​ពី​ប្រទេស​ថៃ ទៅ​កម្ពុជា​ក្រោម នឹងត្រូវ​ចាប់ ខ្លួន ព្រោះ​ព្រះអង្គ​ហ៊ាន​រិះគន់​រដ្ឋាភិបាល​វៀតណាម​តាម​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​ការដែល អាជ្ញាធរ​វៀតណាម​រឹប​យក​សៀវភៅ​របស់​ព្រះអង្គ ។​

(​សំឡេង​)

​សូមបញ្ជាក់ថា អាជ្ញាធរ​វៀតណាម កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៤ បាន​រឹបអូស​យក​សៀវភៅ “​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ​”​ជាង ៣០ ក្បាល ពី លោក ថាច់ ឯក ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ នៅ​ខេត្ត​ព្រះ​ត្រពាំង ដែលជា​អ្នក​រៀបរៀង​សៀវភៅ​វេយ្យាករណ៍ នេះ ។ សៀវភៅ​នេះ ត្រូវបាន ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា សមណ​និស្សិត​ខ្មែរក្រោម​នៅ​ប្រទេស​ថៃ ជួយ​យកទៅ​បោះពុម្ព នៅ​ថៃ ហើយ​ពេល​បោះពុម្ព​រួច ព្រះសង្ឃ​បាន​បញ្ជូន​សៀវភៅ​នេះ​មួយចំនួន​ទៅ​កម្ពុជា​ក្រោម​វិញ​ដើម្បី​ប្រគល់​ឲ្យ​ម្ចាស់​រៀបរៀង តែ ត្រូវ​អាជ្ញាធរ​វៀតណាម​រឹបអូស​យក ដោយ​អះអាងថា ម្ចាស់​រៀបរៀង​មិនបាន​សុំច្បាប់​អនុញ្ញាត​បោះពុម្ព​ពី​អាជ្ញាធរ​ជាមុន ៕