អាជ្ញាធរនគរបាលវៀតណាម នៅខេត្តឃ្លាំង ទឹកដីខ្មែរ កម្ពុជាក្រោម បាននាំ ខ្លួនព្រះចៅអធិការខ្មែរកម្ពុជា ក្រោមមួយអង្គ នៅវត្តសេរីតាសេក ទៅសួរចម្លើយនៅ ថ្ងៃទី៧ ខែកក្កដា ជុំវិញសកម្មភាពពាក់ព័ន្ធជាមួយ សហព័ន្ធខ្មែរ កម្ពុជាក្រោមពិភពលោក នៅសហរដ្ឋ អាមេរិកកន្លងមក ប៉ុន្តែអាជ្ញាធរវៀតណាម បានដោះ លែងឲ្យមានសេរីភាពវិញ ដោយមានលក្ខខណ្ឌសុំឲ្យ ព្រះអង្គ ជួយធ្វើជាអ្នកស៊ើបការណ៍សម្ងាត់ឲ្យ អាជ្ញាធរនគរបាលវៀតណាម។
នគរបាលវៀតណាម កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១១ ថ្មីៗនេះ បានឆែកស្វែងរកឯកសារនានា នៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលបានប្រើប្រាស់ទាក់ទងជាមួយ សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក កន្លងមក។ នគរបាលវៀតណាម បានប្រគល់កុំព្យូទ័រនោះមកវិញ ក្រោយពីសាកសួរចម្លើយ និងដក ហូតយកឯកសារ ទាំងនោះ។
ព្រះចៅអធិការខ្មែរកម្ពុជាក្រោម នៅវត្តសេរីតាសេក ព្រះនាម លីវ នី ព្រះជន្ម ២៧ព្រះវស្សា នៅឃុំតាសេក ស្រុកជ្រោយញ័រ ខេត្តឃ្លាំង ទឹកដីខ្មែរកម្ពុជាក្រោមបានមានព្រះថេរដីកាតាមទូរស័ព្ទនៅថ្ងៃទី៨ ខែកក្កដា ថា លក្ខខណ្ឌរបស់នគរបាលវៀតណាមនោះ ព្រះអង្គមិនអនុវត្តតាមទេ ៖ «គេលួងលោមឲ្យអាត្មាជួយស៊ើបការណ៍… ក៏ដូចជាអាត្មាផ្ទាល់ជាមួយនឹងលោកបង មឿន ទៀត។ មានបញ្ហាអ៊ីចឹងឲ្យជួយសង្កេតមើល ឲ្យជួយពិនិត្យមើល»។
ព្រះអង្គបានមានព្រះថេរដីកាថា នគរបាលវៀតណាម បានប្រើវិធីលួងលោម និងផ្ដល់ប្រាក់ជាច្រើនលានដុង ស្មើនឹងច្រើនរយដុល្លារអាមេរិក ព្រមទាំងសម្ភារៈផ្សេងៗ ដូចជាទូរស័ព្ទជាដើម ដើម្បីទាក់ទាញទឹកចិត្ត ប៉ុន្តែព្រះអង្គមិនយល់ព្រមជាមួយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការពន្យល់ពីនគរបាលវៀតណាម បានទេ ជុំវិញការអះអាងនេះ។ ប៉ុន្តែប្រភពបានឲ្យដឹងថា នគរបាលវៀតណាម បានសាកសួរចម្លើយព្រះចៅអធិការ លីវ នី ជាច្រើនលើកកន្លងមក។
ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គទៀត ព្រះនាម ថាច់ ធឿន គង់នៅវត្តសេរីតាសេក បានមានព្រះថេរដីកាថា នៅវត្តសេរីតាសេកនេះ មានព្រះសង្ឃខ្មែរកម្ពុជាក្រោមសរុបជាង ២០អង្គ ៖ «បើអ៊ីចឹងអាត្មា មានការព្រួយបារម្ភចំពោះព្រះចៅអធិការនេះយ៉ាងខ្លាំង ពីព្រោះជាព្រះសង្ឃមួយរូបដែលស្លូតបូតបំផុតនៅក្នុងវត្ត»។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម លោក យន្ត ថារូ បានមានប្រសាសន៍ថា យុទ្ធសាស្ត្រនេះគឺវៀតណាម បានប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក ៖ «ឆ្នាំ១៩៧៥ ថ្មីៗ ពេលវៀតណាមឡើងមកដល់កាន់អំណាចភ្លាម វៀតណាមតែងតែចោទខ្មែរក្រោមថា ជាខ្មែរសេរី យកព្រះសង្ឃទាំងអស់ទៅផ្សឹក ធ្វើទារុណកម្ម»។
លោកបានសុំឲ្យនាយករដ្ឋមន្ត្រីប្រទេសបារាំង លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (Francios Fillion) ជួយផ្ដល់ឯកសារជុំវិញការកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យទៅវៀតណាម គ្រប់គ្រង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ និងបានសុំឲ្យជួយធ្វើអន្តរាគមន៍ឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមជាម្ចាស់ទឹកដី នៅគ្រាដែលលោកបានមកបំពេញទស្សនកិច្ចកាលពីដើមខែកក្កដា ថ្មីៗនេះ៕
ប្រភព៖ វិទ្យុអាស៊ីសេរី