ដោយ ម៉ៅ សុធានី
ប្រទេសវៀតណាមបានរិះគន់វេទិកាជនជាតិដើមរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ដែលបានអនុញ្ញាតឲ្យសហព័ន្ធខ្មែរក្រោមពិភពលោកចូលរួមពិភាក្សា។
សូមជម្រាបថា កិច្ចប្រជុំអង្គការសហប្រជាជាតិដែលផ្តោតលើជនជាតិដើមកំណើតបានធ្វើឡើងនៅបុរីញូវយ៉កដោយមានការចូលរួមពីប្រទេសនានានិងក្រុមតំណាងប្រទេសជនជាតិដើមចំនួនជាង១០០ប្រទេស ក្នុងនោះមានប្រទេសវៀតណាមនិងសហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ។ កិច្ចប្រជុំនឹងមានចំនួន១១ថ្ងៃដែលផ្តើមតាំងពីថ្ងៃទី១៨ ឧសភាកន្លងមកនេះ។
នៅក្នុងកិច្ចប្រជុំវេទិកាជនជាតិដើមរបស់អង្គការសហប្រជាជាតិនោះ តំណាងប្រទេសវៀតណាមបានចោទថា ការឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលរួមជាការមិនត្រឹមត្រូវទេ។
ប្រតិភូស្ត្រីម្នាក់តំណាងប្រទេសវៀតណាមបានថ្លែងយ៉ាងនេះថា ៖ “…តើការចូលរមរបស់សមាជិកសហព័ន្ធខ្មែរក្រោមដែលសុទ្ធសឹងជាមនុស្សស្ថិតនៅឆ្ងាយពីទឹកដីខ្មែរក្រោមជាច្រើនទសវត្សរ៍មកហើយនោះ តើគេអាចជាតំណាងជនជាតិដើមខ្មែរក្រោមក្នុងប្រទេសវៀតណាមដូចម្តេចកើត?”។
លោក ចាប ត្រាន់ អគ្គនាយករដ្ឋបាលសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រាប់វិទ្យុអាស៊ីសេរីពីទីក្រុងញូវយ៉កថា ជារៀងរាល់ឆ្នាំប្រតិភូប្រទេសវៀតណាមតែងបដិសេធវត្តមានរបស់សហព័ន្ធខ្មែរក្រោមក្នុងវេទិកាជនជាតិដើមនោះ ប៉ុន្តែសេចក្តីស្នើរបស់តំណាងប្រទេសវៀតណាមដែលចង់បដិសេធការចូលរួមរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមបានរងប្រតិកម្មតបពីប្រធានអង្គប្រជុំ។
លោក ចាប ត្រាន់ បានបញ្ជាក់ថា ៖ «ពីម្សិលមិញវៀតណាមឡើង២ដង។ វៀតណាមនិយាយម្ដងទៅ ហើយដល់យើងនិយាយហើយ បានគេតវ៉ាទាមទារអង្គប្រជុំហ្នឹង គេថាគេមានសិទ្ធិសម្រាប់តបឆ្លើយរឿងហ្នឹង។ ដល់អ៊ីចឹងទៅប្រធានអង្គប្រជុំក៏ឲ្យតបឆ្លើយ ដល់តបឆ្លើយមិនត្រូវសំណើ គេគោះតុផាំងទៅ។ ចាប់ផ្ដើមនិយាយគេរិះគន់រឿងអង្គប្រជុំហ្នឹង គេថាឲ្យមនុស្សទៅចុះឈ្មោះ ត្រូវតែមើលត្រឹមត្រូវ។ ទី២ហ្នឹង គេថាសហព័ន្ធខ្មែរកម្ពុជាក្រោម… អត់មានសិទ្ធិអីសម្រាប់មកចូលប្រជុំនៅហ្នឹងទេ ហ្នឹងវាធ្វើរាល់ឆ្នាំដែរ Sing the same song every year។ ការចោទប្រកាន់គេហ្នឹង មិនត្រូវមានថ្មីថ្មោងឆ្នាំហ្នឹងទេ ២-៣ឆ្នាំកន្លងមកហើយ រាល់ឆ្នាំហ្នឹង…»៕.