វៀតណាម​ព្យាយាម​បញ្ឈប់​ KKF មិន​ឲ្យ​ចូល​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ UN-ECOSOC

នៅ​ក្នុង​ពេល​ថ្មីៗ​ នេះ​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ពិភព​លោក (Khmers Kampuchea-Krom Federation – KKF) ដែល​ជា​អង្គការ​ក្រៅ រដ្ឋាភិបាល​អន្ដរ​ជាតិ​មាន​មូល​ដ្ឋាន​ នៅ​សហរដ្ឋ​ អាម៉េរិក​បាន​ព្យាយាម ​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក ពិសេស​នៅ​ក្នុង​ក្រុម​ ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​អង្គការ​សហប្រ​ជា​ជាតិ​ហៅ​កាត់​ថា ECOSOC (Economic and Social Council)។ គណៈកម្មាធិការ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​មាន​១៩​ ប្រទេស​ បាន​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​ការ​ដាក់​ពាក្យ​របស់ អង្គការ​សហព័ន្ធ​ខ្មែរ​ កម្ពុជា​ក្រោម​ពិភព​លោក​កាល​ពី​ ខែ​ឧសភា​ ឆ្នាំ​២០១២​កន្លង​ទៅ​។ ប៉ុន្ដែ​តំណាង​ពី​ប្រទេស​វៀត​ណាម​បាន​ប្រឆាំង​ទៅ​នឹង​ការ​ដាក់​ពាក្យ​នេះ​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១២។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​ប្រឹក្សា​ ECOSOC របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២ ខាង​មុន​នេះ​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជា​ទូទៅ​មួយ​ដើម្បី​សម្រេច​ថា​តើ​នឹង​ អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​ លោក​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​ ឬ​ក៏​យ៉ាង​ណា។

លោក ថាច់ ង៉ុក​ថាច់ ដែល​ជា​ប្រធាន​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក​បាន​មាន​ ប្រសាសន៍​ប្រាប់​ Radio Australia ជុំវិញ​រឿង​នេះ។

(សំឡេង​លោក ថាច់ ង៉ុក​ថាច់​ ១)

ប៉ុន្ដែ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រទេស​វៀតណាម​បាន​ធ្វើ​ការ​ប្រឆាំង​នឹង​ការ​ចូល​ជា ​សមាជិក​ភាព​នេះ។ វិទ្យុ​អូស្រ្ដាលី​ទទួល​បាន​នូវ​សេចក្ដី​ប្រកាស​មួយ​របស់​ឯក​អគ្គរដ្ឋ​ទូត​ Le Hoai Trung តំណាង​អចិន្រ្តៃយ៍​នៃ​ប្រទេស​វៀតណាម​នៅ​ក្នុង​គណៈកម្មាធិការ​អង្គការ​ក្រៅ​ រដ្ឋាភិបាល​របស់​អង្គការ​សហប្រ​ជា​ជាតិ​ ដោយ​វៀតណាម​បាន​លើក​ឡើង​ថា អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក​គឺ​ជា​អង្គការ​បរទេស​មិន​មែន ​ជា​អង្គការ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ហើយ​ក៏​មិន​ជា​តំណាង​នៃ​ពល​រដ្ឋ​ខ្មែរ​ក្រោម​នោះ​ដែរ។ ​​វៀតណាម​ចាត់​ទុក​ថា​ខ្មែរ​ក្រោម​គឺ​ជា​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​ វៀតណាម​។​

ចំណុច​មួយ​ទៀត​ដែល​វៀតណាម​បាន​លើក​ឡើង​ផង​ដែរ​នោះ គឺ​គេ​បាន​ចោទ​អង្គការ​សហព័ន្ធ​ខ្មែរ​ពិភព​លោក​ថា ជា​អង្គការ​ដែល​ធ្វើ​ការ​ញុះ​ញ៉ុង​ចង់​ឲ្យ​មាន​ការ​បង្កើត​រដ្ឋ​ឯករាជ្យ​ ដាច់​ចេញ​ពី​ប្រទេស​វៀតណាម​។ ទាំង​នេះ​ប្រទេស​វៀតណាម​បាន​លើក​ឡើង​ថា ផ្ទុយ​ទៅ​នឹង​គោល​ការណ៍​លក្ខន្ដិកៈ​របស់​អង្គការ​សហប្រ​ជាជាតិ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ថាច់ ង៉ុក​ថាច់ ប្រធាន​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បក​ស្រាយ​ប្រាប់​ Radio Australia ថា រឿង​នេះ​មិន​មែន​ដូច្នេះ​នោះ​ទេ។

(សំឡេង​លោក ថាច់ ង៉ុក​ថាច់​ ២)

ទាក់ ​ទង​នឹង​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​ស្ថាន​ទូត​ខ្មែរ​នៅ​បរទេស​វិញ នៅ​ពេល​ដែល​ Radio Australia សាក​សួរ​ទៅ​លោក ថាច់ ង៉ុក​ថាច់ លោក​បាន​ឲ្យ​ដឹង​ថា ទូត​ខ្មែរ​នៅ​បរ​ទេស​មិន​ដែល​បាន​ផ្ដល់​ការ​គាំ​ទ្រ​ជា​ផ្លូវ​ការ​នោះ​ទេ។

(សំឡេង​លោក ថាច់ ង៉ុកថាច់ ៣)

សូម ​ជម្រាប​ថា តាម​ព័ត៌មាន​ដែល​វិទ្យុ​អូស្រ្ដាលី​ទទួល​បាន​ពី​អង្គការ​សហព័ន្ធ​ខ្មែរ​ ក្រោម​ពិភព​លោក​ ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​ក្នុង​ទឹក​ដី​វៀត​ណាម​ខាង​ត្បូង​សព្វ​ថ្ងៃ​មាន​ ចំនួន​ប្រមាណ​៨​លាន​នាក់ ប៉ុន្ដែ​មិន​មាន​ស្ថិតិ​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​អំពី​តួ​លេខ​នេះ​ទេ។

តាម ​ប្រវត្ដិ​សាស្រ្ដ​ទឹក​ដី​ខ្មែរ​ក្រោម​ត្រូវ​បាន​អាណានិគម​និយម​បារាំង​កាល​ ពី​ជំនាន់​ត្រួត​ត្រា​តំបន់​ឥណ្ឌូចិន​ បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម​ទៅ​ឲ្យ​វៀតណាម​នៅ​ក្នុង​ឆ្នាំ​១៩៤៩ ដោយ​ធ្វើ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​រហូត​ដល់​សព្វ​ថ្ងៃ​ មាន​ការ​ខឹង និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ទឹក​ដី​ដែល​បាន​បាត់​បង់​ទៅ​យ៉ាង​ស្រោះ​ៗ​ បែប​នេះ៕ ប្រភពព័ត៌មានៈ  វិទ្យុអូស្រ្តាលី ខេមរភាសា