ថ្ងៃច័ន្ទ ២០ខែធ្នូ ២០១០ ដោយលោក ទីន ហ្សាការីយ៉ា វិទ្យុអាស៊ីសេរី ភ្នំពេញ
ពលរដ្ឋខ្មែរដែលកំពុងរស់ នៅក្នុងទឹកដីកម្ពុជាក្រោម ត្អូញត្អែរថា ពួកគាត់មួយចំនួនកំពុងតែប្រឈម នឹងបញ្ហាធ្វើទុក្ខបុកម្នេញពី អាជ្ញាធរវៀតណាម។
ស្ត្រីខ្មែរកម្ពុជាក្រោមមួយរួប ឈ្មោះ នាង ធួន បានអះអាងថា ខ្លួនគាត់ត្រូវបានអាជ្ញាធរឃុំចូវឡាំង ស្រុកស្វាយទង ខែត្រអាងយាង ប្រទេសវៀតណាម កោះហៅទៅសាកសួរនៅថ្ងៃទី២០ ធ្នូ ដោយចោទប្រកាន់ពី បទចាកចេញពីប្រទេសវៀតណាមខុសច្បាប់ កាលពី ឆ្នាំ២០០៨។
ការកោះហៅស្ត្រីរួបនេះសាកសួរ នៅបន្ទាប់ពីស្វាមី របស់គាត់ត្រូវបានអាជ្ញាធរស្រុកស្វាយទង ប្រទេស វៀតណាមចាប់ខ្លួន កាលពីថ្ងៃទី១៧ ធ្នូ កន្លងទៅ។
អ្នកស្រី នាង ធួន បានរៀបរាប់ថា មន្ត្រីនគរបាលវៀតណាមបានកោះហៅទៅសាកសួរប្រមាណ ៤ម៉ោង ហើយចោទប្រកាន់អ្នកស្រីថា បានចេញពីប្រទេសវៀតណាម ទៅកាន់ប្រទេសថៃដោយខុសច្បាប់ ដោយពិន័យអ្នកស្រីចំនួន ២លាន ៥សែនដុង ស្មើនិងប្រមាណ ៥០ម៉ឺនរៀល ទៅ៥លានដុង ស្មើនិងប្រមាណ១លានរៀល។ អ្នកស្រី នាង ធួន បានអះអាងថា បន្ទាប់ពីគេសាកសួរអ្នកស្រីចប់ គេបង្ខំឲ្យអ្នកស្រីផ្ដិតមេដៃលើឯកសារកំណត់ហេតុចំនួន ៣ទំព័រ សរសេរជាអក្សរវៀតណាម ដោយអ្នកស្រីមិនចេះអានអក្សរវៀតណាមនោះទេ។ ប្រភពដដែលបានលើកឡើងថា កាលពីថ្ងៃទី១៧ ធ្នូ អាជ្ញាធរវៀតណាមទៅចាប់ខ្លួនស្វាមីអ្នកស្រី ឈ្មោះ ចៅ ហេន ដល់ផ្ទះ នៅបន្ទាប់ពីអ្នកស្រី និងប្ដីបានត្រលប់ពីប្រទេសថៃប្រមាណ ១ម៉ោង ដោយមិនបានបញ្ជាក់អំពីមូលហេតុចាប់ខ្លួនច្បាស់លាស់នោះទេ។ អ្នកស្រី នាង ធួន បានសួរទៅនគរបាលវៀតណាម តើពេលណាដោះលែងប្ដីអ្នកស្រីវិញ ប៉ុន្តែគេមិនប្រាប់នោះទេ ដោយគ្រាន់តែប្រាប់ថាលុះត្រាអ្នកឯងឆ្លើយនូវអ្វីដែលគេចង់បាន ទើបគេដោះលែងស្វាមីអ្នកស្រីវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអាជ្ញាធរវៀតណាម និងមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានទេនៅថ្ងៃច័ន្ទ ទី២០ ធ្នូ នេះ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក លោក តាំង សារៈ បានមានប្រសាសន៍ថា វាជាទម្លាប់ទៅហើយ ដែលអាជ្ញាធរវៀតណាមបានធ្វើបាប និងចាប់ខ្លួនខ្មែរកម្ពុជាក្រោម ដែលពួកគេគ្មានទោសកំហុសអ្វីទាល់តែសោះ គ្រាន់តែពួកគេទាមទារដីស្រែចម្ការ ដែលអាជ្ញាធររឹបអូស និងករណីទាមទារសិទ្ធិសេរីភាព ដែលអាជ្ញាធរវៀតណាមគាបសង្កត់ជាដើម។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៨ លោក ចៅ ហេន ធ្លាប់បានដឹកនាំប្រជាពលរដ្ឋខ្មែរក្រោមជាង៦រយនាក់ ធ្វើបាតុកម្មទាមទារដីស្រែចម្ការ ដែលអាជ្ញាធរវៀតណាមរឹបអូសក្នុងអំឡុងពេលឆ្នាំ១៩៨០។ បន្ទាប់ពីបានដឹកនាំធ្វើបាតុកម្ម នៅយប់ថ្ងៃដដែល វេលាម៉ោង ៣ជិតភ្លឺ លំនៅឋានរបស់គាត់ត្រូវបានគេគប់គ្រាប់បែកចូលក្នុងផ្ទះ ទើបគ្រួសារអ្នកស្រីបានរត់គេចខ្លួនទៅកាន់អង្គការ UNHCR នៅប្រទេសថៃ ឲ្យជួយអន្តរាគមន៍ ក្នុងនាមជាជនភៀសខ្លួន តែត្រូវអង្គការនេះមិនទទួលស្គាល់ ហើយបានណែនាំពួកគេឲ្យវិលមកផ្ទះនៅទឹកដីខ្មែរកម្ពុជាក្រោមវិញ ដោយអះអាងថា មិនមានការចាប់ខ្លួននោះទេ។
លោក តាំង សារៈ មិនអាចបញ្ជាក់អំពីចំនួនខ្មែរកម្ពុជាថាមានប៉ុន្មាននាក់នោះទេ ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួននោះ ប៉ុន្តែលោកបញ្ជាក់ពីមូលហេតុដែលអាជ្ញាធរវៀតណាមចាប់ខ្លួនខ្មែរ កម្ពុជាក្រោមថា ដោយសារតែបញ្ហាទាមទារដីស្រែចម្ការ បញ្ហាចេញមកប្រទេសកម្ពុជា ហើយមានទំនាក់ទំនងជាមួយអង្គការ សមាគមខ្មែរកម្ពុជាក្រោមនានានៅកម្ពុជាដើម៕ ប្រភព៖ វិទ្យុអាស៊ីសេរី