វៀតណាម​ផ្ដន្ទាទោស​មនុស្ស ១២ នាក់​ពីបទ​បាតុកម្មហិង្សា​ប្រឆាំង​ចិន​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

មនុស្ស​ចំនួន ១២ នាក់ ត្រូវបាន​តុលាការ​វៀតណាម​ផ្ដន្ទាទោស​ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” នៅក្នុង​បាតុកម្មហិង្សា​មួយ​ប្រឆាំងនឹង​ចិន កាលពី​ខែឧសភា ឆ្នាំ ២០១៤ នេះ ។​VN news

​ព័ត៌មាន​វៀតណាម​ក្នុងស្រុក​បាន​ជូនដំណឹង​ថា តុលាការ​បក្សកុម្មុយនិស្ត​យួន នៃ​ខេត្ត​ដូន​ណៃ នៅ​ថ្ងៃទី ២៣ ខែកញ្ញា បាន​កាត់ទោស​មនុស្ស ១២ នាក់​ឲ្យ​ជាប់គុក​ពី ១០ ខែ​ទៅ ១៦ ខែ ព្រោះ​បាន “​ប្រមូល​ផ្ដុំគ្នា​” បង្ក​អសន្តិសុខ និង​បាន “​ធ្វើ​ឲ្យ​ខូចខាត​ដ៏​ធ្ងន់​” ដល់​រោងចក្រ​ឧស្សាហកម្ម​មួយ​ឈ្មោះ ញើ​ង​ត្រាច (Nhơn Trạch) កាលពី​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៤ ។​

​សាលក្រម​បាន​បញ្ជាក់ថា ក្រុមយុវជន​នេះ បាន​យក​លេស​ការ​ដង្ហែ​ក្បួន​ប្រឆាំងនឹង​ប្រទេស​ចិន ដែល​បាន យក​នាវា​ខួង​ប្រេង​លេខ ៩៨១ មក​ដាក់​នៅលើ​ផ្ទៃសមុទ្រ កន្លែង​ដែល​ក្រុមបាតុករ​ចាត់ទុកថា ជា​របស់​វៀត ណា​ម ដើម្បី​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅតាម​រោងចក្រ​របស់​ចិន ។​

​មនុស្ស​រាប់ពាន់នាក់​បាន​ចាប់ខ្លួន និង​មនុស្ស​ជាច្រើនរូប​ទៀត​ត្រូវបាន​នាំចេញ​កាត់ទោស ក្រោយពី​ការធ្វើ បាតុកម្មហិង្សា​ប្រឆាំងនឹង​ចិន កាលពី​ខែឧសភា បាន​បង្ក្រាប ។​

​កាលពី​ខែមិថុនា កាសែត​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម ដែល​ចេញផ្សាយ​ក្នុងស្រុក​បាន​ផ្សាយ​ថា ការធ្វើ បាតុកម្ម​នេះ មានការ​ញុះញង់​ពី​ជនជាតិ​យួន​នៅក្រៅ​ប្រទេស ។​

​ប្រព័ន្ធ​ឃោសនា​រដ្ឋ​វៀតណាម​ផ្សាយ​ថា “​ក្រោយពី​ការស៊ើបអង្កេត នគរបាល​ទីក្រុង​ព្រៃនគរ (công an TPHCM) បាន​បញ្ជាក់ថា គណបក្ស​វៀត​តឹង ជា​ចលនា​មួយ​ដែលមាន​គោលបំណង​ផ្ដួលរំលំ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម បាន​ឆក់យក​ឱកាស​នេះ ហើយ​ញុះញង់​ឲ្យ​ក្រុមមនុស្ស​អាក្រក់​មួយចំនួន ឃោសនា​ឲ្យ​ពលរដ្ឋ និង កម្មករ មក​បន្ថែម​រាប់រយ​នាក់ ហើយ​វាយកម្ទេច​នូវ​រោងចក្រ នៅតាម​តំបន់ ឧស្សាហកម្ម ផលិត​” ។

​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ហើយ​ឈានដល់​ការផ្ទុះ​អំពើហិង្សា​នេះ បាន​សម្រុក​ទៅរក​ក្រុមហ៊ុន ចិន តៃវ៉ាន់ សិង្ហ​បុរី និង កូរ៉េ ដែល​កំពុងដំណើរការ​នៅ​វៀតណាម បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោច ៤ នាក់​ស្លាប់ និង រាប់រយ​នាក់​រងរបួស ៕