សឺង វិចិត្រ VOKK – ថ្ងៃ ១៧ ខែធ្នូនេះ រដ្ឋាភិបាលវៀតណាមបានចេញអនុក្រឹត្យមួយ អនុញ្ញាតឲ្យនគរបាលមានសិទ្ធិបាញ់ អ្នកប្រឆាំងនឹងសមត្ថកិច្ចកំពុងបំពេញភារកិច្ច ទោះបីត្រូវប្រទះនូវការរិះគន់អំពីអំពើហិង្សារបស់នគរបាល ដោយករណី ត្រូវធ្វើទារុណកម្ម បាត់បង់ជីវិតដោយសារនគរបាលកាន់តែច្រើនឡើង ។

អនុក្រឹត្យ ២០៨/២០១៣ ដែលនឹងមានសុពលភាពចាប់ពី ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ បាននិយាយថា «ដោយសារលក្ខណៈ និង កម្រិតបទល្មើស» «សមត្ថកិច្ចអាចប្រើអំពើហិង្សា» ឬ «បាញ់កាំភ្លើងដើម្បីការពារខ្លួន វាយប្រហារ បង្ក្រាប ចាប់ខ្លួន» ជនណាដែលមានសកម្មភាពប្រឆាំង ។
អនុក្រឹត្យបានបញ្ចេញ នៅពេលដែលករណីប្រជាពលរដ្ឋវៀតណាម ត្រូវនគរបាលធ្វើទារុណកម្មទល់ស្លាប់ក្នុងពេលឃុំឃាំង បណ្ដោះអាសន្នត្រូវបានបង្ហាញជាច្រើនតាមប្រព័ន្ធផ្សព្វផ្សាយ និង បណ្ដាញសង្គមកាន់តែច្រើនឡើង បណ្ដាលឲ្យមានការព្រួយបារម្ភអំពីអំពើហិង្សា និង បង្ក្រាបពីសមត្ថកិច្ច អាចកើន ឡើងច្រើនជាងនេះទៀត ។
ក្រសួងសន្តិសុខបាននិយាយថា ក្នុងរយៈពេលកន្លងនេះ ករណីប្រឆាំងនឹងសមត្ថកិច្ចកាន់តែច្រើនឡើងៗ ។
ទន្ទឹមនឹងនោះ គេក៏បានឃើញថា ករណីធ្វើទារុណកម្ម ដាក់ទណ្ឌកម្ម បណ្ដាលឲ្យស្លាប់មនុស្សក៏ បានធ្វើឲ្យលទ្ធផលក្នុង បញ្ហាសិទ្ធិមនុស្សរបស់វៀតណាមក៏ត្រូវអន់ទៅ ។
ឧទាហរណ៍មួយ គឺករណីរបស់លោក ង្វៀន ថាញ់ ចឹន (Nguyễn Thanh Chấn) អ្នកត្រូវបានប្រកាសថា គ្មានទោស ក្រោយពីជាប់ពន្ធនាគារ ១០ ឆ្នាំ លោកបានប្ដឹងតវ៉ាថា ខ្លួនត្រូវនគរបាលខេត្ត បាក់យ៉ាង (Bắc Giang) ធ្វើទារុណកម្ម ដាក់ទណ្ឌកម្ម បង្ខំឲ្យលោកត្រូវសារភាពថាខ្លួនមានទោស និងបណ្ដាលឲ្យត្រូវជាប់ពន្ធនាគារ មួយជីវិតចំពោះបទ សម្លាប់មនុស្ស ។
ថ្មីៗនេះ កាសែតអ៊ីនធើណិត ទ្រីវៀត ២៤ ម៉ោង (Trí Việt 24h) បានផ្សាយនូវរូបភាព យុវជនមួយឈ្មោះ យឿង វ៉ាំង កាវ (Dương Văn Cao) ត្រូវនគរបាលខណ្ឌ ថាញ់ ទ្រី ហាណូយ (Thanh Trì – Hà Nội ) វាយជាំខ្មៅទាំងប្រាណ ត្រូវនាំ ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយនោះ ក៏បានដោះលែងព្រោះគេមិនរកឃើញភស្តុ តាងចាប់ទោស ណាឡើយ ។
បណ្ដាញសង្គមក៏បានបង្ហោះនូវរូបភាព ខ្សែអាត់សំឡេង និងវិក័យបត្រព្យាបាលនៅមន្ទីរពេទ្យ របស់ ករណី ង្វៀន កុង ធូ (Nguyễn Công Thủ) នៅខេត្ត ទឹកខ្មៅ ប្ដឹងតវ៉ាអនុប្រធាននគរបាលឃុំ ហ៊ឺង មី (Hưng Mỹ) ស្រុក កាយនឿក (Cái Nước) អំពីបទវាយដំច្រំធាក់ខ្លួនគាត់ក្នុងប៉ុស្តិ៍នគរបាលកាលពីថ្ងៃ ១៨ ខែធ្នូ បណ្ដាលឲ្យគាត់ត្រូវដេរលើមុខ ០៧ ស្នាម ។
លោក កុង ធូ បានឲ្យដឹងថា ខ្លួនត្រូវធ្វើទារុណកម្មចំពោះមិនព្រមបង់ពិន័យ ៥០ ម៉ឺនដុង ដោយសារនគរបាលមិន សរ សេរ វិក័យបត្រ ៕