វៀតណាមហាមពលរដ្ឋខ្មែរក្រោមធ្វើបុណ្យចំថ្ងៃ ៤ មិថុនា

ព្រះត្រពាំង, កម្ពុជាក្រោម៖ អាជ្ញាធរវៀតណាមហាមពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោមប្រារព្ធពិធីបុណ្យទាន ផ្សេងៗចំ ឬ ជិតថ្ងៃទី ០៤ ខែមិថុនា ដែលជាថ្ងៃពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេសប្រារព្ធពិធីបុណ្យ «បាត់បង់ ដែនដីកម្ពុជាក្រោម» រៀងរាល់ឆ្នាំ ។

ពុទ្ធបរិស័ទខ្មែរក្រោមនៅភូមិក្រសាំង ចំណុះជើងវត្តចម្ប៉ាអង្គរជ័យ (ចំការ) ឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាមហាមធ្វើពិធីបុណ្យកម្សាន្តស្រុក នៅថ្ងៃទី ០៥ ខែមិថុនាកន្លងទៅនេះ ដោយលើក ហេតុផលថា ថ្ងៃនោះជិតនឹងថ្ងៃទី ០៤ ខែមិថុនា ដែលខ្មែរក្រោមនៅក្រៅប្រទេសប្រារព្ធពិធីបុណ្យ «បាត់បង់ដែន ដីកម្ពុជាក្រោម» ។

អ្នកស្រុកខ្មែរក្រោមម្នាក់នៅក្នុងភូមិក្រសាំងនេះ បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថា ពិធីបុណ្យកម្សាន្តស្រុកនេះ រៀងរាល់ឆ្នាំត្រូវបានចូលបុណ្យនៅថ្ងៃ ១ រោច ខែជេស្ឋ តែឆ្នាំនេះបានលើកមកថ្ងៃ ៤ រោចត្រូវនឹងថ្ងៃទី ០៨ ខែមិថុនា វិញ ព្រោះថ្ងៃ ១ រោចខែជេស្ឋ ឆ្នាំនេះ ត្រូវចំថ្ងៃទី ០៥ ខែមិថុនា ជិតនឹងថ្ងៃខ្មែរក្រោមប្រារព្ធពិធីបុណ្យ ៤ មិថុនា ។

ពលរដ្ឋខ្មែរក្រោមរូបនេះដដែលបានបន្តទៀតថា មូលហេតុដែលនាំឲ្យអាជ្ញាធរវៀតណាមហាមខ្មែរក្រោម ធ្វើបុណ្យចំថ្ងៃទី ០៤ ខែមិថុនា នេះ ព្រោះពួកគេបារម្ភខ្លាចខ្មែរក្រោមយកពិធីបុណ្យទានផ្សេងៗ ធ្វើជាពិធី រំឭកខួបថ្ងៃបារាំងប្រគល់ដែនដីកម្ពុជាក្រោម ឲ្យវៀតណាម ។

អ្នកស្រុកខ្មែរក្រោមបានបន្តទៀតថា ពិធីបុណ្យកម្សាន្តស្រុកមួយនេះ  ពួកគេប្រារព្ធរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃ ៤ រោច ដល់ថ្ងៃ ៦ រោចខែជេស្ឋ ត្រូវនឹងថ្ងៃទី ៨ ដល់ ១០ ខែមិថុនា នេះ ដើម្បីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើនដល់អ្នកស្រុកតាមរយៈពិធីសែនព្រេន និងធ្វើបុណ្យតាមព្រះពុទ្ធសាសនាជាដើម ។

ពិធីបុណ្យកម្សាន្តស្រុកដែលពលរដ្ឋខ្មែរក្រោមបានប្រារព្ធទាំង ៣ ថ្ងៃ នេះ មានពិធីប្រគេនចង្ហាន់ដល់ព្រះសង្ឃ នៅពេលថ្ងៃត្រង់ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សម្ដែងព្រះធម្មវិសេសទេសនាជាដើម ដើម្បីឧទ្ទិសកុសល ដល់ញាតិកា ដែលបានស្លាប់ទៅហើយ ។

សូមបញ្ជាក់ថា ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំនេះ ជាខួបឆ្នាំទី ៦៣ ដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ឲ្យវៀតណាម គ្រប់គ្រងបន្តលើពលរដ្ឋខ្មែរក្រោម កាលពីឆ្នាំ ១៩៤៩ ។ ឆ្នាំនេះ ពលរដ្ឋខ្មែរក្រោម នៅក្រៅ ប្រទេសបាននាំគ្នាប្រារព្ធពិធីរំឭកខួប ថ្ងៃបាត់បង់ដែនដីកម្ពុជាក្រោម ដូចរៀងរាល់ឆ្នាំដែរ តែពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ឬ វៀតណាមខាងត្បូងមិនអាចប្រារព្ធពិធីមួយនេះបានឡើយ ៕