វៀតណាមផ្តន្ទាទោសខ្មែរក្រោម និង ជនជាតិហ្មុង បំពានលើសិទ្ធិជនជាតិដើម

ដោយ សឺង វិចិត្រ l VOKK

នៅថ្ងៃទី ២៦ ខែកញ្ញា កន្លងទៅនេះ យ៉ាង អា ជឺ (Giàng A Chứ ) ជនជាតិហ្មុង (Hmong) នៅខេត្ត ដៀនបៀន (Điện Biên) ត្រូវបានតុលាការបក្សកុម្មុយនិស្តវៀតណាមកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ចំពោះបទល្មើស ‍«ឃោសនាប្រឆាំងរដ្ឋា ភិបាល» តាមមាត្រា ៨៨ នៃ ក្រមព្រហ្មទណ្ឌ ។  ករណីមួយទៀតបានកើតឡើងនៅថ្ងៃ ២៥ និង ២៧ ខែកញ្ញា ពលរដ្ឋខ្មែរ ក្រោមមួយក្រុមនៅខេត្តឃ្លាំង (Sóc Trăng) ត្រូវបានដាក់ពន្ធនាគារពី ១០ ខែ ដល់ ៦ ឆ្នាំ ចំពោះបទល្មើស «បង្កភាពអុកឡុកនៅទីសាធារណៈ» ។

ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែងព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។
ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែងព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។

ចុចស្ដាប់ វៀតណាមផ្តន្ទាទោសខ្មែរក្រោម និង ជនជាតិហ្មុង បំពានលើសិទ្ធិជនជាតិដើម

ព្រះរាជាណាចក្រ ហ្មុង

តាមដីកាចោទប្រកាន់ដែលបានប្រកាសដោយកាសែតក្នុងស្រុក យ៉ាង អា ជឺ អាយុ ២៤ ឆ្នាំ នៅ ភូមិ មឿងតង (Mường Toong) ស្រុក មឿងញ៉ែ (Mường Nhé ) ជាអ្នកមានតួនាទីក្នុងការបះបោររបស់ជនជាតិហ្មុង នៅតំបន់នេះ កាលពីឆ្នាំ ២០១១ ។

​វៀតណាម​ផ្ដន្ទាទោស ក្រុម​ជនជាតិដើម​ភាគតិច​ចំនួន ៨ នាក់ ពីបទ​សន្តិសុខ​ជាតិ​
​វៀតណាម​ផ្ដន្ទាទោស ក្រុម​ជនជាតិដើម​ភាគតិច​ចំនួន ៨ នាក់ ពីបទ​សន្តិសុខ​ជាតិ​

ក៏តាមដីកានេះដដែល យ៉ាង អា ជឺ អង្គការមួយឃោសនាបង្កើតប្រទេសឯករាជ្យមួយសម្រាប់ជនជាតិ ហ្មុង ហើយបានចូល រួម ៦ កិច្ចប្រជុំពិភាក្សា ។ យ៉ាង អា ជឺ ទទួលបានមុខតំណែងជាអ្នកជំនួយការឲ្យ «ប្រធានរដ្ឋ» របស់ «រដ្ឋហ្មុង» ។

គេក៏ត្រូវចោទថា បុគ្គលបានរក្សាទុកឯកសារអ្វីមួយដែលមានលក្ខណៈ «មួលបង្កាច់រដ្ឋាភិបាល» និង «ផ្សព្វផ្សាយសាសនា យ៉ាងជឺ» (Đạo Vàng Chứ’ – ជាសាសនាគោរពបូជាព្រះ ជឺ ជាព្រះឥន្ទ្រ ។

ករណីនេះ ជាការបះបោរប្រឆាំងនឹងអាជ្ញាធរមូលដ្ឋាននៅ ភូមិ ណឹម កែ (Nậm Kè) ស្រុក មឿងញ៉ែ (Mường Nhé ) ខេត្ត ដៀនបៀន (Điện Biên) នាពេលដែលជនជាតិ ហ្មុង រាប់ពាន់អ្នកបានរួបរួមគ្នាបន់ស្រន់ដើម្បី «ចាំទទួលមហាក្សត្រហ្មុង» កាលពីចុងខែ មេសា ដល់ ដើមខែ ឧសភា ឆ្នាំ ២០១១ នាំឲ្យអាជ្ញាធរត្រូវចល័តទ័ព និងនគរបាលចុះបង្ក្រាប ។

ក្រោយនោះ យ៉ាង អា ជឺ ក៏បានភៀសខ្លួនទៅប្រទេសចិន ប៉ុន្តែត្រូវនគរបាលចិនចាប់ ជូនមកនគរបាលវៀតណាម ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម (Vietnam News Agency) បានឲ្យដឹងថា ជនជាប់ចោទ ជឺ «បានសារភាពដោយស្មោះ ត្រង់ និងបានសារភាពកំហុស» ដូច្នោះហើយតុលាការបានកាត់ទោសនៅកម្រិតទាបបំផុត គឺ ឲ្យជាប់គុក ៣ ឆ្នាំ និង ៣ ឆ្នាំ ឃុំឃាំងក្នុងគេហដ្ឋាន ។

កាលពីខែ មីនា ឆ្នាំ ២០១១ តុលាការខេត្ត ដៀនបៀន ក៏បានកាត់ទោស ជនជាតិ ហ្មុង ៨ រូបទៀត ឲ្យជាប់ពន្ធនាគារពី ២ ដល់ ២ ឆ្នាំ កន្លះ ចំពោះអ្នកដែលមានតួនាទីសំខាន់ក្នុងការជួបជុំរបស់ជនជាតិ ហ្មុង នៅ មឿងញ៉ែ ដើម្បីទាមទារបង្កើតរដ្ឋា ភិបាលឯករាជ្យ ។ ប្រាំបីអ្នកនេះ ត្រូវបានចោទចំពោះបទល្មើសអ្វីដែលបក្សកុម្មុយនិស្តយួនហៅ «បំផ្លាញសន្តិភាព» ។

ករណីខ្មែរក្រោមនៅឃ្លាំង៖

វត្តព្រៃជាប់៖

កាលពីថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិព្រៃជាប់ ៥ នាក់ ដែលជាប់ទាក់ទិននឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្តព្រៃជាប់ ត្រូវ បានតុលាការបក្សកុម្មុយនិស្តវៀតណាម ប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្ក អសន្តិសុខ ទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម ។

ជនជាប់ចោទជាពលរដ្ឋខ្មែរក្រោមទាំង ៥ នាក់ នេះ មានស្រុកកំណើតនៅភូមិបៀងដុង A (Bien Dong A ) ឃុំ វិញត្រាច់ដុង (Vinh Trach Dong) ទីក្រុងពលលាវ ខេត្តពលលាវ ម្នាក់ៗត្រូវបានតុការដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាមសម្រេច ប្រកាស សាលក្រមឲ្យជាប់គុក ដូចតទៅ ៖

១.អ្នកស្រី លី ធី សាបុត (Lý Thị Sà Bột) ១ ឆ្នាំ
២.អ្នកស្រី លី ធី យន់ (Lý Thị Dạnh) ១ ឆ្នាំ
៣.អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan) ១ ឆ្នាំ
៤.លោក លី មិន ហាយ (Lý Minh Hải) ១១ ខែ និង
៥.លោក តាំង ផល្លា (Tăng Pho La) ១០ ខែ

ចំណែកអ្នកស្រី លី ធី សាបុត ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ព្រោះគាត់បានភៀសខ្លួនចេញ ទៅក្រៅប្រទេស មុនពេល វៀតណាមចាប់ខ្លួន ។

យោងតាមសេចក្ដីប្រកាសរបស់ចៅក្រមនៅក្នុងអង្គសវនាការនេះថា ពលរដ្ឋខ្មែរក្រោមទាំង ៥ រូបនេះ ត្រូវ បានចោទប្រ កាន់ទោស ព្រោះបានជួយទូងស្គរ និងវៃរគាំងនៅវត្តព្រៃជាប់ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បីប្រឆាំងនឹងការ សម្រេចរបស់រដ្ឋាភិបាលវៀតណាម ក្នុងការចាប់ផ្សឹកព្រះតេជព្រះគុណ លី ចិន្ដា ។

ករណីវត្តសិរីតាសេក៖

មកដល់ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្តឃ្លាំង នៃបក្សកុម្មុយនិស្តវៀតណាមបានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ២ រូបឲ្យជាប់គុកម្នាក់ៗពី ២ ទៅ ៦ ឆ្នាំ ពីបទ “ចាត់តាំងនាំមនុស្សចេញទៅក្រៅប្រ ទេស” និង ” ទទួលប្រាក់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីចាត់តាំង ប្រឆាំងរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម” ។

សាលក្រមនេះ បានសម្រេចផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជាគ្រូសូត្រវត្ត សេរីតា សេកឲ្យ ជាប់ពន្ធនាគារ ៦ ឆ្នាំ ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជាព្រះចៅអធិការវត្ត សេរីតាសេក ឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិរិទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេសក្រៅ ដើម្បីប្រឆាំងរដ្ឋាភិ បាល” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “ចាត់តាំងនាំ មនុស្សរត់ចេញទៅប្រទេសក្រៅ” ។ អ្នកទាំង ៤ រូបនេះ មានស្រុកំណើត ឃុំវិញហាយ (Vĩnh Hải) ស្រុកជ្រោយញរ ខេត្តឃ្លាំង ។

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

នៅក្នុងខែតុលា ឆ្នាំ ២០១៣ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែង ការណ៍ជាភាសាអង់គ្លេសមួយ ហើយបានចេញផ្សាយតាមគេហទំព័រជាផ្លូវការរបស់ខ្លួន បញ្ជាក់ថា “ការដែលវៀតណាម ចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដាក់ពន្ធនាគារនោះ ជាការបំពានលើមាត្រានៃសេចក្ដីប្រកាស ជាសកលស្ដីពីសិទ្ធិ មនុស្ស និងសិទ្ធិជនជាតិដើម ដែលវៀតណាមជាប្រទេសហត្ថលេខី” ។

ក្រុមពលរដ្ឋខ្មែរក្រោមនៅក្នុង និងក្រៅប្រទេសបានលើកឡើងថា ទង្វើរបស់រដ្ឋាភិបាលវៀតណាម ដែលបានចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ព្រមទាំងក្រុមជនជាតិហ្មុងដាក់គុកនេះ វាជាការព្រមាន និងគំរាម មួយមិនឲ្យក្រុមជនជាតិដើមទាំង នេះហ៊ានបញ្ចេញ មតិ ទាក់ទងនឹងការរំលោភមនុស្សរបស់បក្សកុម្មុយ និស្តវៀតណាមតទៅទៀត ។ តែហេតុផលទាំងនេះ របស់រដ្ឋាភិបាលវៀតណាម មិនអាចធ្វើក្រុមជនជាតិដើមទាំងនេះ ឈប់រិះគន់ខ្លួនបានឡើយ ដរាបណាវៀតណាមនៅតែ មាន ការរំលោភសិទ្ធិមកលើពួកគេ ៕