វៀតណាមចាត់ទុក ប្រជាពលរដ្ឋកម្ពុជា ថាជា «ជនរួមជាតិ»

ដោយ សឺង  វិចិត្រ l VOKK

ប្រសិនបើតាមវចនានុក្រមភាសាយួនរបស់លោក ហ្វ៉ាង ហ្វេ (Hoàng Phê) ពាក្យ «ដុងបាវ» (Đồng bào) បានប្រើប្រាស់ សម្រាប់ ជនជាតិយួនដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមហៅគ្នាទៅវិញទៅមក ដោយរាប់អានគ្នាជាអ្នកមានមាតា អូវកឺ (Âu Cơ) និង បិតា ឡាក ឡុង ក្វឹន (Lạc Long Quân) រួមតែមួយ ។

អំណោយរបស់វៀតណាមជូន "ដុងបាវ" កម្ពុជា ។
អំណោយរបស់វៀតណាមជូន “ដុងបាវ” កម្ពុជា ។

ក្នុងរបបកុម្មុយនិស្តពាក្យ «ដុងបាវ» នេះបានប្រើយ៉ាងច្រើន ក្នុងភាសាយួន សម្រាប់ហៅ ៖

១. ជនជាតិយួន (Dân tộc Kinh) មានដើមកំណើតនៅមាតុភូមិប្រទេសវៀតណាម ហើយកំពុងរស់លើទឹកដី វៀតណាម ។

២. ជនជាតិទាំងឡាយដែលកំពុងរស់នៅក្នុងទឹកដីវៀតណាម ប៉ុន្តែមិនមែនជាកម្មាភិបាល ឬ កងទ័ព ។

ពោលគឺពាក្យ «ដុងបាវ» នេះសម្រាប់យួនហៅជនរួមជាតិគេ អ្នកដែលបានទទួលស្គាល់ថា ជារួមពូជ រួមសាសន៍ជាមួយនឹងគេ ហើយក្រោមការគ្រប់គ្រងរបស់រដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម តែប៉ុណ្ណោះ ។

ប៉ុន្តែ ក្នុងពិព័រណ៍ពាណិជ្ជកម្មវៀតណាម កម្ពុជាដែលបានរៀបចំឡើងដោយក្រសួងការពារជាតិ នៃប្រទេសវៀតណាម និង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាពីថ្ងៃ ១៤ ដល់ថ្ងៃ ១៨ ខែ វិច្ចិកា ឆ្នាំ ២០១៣ នៅមណ្ឌលពាណិជ្ជកម្ម និង កម្សាន្តកោះពេជ្រ រាជធានីភ្នំពេញ រដ្ឋាភិបាលវៀតណាមមិនតិចដងទេ បានហៅប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាថា «ដុងបាវ» ។

ការប្រើប្រាស់ពាក្យដោយចេតនានេះរបស់រដ្ឋាភិបាលវៀតណាមសម្រាប់ពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាអាចមានបំណងអ្វី ?

ទីមួយ ៖ មិនមែនជាផ្លូវការ ប៉ុន្តែ វៀតណាមចង់ទទួលស្គាល់ថា ប្រជាពលរដ្ឋកម្ពុជា ជាជនជាតិមួយក្នុងចំណោមហាសិប ប៉ុន្មានជនជាតិរបស់មហាគ្រួសារវៀតណាម ។

ទីពីរ ៖ វៀតណាមបានប្រាប់ពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាដឹងថា វៀតណាមបានទទួលស្គាល់ថា ប្រទេសកម្ពុជាឥឡូវនេះ ជាភូមិភាគមួយដែលនៅក្រោមការត្រួតត្រារបស់គេ ។

ក៏គួររំឭកថា ក្នុងប៉ុន្មានថ្ងៃពិព័រណ៍ពាណិជ្ជកម្មនេះដែរ ក្រុមសិល្បៈប្រជាប្រិយយោធភូមិភាគ ៧ របស់ក្រសួងការពារជាតិយួន បានសម្ដែង នូវបទចម្រៀង និងរបាំប្រពៃណីខ្មែរដោយនឹកស្មានថា ខ្លួនជាម្ចាស់នៃមរតកសិល្បៈទាំងនោះ ពោលគឺពួកគេធ្វើ ហាក់ដូចជាជាម្ចាស់នៃវប្បធម៌ខ្មែរ យកកេរដូនតាខ្មែរមកបង្ហាញខ្មែរ ។

អាចចោទថា ទង្វើទាំងនេះជាទង្វើប្រមាថជាតិខ្មែរពីយួន ហើយនេះក៏ជាអាម៉ាស់មួយដ៏ធំសម្រាប់រដ្ឋាភិ បាលបច្ចុប្បន្នរបស់ ព្រះ រាជាណាចក្រកម្ពុជា ៕