វៀតណាមបដិសេធមិនឲ្យព្រះសង្ឃខ្មែរក្រោម១អង្គចូលស្រុក

ព្រះសង្ឃ​ខ្មែរ​​ក្រោម​១​អង្គ ព្រះ​នាម ថាច់ វាសនា ព្រះ​ជន្ម ២៩​ព្រះ​វស្សា ដែល​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​ ពី​ក្រុង​បាងកក​ទៅ​កាន់​ក្រុង​ហូជីមិញ ត្រូវ​បាន​ប៉ូលស​វៀតណាម​នៅ​ព្រលាន​យន្តហោះ​​ឃាត់​ខ្លួន នៅ​ថ្ងៃ​ទី​១ មេសា​នេះ និង​បង្ខំ​ឲ្យ​ឡើង​យន្ត​ហោះ​ត្រឡប់​ទៅ​ក្រុង​បាងកក​វិញ។ ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ថាច់ វាសនា បាន​មាន​ព្រះ​ថេរដីកា​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ហូជីមិញ​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មក​បួស​រៀន​នៅ​ក្រុង​ភ្នំពេញ ព្រះ​អង្គ​បាន​ចាក​ចេញ​ទៅ​រៀន​បន្ត​វិជ្ជា​នៅ​ក្រុង​បាងកក ប្រទេស​ថៃ រយៈពេល ៣​ឆ្នាំ ហើយ​នៅ​ថ្ងៃ​ទី​១ មេសា​នេះ ព្រះអង្គ​ក៏​បាន​និមន្ត​ចេញ​ពី​បាងកក​ទៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដើម្បី​ទៅ​លេង​ស្រុក​កំណើត​នៅ​ភូមិ​ជ្រៃតាស ឃុំ​ដើមជ្រៃ ស្រុក​មាត់សមុទ្រ ខេត្ត​ព្រះត្រពាំង ប្រទេស​វៀតណាម។

ព្រះអង្គ​មាន​លិខិត​ឆ្លង​ដែន​កម្ពុជា​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ។ ព្រះសង្ឃ ថាច់ វាសនា មាន​ព្រះ​ថេរ​ដីកា​ឲ្យ​ដឹង​ទៀត​ថា ព្រះអង្គ​មិន​ព្រម​ឡើង​យន្ត​ហោះ​ទៅ​ប្រទេស​ថៃ​វិញ​ទេ ព្រោះ​ព្រះអង្គ​មិន​មាន​កំហុស​អ្វី​ទេ ៖ «ឥឡូវ​គេ​មិន​ឲ្យ​អាត្មា​ចូល ស្រុក អាត្មា​ចេញ​ពី​បាងកក​ហ្នឹង មក​ដល់​នេះ​ម៉ោង​៩ ថ្ងៃ​ទី​១ ខែ​៤។ អាត្មា​មក​ពី​បាងកក មក​ទីក្រុង​ព្រៃនគរ ហើយ​ទៅ​លេង​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះ​ត្រពាំង។ អាត្មា​ទៅ​រៀន​នៅ​បាងកក ៣​ឆ្នាំ​ហើយ ពេល​នេះ​អាត្មា​និមន្ត​មក​លេង​ស្រុក។ ឥឡូវ​មក​ដល់​ព្រលាន​យន្ត​ហោះ​ត្រូវ​បាន​ប៉ូលិស​ព្រលាន​ឃុំ​ឃាំង មិន​ឲ្យ​អាត្មា​ចូល​ស្រុក។ គេ​ដេញ​ឲ្យ​អាត្មា​ត្រឡប់​ទៅ​បាងកក​វិញ ហើយ​អាត្មា​មិន​ទាន់​ព្រម​ទៅ អាត្មា​នៅ​តវ៉ា​បន្តិច…»។ ព្រះសង្ឃ ថាច់ វាសនា បាន​មាន​ព្រះ​ថេរ​ដីកា​បន្ត​ថា ៖ «…មូលហេតុ​គេ ថា បញ្ហា​សន្តិសុខ មិន​អាច​ទទួល​អាត្មា​ហ្នឹង​ឲ្យ​នៅ​ក្នុង​ប្រទេស​គេ​បាន​ទេ គេ​ថា​អ៊ីចឹង ហើយ​អាត្មា​បាន​និយាយ​ប្រាប់​គេ​ថា កន្លែង​ហ្នឹង​គឺ​ជា​ប្រទេស​កំណើត​របស់​អាត្មា​ដែរ អ៊ីចឹង​អាត្មា​ទៅ​សិក្សា​រៀន​សូត្រ ហើយ​ត្រឡប់​មក​វត្ត​វិញ សួរ​សុខ​ទុក្ខ​គ្រូ ញាតិ​ញោម បង​ប្អូន ឪពុក​ម្ដាយ​អ៊ីចឹង​ទៅ​ណា៎! គេ​ថា គេ​មិន​អាច​ទទួល​បាន​ទេ ឲ្យ​អាត្មា​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ គឺ​ទីក្រុង​បាងកក»។ ព្រះ​សង្ឃ ថាច់ វាសនា បាន​មាន​ព្រះ​ថេរដីកា​បន្ថែម​ថា ព្រះ​អង្គ​បាន​សុំ​អាជ្ញាធរ​វៀតណាម ​ដើម្បី​ជួប​ជាមួយ​អ្នក​ការទូត​ខ្មែរ​ដែរ ប៉ុន្តែ​គេ​មិន​អនុញ្ញាត​ឲ្យ​ជួបទេ។ មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ការ​ពន្យល់​បកស្រាយ​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នៅ​ឡើយ​ទេ៕ ប្រភពពី RFA .