សឺង វិចិត្រ l VOKK – វៀតណាមបានសន្យាថា នឹងកែទម្រង់ច្បាប់ដើម្បីការពារសិទ្ធិសេរីភាពជាមូលដ្ឋាន របស់មនុស្សឲ្យប្រសើរឡើង និងធានាឲ្យសមស្របនឹងគោលការណ៍អន្តរជាតិស្ដីអំពីសិទ្ធិមនុស្ស ដោយយោង ទៅ តាម របាយ ការណ៍ ដែលវៀតណាមនឹងថ្លែងក្នុងកិច្ចពិនិត្យមើលសិទ្ធិមនុស្សជាទូទៅតាម កំណត់ (UPR) នៅមុខអង្គការសហប្រជាជាតិ ។

របាយការណ៍នេះបានឲ្យដឹងថា សិទ្ធិសេរីក្នុងការបញ្ចេញមតិសិទ្ធិសេរីភាពក្នុងការផ្សាយនិងទទួលបានព័ត៌មាន នៅវៀតណាម កាន់តែប្រសើរឡើង ដោយសារភាពរីកចម្រើននៃឧបករណ៍បច្ចេកព័ត៌មានវិទ្យា ។
កាសែត កងទ័ពប្រជាជន (Quân đội Nhân dân) នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានដកស្រង់របាយ ការណ៍នេះថា «ទីភ្នាក់ងារព័ត៌មាន និង កាសែតធំៗ លើពិភពលោកអាចមកដល់ប្រជាជនវៀត ណាមតាម អ៊ីនធឺណិត» ។
តាមប្រភពព័ត៌មាននេះដដែល របាយការណ៍ UPR របស់វៀតណាមទទួលស្គាល់ថា ច្បាប់ស្ដីអំពីសិទ្ធិ មនុស្ស របស់វៀតណាមនៅមិនទាន់បានឯកភាពគ្នា និងច្បាប់មួយចំនួននៅមិនទាន់សម័យ ដែលបាន កំពុងតែធ្វើការ ការកែទម្រង់ ប៉ុន្តែមានលក្ខណៈយឺតយ៉ាវ ។
វៀតណាមធ្លាប់ជាប្រទេសមួយដែលត្រូវបានគេរិះគន់ធ្ងន់ធ្ងរបំផុតក្នុងពិភពលោកអំពីសិទ្ធិមនុស្ស និងសិទ្ធិ នយោបាយ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសាសនា និង សេរីភាពខាងសារព័ត៌មាន ។ វៀតណាម ក៏នៅ តែ មានឈ្មោះក្នុងតារាងនាមប្រទេសមិនមានសិទ្ធិសេរីភាពព័ត៌មាន និងជា «សត្រូវរបស់អិនធើណិត» របស់ អង្គការការពារសិទ្ធិមនុស្ស ។
តាមការសិក្សារបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ក្នុងឆ្នាំ ២០១៣ នេះ វៀតណាមបានក្លាយ ជាពន្ធនាគារ ធំទី ២ ក្នុងពិភពលោកសម្រាប់ឃុំឃាំងអ្នកប្រើប្រាស់អិនធើណិត បន្ទាប់ពីប្រទេសចិនតែប៉ុណ្ណោះ ។ ក្នុង ៦ ខែដំ បូងនៃឆ្នាំ ២០១៣ នេះ វៀតណាមបានចាប់អ្នកសរសេរប្លុក ៣៥ រូប ដាក់ ពន្ធនាគារ រយៈពេល ១៣ ឆ្នាំ ចំពោះសកម្មភាពអហិង្សា ដើម្បីប្រជាធិបតេយ្យ-សិទ្ធិមនុស្ស ឬ រិះគន់គោលនយោបាយរបស់បក្សកុម្មុយនិស្ត ។
កាលពីខែកន្លងទៅនេះ វៀតណាមបានក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ក្នុង ពេលដែលមានរឿងអាស្រូវអំពីសិទ្ធិមនុស្សកាន់តែកើនឡើង ។
កាសែតក្នុងស្រុករបស់បក្សកុម្មុយនិស្តវៀតណាមបាននាំពាក្យ លោក ហ្វាង ជីទ្រុង (Hoàng Chí Trung) ប្រធាន គណៈកម្មការអន្តរជាតិនៃក្រសួងការបរទេសវៀតណាម ក្នុងពិធីថ្លែងរបាយការណ៍ UPR របស់វៀត ណាមដែល បានធ្វើឡើងនៅថ្ងៃ ៣ ខែធ្នូ នេះ នៅហាណូយ បានឲ្យដឹងថា ក្រោយពេលក្លាយជាសមាជិក ក្រុមប្រឹក្សាសិទ្ធិ មនុស្ស អង្គការសហប្រជាជាតិ វៀតណាមនឹងមានឱកាសចូលរួម និងរៀនសូត្រនូវអ្វីមួយ ដែលលោកហៅថា «បទពិសោធន៍ជាមួយអន្តរជាតិឲ្យសមស្រប » ដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិមនុស្ស នៅវៀតណាម ។ ប៉ុន្តែ សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ដែលមាន ១៧៨ អង្គការការពារសិទ្ធិមនុស្សជា សមាជិក បានថ្លែងនូវចម្ងល់អំពីសមត្ថភាពនេះ ។
តាមបទសម្ភាសន៍មួយជាមួយនឹង VOA សំឡេងសហរដ្ឋអាមេរិកជាភាសាយួន លោកស្រី Julie Gromellon ជាតំណាង FIDH ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ មានប្រសាសន៍ថា ៖
«វៀតណាមមិនបានធ្វើតាមពាក្យសន្យាដែលខ្លួនថានឹងគោរពសិទ្ធិមនុស្សមុនពេលក្លាយជាសមាជិកក្រុម ប្រឹក្សាសិទ្ធិមនុស្សទេ ។ ដូច្នោះហើយ យើងខ្ញុំមិនសង្ឃឹមថា វៀតណាមនឹងគោរពសិទ្ធិមនុស្សក្រោ យ ពេលមាន កៅអីនេះទេ ។ ហើយលទ្ធផលអំពីសិទ្ធិមនុស្សរបស់ក្រុងហាណូយ នឹងមានការរំលោភកាន់តែ ធ្ងន់ធ្ងរជាមុន ។ គេអាចបង្ក្រាបដោយងាយស្រួលទៀតផង ពេលដែលបានចូលក្រុមប្រឹក្សាហើយ ។ ខ្ញុំមិនសង្ឃឹមថា ស្ថានភាព សិទ្ធិមនុស្ស នៅវៀតណាមនឹងបានផ្លាស់ប្ដូរដោយឆាប់រហ័សឡើយ ។»
របាយការណ៍អំពីសិទ្ធិមនុស្សរបស់វៀតណាមនឹងត្រូវថ្លែងក្នុង ខែមករា ឆ្នាំ ២០១៤ នេះ ក៏ជាពេលដែលវៀត ណាមចាប់ផ្ដើមអាណត្តិ ៣ ឆ្នាំ ជាសមាជិកក្រុមព្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ៕