ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
រូបថត ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រមទាំងពលរដ្ឋខ្មែរក្រោម ៦ រូបទៀត ដែលត្រូវបានវៀតណាមផ្ដន្ទាទោស កាលពីខែកញ្ញា ឆ្នាំ ២០១៣ ត្រូវបានក្រុមយុវជនខ្មែរក្រោមអ្នកប្រើ បណ្ដាញសង្គម Facebook ផ្សព្វផ្សាយ និងចែករំលែកតៗគ្នា ភ្ជាប់ជាមួយនឹងការរិះគន់ថា វៀតណាម នៅតែរើសអើងពូជសាសន៍ទៅលើពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ ក្រុមអ្នកប្រើបញ្ញាសង្គម Facebook រិះគន់វៀតណាមថា បានចាប់ផ្សឹក ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី រួចដាក់ពន្ធនាគារ ពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ដោយព្រះសង្ឃទាំងនេះគ្រាន់តែបានផ្ដល់បទសម្ភាសន៍ជាមួយ វិទ្យុសំឡេងកម្ពុជាក្រោម និង វិទ្យុអាស៊ីសេរីនៅក្រៅប្រទេសប៉ុណ្ណោះ ខណៈដែលព្រះសង្ឃជនជាតិយួន ព្រះនាម ថិត ក្វាង ដោ បានបង្កើតសមាគមព្រះពុទ្ធសាសនាឯករាជ្យនៅវៀតណាម និងរដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាមបានចាត់ទុកថា ជាអ្នកប្រឆាំងរដ្ឋាភិបាលតែវៀតណាមមិនបានចាប់ ព្រះសង្ឃ មហាយាន ថិត ក្វាង ដោ ផ្សឹក និងច្រកពន្ធនាគារឡើយ ។

កាលពីថ្ងៃទី ២៥ និងថ្ងៃទី ២៧ ខែកញ្ញា តុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង បានបើកសវនាកាត់ទោសព្រះសង្ឃចំនួន ២ អង្គ និងពលរដ្ឋខ្មែរក្រោមចំនួន ៧ នាក់ ឲ្យជាប់ពន្ធនាគារពី ១០ ខែទៅ ៦ ឆ្នាំ ដោយចោទប្រកាន់ពីបទបង្កឲ្យមានការខូចខាតសណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សម្ភាសន៍ដល់ វិទ្យុសំឡេងកម្ពុជាក្រោម និង វិទ្យុអាស៊ីសេរី ទាក់ទងនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងពីបទប៉ងរត់ចេញទៅក្រៅប្រទេសដើម្បីប្រឆាំងរដ្ឋាភិបាលវៀតណាម ។
ករណីនេះ នៅថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិព្រៃជាប់ ៥ នាក់ ដែលជាប់ទាក់ទិននឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្តព្រៃជាប់ ត្រូវបានតុលាការបក្សកុម្មុយនិស្តវៀតណាម ប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម ។
ជនជាប់ចោទជាពលរដ្ឋខ្មែរក្រោមទាំង ៥ នាក់ នេះ មានស្រុកកំណើតនៅភូមិបៀងដុង A (Bien Dong A ) ឃុំ វិញត្រាច់ដុង (Vinh Trach Dong) ទីក្រុងពលលាវ ខេត្តពលលាវ ម្នាក់ៗត្រូវបានតុការដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាមសម្រេចប្រកាស សាលក្រមឲ្យជាប់គុក ដូចតទៅ ៖
១.អ្នកស្រី លី ធី សាបុត (Lý Thị Sà Bột) ១ ឆ្នាំ
២.អ្នកស្រី លី ធី យន់ (Lý Thị Dạnh) ១ ឆ្នាំ
៣.អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan) ១ ឆ្នាំ
៤.លោក លី មិន ហាយ (Lý Minh Hải) ១១ ខែ និង
៥.លោក តាំង ផល្លា (Tăng Pho La) ១០ ខែ
ចំណែកអ្នកស្រី លី ធី សាបុត ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ព្រោះគាត់បានភៀសខ្លួនចេញទៅក្រៅប្រទេសមុនពេលវៀតណាមចាប់ខ្លួន ។ យោងតាមសេចក្ដីប្រកាសរបស់ចៅក្រមនៅក្នុងអង្គ សវនាការ នេះថា ពលរដ្ឋខ្មែរក្រោមទាំង ៥ រូបនេះ ត្រូវ បានចោទប្រកាន់ទោស ព្រោះបានជួយទូងស្គរ និងវៃរគាំងនៅ វត្តព្រៃជាប់ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បីប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលវៀតណាម ក្នុងការចាប់ផ្សឹកព្រះតេជព្រះគុណ លី ចិន្ដា ។
មកដល់ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្តឃ្លាំង នៃបក្សកុម្មុយនិស្តវៀតណាមបានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ២ រូបឲ្យជាប់គុកម្នាក់ៗពី ២ ទៅ ៦ ឆ្នាំ ពីបទ “ចាត់តាំងនាំមនុស្សចេញទៅក្រៅប្រទេស” និង ” ទទួលប្រាក់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីចាត់តាំង ប្រឆាំងរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម” ។
សាលក្រមនេះ បានសម្រេចផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជាគ្រូសូត្រវត្តសេរីតាសេកឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំ ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជាព្រះចៅអធិការវត្តសេរីតាសេក ឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិរិទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេសក្រៅ ដើម្បីប្រឆាំងរដ្ឋាភិ បាល” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “ចាត់តាំងនាំ មនុស្សរត់ចេញទៅប្រទេសក្រៅ” ។ អ្នកទាំង ៤ រូបនេះ មានស្រុកំណើត ឃុំវិញហាយ (Vĩnh Hải) ស្រុកជ្រោយញរ ខេត្តឃ្លាំង ។
ទង្វើដែលរដ្ឋាភិបាលវៀតណាមបានចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដាក់គុក នៅពេលថ្មីៗនេះ ត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសវៀតណាមថា បានរំលោភបំពានសិទ្ធិ មនុស្ស និងប្រកាន់ពូជសាសន៍លើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម និងថា ការប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទរបស់ពលរដ្ឋខ្មែរក្រោមឋិតនៅក្នុងការភ័យខ្លាច ។
ក្នុងសេចក្ដីថ្លែងការណ៍ជាភាសាអង្គគ្លេស ដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបានចេញផ្សាយជាសាធារណៈ នៅលើគេហទំព័រជាផ្លូវការរបស់ខ្លួន នៅក្នុងខែតុលា ឆ្នាំ ២០១៣ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាលវៀតណាម ចំនួន ៨ ចំណុច ក្នុងនោះមានការទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ទាំង ៦ នាក់ ដោយឥតលក្ខខណ្ឌ និងថ្លែងថា ការដែលវៀតណាមចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដាក់ពន្ធនាគារនោះ ជាការបំពានលើមាត្រានៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ដែលវៀតណាមជាប្រទេសហត្ថលេខី ៕