ដោយ៖ ចៅ មុនីខេមរា
កាលពីថ្ងៃទី២៦ ខែធ្នូ នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម និងកម្ពុជា បានធ្វើជាអធិតីក្នុងកិច្ចចុះហត្ថលេខាមួយស្តីពីកិច្ចព្រមព្រៀមឲ្យវៀតណាមធ្វើអាជីវកម្មបុកស៊ីត(Bauxite) ដាំដំណាំកៅស៊ូ ផ្នែកសុខភាព និងវិនិយោគអគ្គិសនីនៅក្នុង ប្រទេសកម្ពុជា ដែលចំនួនទឹកប្រាក់បានកើនឡើងដល់ ៦ ពាន់លានដុល្លាសហរដ្ឋអាមេរិក ។
សារព័ត៌មានក្នុងស្រុកយួន បានស្រង់សំដីរបស់ក្រុមមេដឹកនាំទាំងពីរ គឺលោក ហ៊ុន សែន និង ង្វៀង តឹងយុង ដែលបានស្ងើចសរសើរអំពីយុទ្ធវិធី នៃការវិនិយោគរវាងប្រទេសកម្ពុជា និងវៀតណាម ។ កាសែតជាច្រើននៅក្នុងស្រុកយួន តាំងពីកាសែតុយុវជនរហូតដល់កាសែតរដ្ឋ បានប្រណាំងប្រជែងគ្នាដាក់ចំណងជើងធំ ៗ នៅលើកាសែតរបស់ខ្លួន ដែលថាវៀតណាមល្បីខាងវិនិយោគចូលទៅកម្ពុជា ។
គួររំលឹកថា ចំពោះព្រឹត្តិការណ៍នេះគឺកើតឡើងក្រោយពីប្រទេសចិន បានសន្យាធ្វើការវិនិយោគរាប់ពាន់លានដុល្លា និង បានឧបត្ថម្ភប្រាក់ជាច្រើនដល់ប្រទេសកម្ពុជា ។
យោងតាមសារព័ត៌មានក្នុងស្រុកយួនដដែល បានឲ្យដឹងថា ភាគីកម្ពុជាដែលមានក្រសួងផែនការវិនិយោគ និងក្រសួងពាណិជ្ជកម្មរបស់យួន បានស្រុះស្រួលមូលមតិគ្នាចុះហត្ថលេខាស្តីអំពីគំរោង នៃកិច្ចសហការណ៍ប្រតិបត្តិការរុក-រក និងធ្វើអាជីវកម្មបុកស៊ីតនៅខេត្តមណ្ឌលគីរី នៃប្រទេសកម្ពុជា ។ ទន្ទឹមនឹងគ្នានេះដែរ រាល់គំរោងនៃការរុករក និងធ្វើ អាជីវកម្មបុកស៊ីតនៅក្នុងប្រទេសវៀតណាមផ្ទាល់ ក៏នៅតែបន្តសកម្មភាព បើទោះបីក្រុមអ្នកជំនាញនៅក្នុងប្រទេស បានធ្វើការបដិសេធន៍ និងជំទាស់យ៉ាងណាក៏ដោយ ។ ទោះជាយ៉ាងណា កាសែតយួនបានលើកឡើងទៀតថា គេមិនដឹងថាបច្ចុប្បន្ននេះ ភាគីកម្ពុជាទទួលរងការរិះគន់ពីក្រុមអ្នកជំនាញនិងក្រុមបញ្ញវ័ន្ត ទាក់ទិននឹងការវិនិយោគរុករក និងធ្វើអាជីវ-កម្មបុកស៊ីតនេះ ឬយ៉ាងណានោះទេ ។ ប៉ុន្តែកាសែតយួនបានអះអាងថា ពួកគេទទួលបានដំណឹងថារដ្ឋមន្រ្តីក្រសួងឧស្សាហ-កម្មរ៉ែ និងថាមពលកម្ពុជា បានប្រគល់អាជ្ញាប័ណ្ណសិក្សាស្រាវជ្រាវលោហៈធាតុរ៉ែបុកស៊ីតនៅខេត្តមណ្ឌលគិរី ឲ្យទៅសម្ព័ន្ធធ្យូង-លោហៈធាតុវៀតណាម ។ ហើយនេះ គឺជាសម្ព័ន្ធមួយដែលបានអនុវត្តគំរោងរុករកបុកស៊ីតនៅតំបន់ខ្ពង់រាប នៃប្រទេសវៀតណាម ដែលបង្កឲ្យមានការជំទាស់យ៉ាងដាច់អហង្ការពីប្រជាពលរដ្ឋ និងក្រុមបញ្ញវ័ន្ត ៕.