វៀតណាមត្រូវអនុវត្តតាមសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិជនជាតិដើម ឲ្យមានប្រសិទ្ធិភាព

ទិវាសិទ្ធិជនជាតិដើមត្រូវ បានប្រារឰជារៀងរាល់ឆ្នាំ នៅពាសពេញពិភពលោក ដោយក្រុមជនជាតិដើម នានា រួមទាំងខ្មែរក្រោម នៅក្រៅប្រទេសផងនាថ្ងៃទី ១៣ ខែកញ្ញា។ កាលបរិច្ឆេទនេះ ត្រូវបានជ្រើសរើស ឡើង ដើម្បីរំឮកដល់ការអនុម័ត និងការប្រកាស នូវសេចក្តីប្រកាសជាសាកល ស្តីពីសិទ្ធិជនជាតិដើម នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០០៧ ដែលគិតរហូតមក ទល់ពេលនេះ​មានរយៈពេល ៤ឆ្នាំ កន្លងទៅហើយ។ សេចក្តីប្រកាសជាសាកលនេះ បានទទួលស្គាល់នូវសិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ជនជាតិ ដើមភាគតិច ទាំងអស់ ទាំងស្ត្រី និងបុរស នៅគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោក ដោយមិនមានការរើសអើងអ្វីទាំងអស់ ជាពិសេសនៅក្នុង​មាត្រានៃសេចក្តីប្រកាសនេះ បានចែងអំពី «សិទ្ធិស្វ័យសម្រេចវាសនាខ្លួន ដោយខ្លួនឯង» របស់ជនជាតិដើម។ ស្តាប់បទសម្ភាសន៍
ចាប់តាំងពីត្រូវបានអនុម័ត នៅឆ្នាំ ២០០៧រួចមក សេចក្តីប្រកាសជាសកលនេះត្រូវបានចាត់ទុកថាជា“ស្តង់ដារ រួមមួយ នៃសមិទ្ធផលរបស់ជនជាតិដើមគ្រប់ប្រជាជាតិ ទាំងអស់” ដែលក្នុងនោះ ក៏មានប្រជាជាតិខ្មែរក្រោម ជាជាតិដើម នៃដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូងប្រទេស វៀតណាមផងដែរ ។
ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១១ នេះមានរយៈពេល ៤ឆ្នាំហើយ ដែលវៀតណាមជាប្រ ទេសហត្ថលេខីមួយ ក្នុងបណ្ដាប្រទេសទាំង ១៤៣ បានគាំ្រទ្រលើសេចក្តីអនុម័តនេះ សារព័ត៌មាន ព្រៃនគរ កត់សម្គាល់ឃើញថា មិនមានការរីកចម្រើនជាវិជ្ជមានណាមួយ ជុំវិញការគោរព និងលើកស្ទួយសិទ្ធិជនជាតិដើមខ្មែរក្រោម នៅដែនដី កម្ពុជាក្រោម ដែលកំពុងធ្វើអាណានិគម ដោយរដ្ឋាភិបាលវៀតណាមឡើយ។ ចំណុចដែលគួរឲ្យព្រួយបារម្ភជា ច្រើន ដែលក្នុងនោះរួមមានដូចជា ការរើសអើងពូជសាសន៍ពីសំណាក់រដ្ឋាភិបាល និងជនជាតិយួន លើពលររដ្ឋ ខ្មែរក្រោមម្ចាស់ស្រុក ការគំរាមកំហែងព្រះ សង្ឃនិងពលរដ្ឋខ្មែរក្រោម មានការចាប់ដាក់គុក ដោយគ្រាន់តែពួកគេ ប្រមូលផ្តុំគ្នាធ្វើ ការទាមទារ ដោយសន្តិវិធីជម្រុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិ ក្នុងការប្រតិបត្តិព្រះពុទ្ធ សាសនា និងបញ្ហាដីធ្លីការហាមពលរដ្ឋខ្មែរក្រោម មើលទូរទស្សន៍ខ្មែរផ្សាយចូលពីប្រទេសកម្ពុជា ការមិនមានសិទ្ធិសម្តែង មតិ អំពីបញ្ហាខ្មែរក្រោម នៅទីសាធារណៈ និងជាពិសេស នៅក្នុងប្រធានបទនេះដដែល ខ្មែរក្រោមមិនមានសិទ្ធិ ប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិជនជាតិដើម នៅក្នុងស្រុកដូចខ្មែរក្រោម នៅក្រៅប្រទេសទេ ។
ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់វៀតណាម ដែលបានចុះហត្ថលេខាគាំទ្រ ចំពោះសេចក្តីអនុម័តនេះ វៀតណាមត្រូវតែអនុវត្តទៅតាមសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិជនជាតិដើមភាគតិចឲ្យមានប្រសិទ្ធិភាពបំផុត ដើម្បីលើកស្ទួយជីវភាព ពលរដ្ឋខ្មែរក្រោមជាម្ចាស់​ស្រុកនៃដែនដីកម្ពុជាក្រោម និងជនជាតិភាគតិចទាំង ៥២ដទៃ ទៀត នៅក្នុងប្រទេសវៀតណាមឲ្យមានការរីកចម្រើន និងថ្លៃថ្នូជាជាងខ្លួនប្រើអំណាចទៅគំរាមកំហែងរំលោភ សិទ្ធិពួកគេ ព្រោះការគោរពសិទ្ធិជនជាតិដើម គឺជាការអភិវឌ្ឍប្រទេសវៀតណាមឲ្យមានការរីកចម្រើនគ្រប់វិស័យ ។ ជាអនុសាសន៍សម្រាប់រដ្ឋាភិបាល វៀតណាម យើងសូមលើទឹកចិត្តឲ្យរដ្ឋាភិបាលវៀតណាម ពិចារណា ឡើងវិញនូវការអនុវត្តតាមសេចក្តី​ប្រកាសជាសកលស្តីពីសិទ្ធិជនជាតិដើម ឲ្យមានប្រសិទ្ធិភាពបំផុត ហើយអំពាវ នាវ សូមគោរពសិទ្ធិខ្មែរក្រោម ដូចខាងក្រោមនេះ ៖
ត្រូវដោះលែងលោក ចៅ ហេន នៅខេត្តមាត់ជ្រូក និងអ្នកស្រី ត្រឹង ធីចូវ នៅខេត្ត ព្រះត្រពាំង អ្នកតវ៉ាដីធ្លី ដែលអាជ្ញាធរ បានចាប់ដាក់គុក កាលពីពេលថ្មីៗនេះ ។
ផ្សព្វផ្សាយនូវសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិជនជាតិដើម ដល់ពលរដ្ឋខ្មែរ ក្រោមបានជ្រាបជាព័ត៌មាន ដើម្បី ពួកគាត់បានដឹងអំពីសិទ្ធិរបស់ខ្លួន ។
អនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោម ប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិជនជាតិដើមជាសាធារណៈ និងបញ្ចេញមតិ ដោយសេរី ។
លុបបំបាត់ការរើសអើងពូជសាសន៍ ចំពោះប្រជាជាតិខ្មែរក្រោម ដោយបង្កលក្ខណៈ ឲ្យពួកគេមានសិទ្ធិស្មើ នឹងជនជាតិយួន ដែលជាអាណានិគមជន ។
បញ្ឈប់ជាបន្ទាន់រាល់ការសួរចម្លើយ និងគំរាមកំហែងព្រះសង្ឃនិងពលរដ្ឋខ្មែរ ក្រោមដែលមានសកម្មភាព ដើម្បី លើកស្ទួយវប្បធម៌ខ្មែរដែលជាវប្បធម៌ផ្ទាល់ របស់ខ្មែរក្រោម នៅកម្ពុជាក្រោមស្របតាមសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិជនជាតិដើម ។ល។ ជាចុងក្រោយ យើងយល់ឃើញថា ការដែលអាជ្ញាធរវៀតណាម ត្បិតត្បៀត និងមានគំនិតចង្អៀតចង្អល់ ចំពោះការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនជាតិ​ដើម​ខ្មែរ ក្រោមនោះ វាជាការធ្វើ ឲ្យប្រទេសវៀតណាមខ្លួនឯងក្លាយជាប្រទេសមួយមាន ដំណើរ​ថយក្រោយគ្រប់វិស័យ និងវៀតណាម ត្រូវបាន សហគមន៍អន្តរជាតិកត់​ សម្គាល់ឃើញថា មិនគោរពនូវអ្វីដែលខ្លួន បានចុះសន្ធិសញ្ញាផ្សេងៗ ជាមួយអង្គ​ការសហប្រជាជាតិ។ អ្វីសំខាន់ជាងនេះ ទៅទៀតនោះ ពលរដ្ឋខ្មែរក្រោម នឹងបានយល់កាន់ច្បាស់ ពីមួយថ្ងៃ ទៅមួយថ្ងៃ ​អំពី​ពុតត្បុត ដែលខ្លួនបានអនុវត្តចំពោះ ពួកគេ​ពេលនោះ អ្វីៗ ដែលជាការឃោសនាលើ​បបូរមាត់ របស់បក្សកម្មុយនិស្តវៀត ណាម​វាលែងមានប្រសិទ្ធិភាពទៀតហើយ ៕
ប្រភពព័ត៌មាន៖ សារព័ត៌មានព្រៃនគរ/ថាច់ ប្រីជាគឿន

.