វៀតណាមដាក់គុកជនជាតិ Hmong ៨ នាក់ពីបទញុះញង់ពូជសាសន៍

ប្រភព៖ សារព័ត៌មាន ព្រៃនគរ៖  តុលាការប្រជាជន វៀតណាម បានប្រកាសសាលក្រម ឲ្យជាប់គុកដល់ ទៅ ៣០ ខែចំពោះជនជាតិដើម ភាគតិច Hmong ៨ នាក់ ពីបទថា បានញុះញង់ឲ្យមាន ការបះបោរ ដែលកម្រមានកាលពីមុនមក នៅតំបន់ខ្ពង់រាប ទិស ពាយ័ព្យភាគខាង ជើងនៃប្រទេសវៀតណាម ។

ប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មាន AP ដែលបាន ចេញផ្សាយនៅថ្ងៃពុធ ទី ១៤ ខែមីនា នេះបានដក ស្រង់សាលដីការបស់ចៅក្រម ផាម វ៉ាំង ណាម (Phạm Văn Nam) នៃតុលាការខេត្តដៀងបៀង (Điện Biên) ថា ជនជាប់ចោទទាំង ៨ នាក់ ខាងលើពីបទថា បានវាយប្រហារទៅលើក្រុមសមត្ថកិច្ច អាជ្ញាធរ និងថាបានញុះ ញង់ឲ្យមនុស្សមកជួបជុំគ្នាដើម្បីបង្កើតជាប្រទេសឯករាជ្យមួយ ។

នៅក្នុងអង្គសវនាការដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ៍ទី១៣ខែមីនា ជនជាប់ចោទពីររូបត្រូវបាន កាត់ទោស ឲ្យជាប់គុក ៣០ ខែ និង ៦ នាក់ដទៃទៀតជាប់គុក ២៤ ខែ ។

ចៅក្រម ផាម វ៉ាំង ណាម ថ្ងៃពុធនេះ បានឲ្យដឹងថា នគរបាលវៀតណាមនៅកំពុង តែស្វែងរកមនុស្ស ៣ នាក់ទៀត ដែលគេចាត់ទុកថាជាមេខ្លោង ។ កាលពីមុន អាជ្ញា ធរវៀតណាមបានថ្កោលទោសក្រុម ជនជាតិ Hmong នៅក្រៅប្រទេសថា ជាមេខ្លោង ដែលនាំឲ្យមានព្រឹត្តិការណ៍បះបោរកាលពីឆ្នាំទៅមិញ នៅស្រុក មឿងញ៉ែ (Mường Nhé) ដើម្បីទាមទារបង្កើតរដ្ឋឯករាជ្យ «ព្រះរាជណាចក្រ Hmong» របស់ខ្លួន ។

ទីភ្នាក់ងារព័ត៌មានបារាំងបានដកស្រង់សម្ដីអាជ្ញាធរវៀតណាមឲ្យដឹងថា ក្រុមជនជាតិ Hmong ទាំងនេះ ត្រូវ បានក្រុមអ្វីមួយដែលអាជ្ញាធរវៀតណាមចាត់ទុកថា «ក្រុមមនុស្សខូច» បញ្ឆោតថា មានព្រះ មហាក្សត្រមួយអង្គ ចេញមកតាមការសន្យា ។

ប្រភពពី CSW ក្រុមចាត់តាំងមួយតស៊ូដើម្បីសេរីភាពសាសនាដែលមានទីស្នាក់ការ នៅប្រទេសអង់គ្លេស បាន ឲ្យដឹងថា វប្បធម៌របស់ជនជាតិ Hmong មានជំនឿអស្ចារ្យ ថា នឹងមាន «ព្រះបាទធម្មិក» ចេញមក ហើយបង្កើតជាព្រះរាជាណាចក្រ Hmong ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅសហរដ្ឋអាមេរិក បាន ដកស្រង់ប្រភព ដែលមិនទាន់បានបញ្ជាក់ថា ជនជាតិ Hmong រាប់សិបនាក់បាន បាត់បង់ជីវិត ឬ ត្រូវរងរបួសក្នុង ករណីបង្ក្រាបដោយអាជ្ញាធរវៀតណាម ។

អាជ្ញាធរវៀតណាមមិនបានយកចិត្តទុកដាក់ដល់បញ្ហាទាក់ទងនឹងកងទ័ពវៀតណាម ដែលបានចុះទៅ បង្ក្រាបការជួបជុំរបស់ក្រុមជនជាតិ Hmong ឡើយ ប៉ុន្តែមេ ដឹកនាំមូលដ្ឋាននៃបក្សកុម្មុយនិស្តវៀត ណាមបាននិយាយជាមួយកាសែតក្នុងស្រុក ថា ក្រុមបាតុករមានកាន់អាវុធ ។

ករណីបះបោរនៅ មឿងញ៉ែ កាលពីខែមេសាដល់ឧសភា ឆ្នាំ ២០១១ កន្លងទៅនេះ ជាករណីបះបោរ ដ៏តឹងតែងបំផុតទាក់ទងនឹងបញ្ហាពូជសាសន៍នៅវៀតណាម ចាប់តាំងពីមានក្រុមជនជាតិម៉ុងតៃញ៉ា ជាង ២.០០០ នាក់ បានភៀសខ្លួនទៅប្រទេស កម្ពុជា ក្រោយពីអាជ្ញាធរបានធ្វើការបង្ក្រាបទៅលើ ក្រុមបាតុករ ដែលបានបះបោរនៅ តំបន់ខ្ពង់រាបកាលពីឆ្នាំ ២០០១ និង ឆ្នាំ ២០០៤ កន្លងទៅនេះ ។

កាលពីឆ្នាំ ២០០៧ អាជ្ញាធរវៀតណាមបានចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ក្នុងនោះ មានព្រះសង្ឃ ខ្មែរក្រោម ៥ អង្គត្រូវបានផ្សឹកហើយញាត់ចូលគុក នៅខេត្តឃ្លាំង ក្រោយពីព្រះសង្ឃជាសមណសិស្សនៃ សាលាបាលីមួយនៅក្នុងទីរួមខេត្ត ឃ្លាំងជាង ២០០ អង្គបានចេញធ្វើបាតុកម្មនៅមុខការិយាល័យ មន្ទីរនគរ បាល ខេត្តឃ្លាំង ដើម្បីទាមទារសិទ្ធិសេរីភាពជូនខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ៕