សូមនមស្សការ ចំពោះគុណបុណ្យ ព្រះរតនត្រ័យ ដោយសេចក្តីគោរព សក្ការៈ!
សូមថ្វាយបង្គំ ព្រះតេជព្រះគុណ កាន់សុផាន់ណារិទ្ធ ជាព្រះអធិបតីជាទី គោរព! សូមថ្វាយបង្គំ ព្រះថេរានុតេ្ថរៈ គ្រប់ព្រះ អង្គជាទីគោរពជ្រះថ្លា!
សូមចម្រើនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទទាំង អស់ជាទីរាប់អាន! ព្រះឧបជ្ឈាយ៍ ព្រះមហា យឿង ស៊ីន ជាវីរសមណៈ ខ្មែរក្រោម មួយអង្គមានការតស៊ូ ដើម្បីសិទ្ធិ សេរីភាពជូនជនរួមជាតិខ្មែរក្រោម។
សូមចុចស្តាប់វិយោគកថា ដែលអានដោយអ្នកនាង សុជាតា នៃវិទ្យុសម្លេងកម្ពុជាក្រោម
ព្រះអង្គបានកសាងវត្តមួយ នៅសង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ ឈ្មោះវត្តសាមគ្គីរង្សី សម្រាប់ព្រះសង្ឃ ដែលភៀសខ្លួន មកពីកម្ពុជាក្រោមស្នាក់នៅអាស្រ័យ និងជាទីកន្លែងសម្រាប់ធ្វើបុណ្យសុន្ទរ៍ទាននៃពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន។
ព្រះសង្ឃខ្មែរក្រោមជាច្រើនបានភៀសខ្លួនមកពីភូមិកំណើត ដោយនយោបាយ ដែលរដ្ឋអំណាចវៀតណាមធ្វើទុក្ខបុកម្នេញ មករស់នៅរាយប៉ាយពាសពេញព្រះរាជាណាចក្រ កម្ពុជា ហើយគ្មានការចងបាច់នឹងគ្នា ព្រះអង្គក៏បានបង្កើត សមាគមព្រះសង្ឃខ្មែរក្រោម ។ ក្នុងទស្សនវិស័យដើម្បីឲ្យព្រះសង្ឃខ្មែរក្រោមមានឯកភាព និងសាមគ្គីភាពក្នុងការប្រតិបត្តិនូវ ពុទ្ធវចនៈ និងញ៉ាំងប្រយោជន៍នៃការសិក្សារៀនសូត្រឲ្យបានជោគជ័យ។ នៅវេលាម៉ោង១២ ថ្ងៃ៥រោច ខែភទ្របទ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា គ.ស.២០១០ ព្រះអង្គក៏ទទួលអនិច្ចធម្ម នៅក្នុងមន្ទីរពេទ្យវិសាលសុខក្នុងព្រះជន្ម ៧៥ព្រះវស្សា។
ដំណឹងយ៉ាងក្រៀមក្រំនេះ ធ្វើឲ្យសម្ព័ន្ធសមណនិស្សិត—និស្សិតខ្មែរកម្ពុជាក្រោម សោកស្តាយ យ៉ាងខ្លាំង ប្រៀបដូចជាទឹកសន្សើមដែលដិតជាប់នូវចុងស្មៅ ហើយហួតរីងបាត់ទៅ ព្រោះអា ស្រ័យកម្តៅព្រះអាទិត្យ យ៉ាងណាមិញអាយុសង្ខាររបស់ព្រះឧបជ្ឈាយ៍ក៏យ៉ាងនោះដែរ។
“កូនទាំងឡាយពឹងបិតាក៏ពុំបាន បិតាពឹងកូនក៏ពុំបាន ផៅពង្សពឹងញាតិក៏ពុំបាន កាលបើ បុគ្គលត្រូវសេចក្តីស្លាប់គ្របសង្កត់ហើយ ពឹងចំពោះញាតិទាំងឡាយពុំបានឡើយ”។
ពុទ្ធភាសិតខាងលើនេះ សម្រាប់ដាស់សតិអារម្មណ៍ដល់ពុទ្ធសាសនិកថា បុគ្គលរស់នៅក្នុង លោកសន្និវាសនេះ ត្រូវតែខំរៀនសូត្រនិងធ្វើប្រយោជន៍ដល់សង្គមជាតិមាតុភូមិ មានតែអំពើ ល្អទេ ដែលជាញាតិជិតស្និទ្ធជូនដំណើរយើងទៅកាន់បរលោកបាន។
គ្មានអ្នកណាម្នាក់ អាចគេចផុតពីមរណៈបានឡើយ។ ថ្ងៃនេះយើងត្រូវបាត់បង់ នូវព្រះអគ្គ មគ្គុទ្ទេសក៍ខ្មែរក្រោមខាងផ្នែកសាសនាមួយព្រះអង្គយ៉ាងពិសិដ្ឋគ្មានគូប្រដូច។ របស់ណាយើង មិនចង់ឲ្យបាត់ទៅ ក៏បែរជាបាត់ទៅវិញ ស្ដាយអើយសែនស្តាយ ស្ដាយទាំងចរិយា ស្ដាយទាំង សកម្មភាព និងពាក្យពេចន៍ ដែលព្រះអង្គធ្លាប់ផ្សាយមកកាន់ប្រជាពុទ្ធបរិស័ទទូទៅឥតរើសមុខ ជាពិសេស កាលណាព្រះសង្ឃនិងបងប្អូនខ្មែរក្រោមភៀសខ្លួនមកកម្ពុជា គ្មានកន្លែងទីពឹង អាស្រ័យ ព្រះអង្គក៏ឲ្យស្នាក់នៅក្នុងវត្តជាបណ្តោះអាសន្ននិងជួយឧបត្ថម្ភចំណីអាហារ ទម្រាំរក កន្លែងឬការងារធ្វើបាន។
រូបំ ជីរតិ មច្ចានំ នាមគោត្តំ ន ជីរតិ រូបកាយនៃសព្វសត្វ តែងវិបត្តិទ្រុឌទ្រោមទៅ កេរ្តិ៍ឈ្មោះ តែងគង់នៅ តាមសភាពការកសាង។
ព្រះអង្គអនិច្ចធម្មទៅក៏ពិតមែន តែការងារដែលជាផលប្រយោជន៍សម្រាប់សង្គម ដែលព្រះអង្គ បានបន្សល់ទុកមិនអាចធ្វើឲ្យប្រជាជនខ្មែរក្រោមបំភ្លេចបានឡើយ។
សម្ព័ន្ធសមណនិស្សិត—និស្សិតខ្មែរកម្ពុជាក្រោម សូមសម្តែងនូវសេចក្តីដឹងគុណ និងសោក ស្តាយយ៉ាងខ្លាំងនូវគំរូវីរភាព ដែលព្រះអង្គបានពលីនិងបូជាជីវិតចំពោះជាតិសាសន៍ ហើយចា រឹកចងចាំនូវទង្វើទាំងនេះនិច្ចនិរន្តរ៍។
ជាចុងក្រោយ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយ យឹតយោងសណ្តោងព្រះវិញ្ញាណក្ខន្ធព្រះឧបជ្ឈាយ៍ ឲ្យបានទៅកើតក្នុងសុគតិភពកុំបីខាន។
សូមអរព្រះគុណ និងអរគុណ!
ការិយាល័យសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១០