វិទ្យុ​សម្បុក​ឃ្មុំ​នឹង​ផ្សាយ​អំពី​សន្និសីទ​ខ្មែរ​ក្រោម​បន្ត​ផ្ទាល់​ពី​បារាំង​នា​ថ្ងៃ​១៣ មិថុនា

នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​សំឡេង​ប្រជា​ពលរដ្ឋ​ទ្រទ្រង់​ព្រះ​ ពុទ្ធ​សាសនា ដែល​អ្នក​ស្ដាប់​នៅ​កម្ពុជា​ស្គាល់​ជា​ទូទៅ​ថា​វិទ្យុ​សម្បុក​ឃ្មុំ​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​នេះ​ថា ស្ថានីយ​របស់​លោក​នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ប្រទេស​បារាំង​ស្ដីពី​ សន្និសីទ​ទិវា​ខ្មែរ​ក្រោម​ខួប​ឆ្នាំ​ទី​៦០ នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉ារីស នៅ​ចន្លោះ​ម៉ោង ២ ទៅ​ម៉ោង ៤​រសៀល ម៉ោង​នៅ​កម្ពុជា នា​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មិថុនា ខាង​មុខ​នេះ។

លោក ម៉ម សូណង់ដូ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​មុន​នេះ​បន្តិច​ថា ដោយ​បញ្ហា​ខ្មែរ​ក្រោម គឺ​ជា​បញ្ហា​ខ្មែរ​ជា​ទូទៅ លោក​ពុំ​បាន​គិត​ថា​ការ​ផ្សាយ​នេះ​នឹង​មាន​ផល​ប៉ះពាល់​អ្វី​ទៅ​នឹង​ទំនាក់​ ទំនង​ក្រុង​ហាណូយ​ជាមួយ​រាជ​រដ្ឋាភិបាល​ភ្នំពេញ​ឡើយ។

លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​ធ្វើ​ករណីយ​កិច្ច​ របស់​ខ្ញុំ។ ករណីយ​កិច្ច​របស់​ខ្ញុំ គឺ​ផ្សព្វ​ផ្សាយ​អ្វី​ដែល​ខ្មែរ​កម្ពុជា​ក្រោម មាន​សកម្មភាព​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព ទី​១ ហើយ​ទី​២ ខ្ញុំ​យល់​ថា បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម គឺ​បញ្ហា​របស់​ខ្មែរ ១០០% ហើយ​ទី​៣ ទាក់ទង​ទៅ​នឹង​ប្រវត្តិ​សាស្រ្ដ​ខ្មែរ ត្រូវ​ឲ្យ​ខ្មែរ​ទាំង​អស់​គ្នា​យល់​ច្បាស់​អំពី​បញ្ហា​កម្ពុជា​ក្រោម ដែល​ជា​បញ្ហា​អ្វី​មួយ ឬ​ក៏​បញ្ហា​សាសន៍​មួយ​ដែល​កើត​នៅ​ក្នុង​កម្ពុជា​ក្រោម​នៅ​ក្នុង​ស្រុក​យួន​ តែ​ម្ដង ឬ​ក៏​មូលហេតុ​យ៉ាង​ដូចម្ដេច​បាន​មាន​កម្ពុជា​ក្រោម? ហេតុអ្វី​បាន​ខ្ញុំ​ថា បញ្ហា​របស់​ខ្មែរ? ពីព្រោះ​បារាំង​បាន​កាត់​ដី​ខ្មែរ​ហៅ​ថា​កម្ពុជា​ក្រោម​ទៅ​ឲ្យ​យួន ប៉ុន្តែ​បារាំង មិន​បាន​កាត់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ទៅ​យួន​ទេ»។

ចំណែក​អតីត​អគ្គលេខាធិការ​រង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​អតីត​ តំណាងរាស្រ្ដ​មណ្ឌល​កំពង់ធំ គឺ​លោក នឹង ស៊ិន ដែល​មាន​ឈ្មោះ​ដើម សឺន សំរេច ហើយ​ដែល​ជា​សមាជិក​ខ្មែរ​ក្រោម​មួយ​រូប ក្នុង​ចំណោម​សមាជិក​ជាង ២០​រូប​ផ្សេង​ទៀត​ពី​សហរដ្ឋ​អាមេរិក​និង​កាណាដា ដែល​បាន​ទៅ​ដល់​ទីក្រុង​ប៉ារីស ៤​ថ្ងៃ​មុន​ទិវា​ខ្មែរ​ក្រោម​ចាប់​ផ្ដើម​នោះ បាន​មាន​ប្រសាសន៍​ថា ក្រុម​លោក​ដែល​មាន​កំណើត​ខ្មែរ​ក្រោម​ពុំ​មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​តស៊ូ ​អហិង្សា​នេះ​ឡើយ ៖ «យើង​ខ្ញុំ​ចង់​បង្ហាញ​ពិភពលោក​ថា យើង​ខ្ញុំ​ត្រូវតែ​ធ្វើការ​តស៊ូ​អហិង្សា​មួយ​ដែល​គ្មាន​ជម្រើស ជម្រើស​គឺ​ត្រូវ​តែ​ធ្វើ អត់​មាន​ជម្រើស​ណា​ផ្សេង​ទេ ដើម្បី​រស់​ជា​មនុស្ស ក្នុង​នាម​ប្រជា​ពលរដ្ឋ​ខ្មែរ មាន​សេចក្ដី​ថ្លៃថ្នូរ មិន​អាច​ព្រងើយ​កន្តើយ»។

រីឯ​លោក ថាច់ ង៉ុកថាច់ នាយក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក​ឲ្យ​ដឹង​ថា ទិវា​ខ្មែរ​ក្រោម​លើក​នេះ​សំខាន់​ណាស់ ព្រោះ​ថា​ក្រៅ​ពី​ហេតុផល​មួយ​ចំនួន​នោះ សហគមន៍​អឺរ៉ុប​នឹង​ត្រូវ​បាន​ស្នើ​ឲ្យ​បន្ត​ការ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ ហាណូយ ឲ្យ​ដក​កណ្ដាប់​ដៃ​ដែក​របស់​ខ្លួន ដើម្បី​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​មាន​សិទ្ធិ​សម្រេច​ភ័ព្វ​វាសនា​របស់​ខ្លួន​ ដោយ​ខ្លួន​ឯង។

លោក ថាច់ ង៉ុក​ថាច់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ទី​១ ខួប​ទី​៦០ គឺ​សំខាន់ ទី​២ ប្រទេស​បារាំង​ជា​អ្នក​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​យួន​គ្រប់គ្រង​លើ​ទឹកដី​ កម្ពុជា​ក្រោម។ យើង​មក​ទី​នេះ ដោយ​មាន​ការ​សហការ​ជាមួយ​អង្គការ UNPO អង្គការ TRP ហៅថា Trans-national Radical Party មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ក្រុង​ហាវ៉ៃ ព្រមទាំង​យើង​បាន​អញ្ជើញ​តំណាង​សភា​អឺរ៉ុប តំណាង​អង្គការ​សហ​ប្រជាជាតិ អ្នក​ឯកទេស​ច្បាប់​អន្តរជាតិ​ឲ្យ​មក​ចូលរួម។ ដូច្នេះ​ក្រោយ​ពី​ខួប​រំឭក​ការ​បាត់បង់​ទឹក​ដី​ទៅ គឺ​យើង​នឹង​រៀបចំ​ការ​តវ៉ា​តាម​លក្ខណៈ​ផ្លូវ​ច្បាប់ តវ៉ា​ទៅ​តាម​គណៈកម្មការ​២១ ដក​នឹម​អាណានិគម​ចេញ​ពី​ការ​គ្រប់គ្រង​ទឹក​ដី​កម្ពុជា​ក្រោម។ ទី​២ យើង​ជំរុញ​ទៅ​ដល់​ក្រុង​ហ្សឺណែវ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ហើយ​ចំពោះ​មូលហេតុ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មក​លើ​ខ្មែរ​ក្រោម។ ទី​៣​ទៀត គឺ​ថា​យើង​ជំរុញ​តាម​លក្ខណៈ​តុលាការ»៕
អត្ថបទវិទ្យុអាស៊ីសេរី.