វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម អ្នកលីពូថៅដើរកាត់ផ្សារ

ដោយ៖ សឺង សម្រេច/VOKK

នៅពេលដែលប្រទេសទាំងឡាយក្នុងពិភពលោកទាំងមូល រាប់ទាំងប្រទេសដែល ធ្លាប់តែមានឈ្មោះលេចធ្លោក្នុងរឿងរំលោភសិទ្ធិមនុស្ស ជាឧទ្ទាហរណ៍មានប្រទេសភូមា ជាដើម កំពុងតែទទួលបាននូវការកោតសរសើរពីមជ្ឍដ្ឋានអន្តរជាតិ ថាបានធ្វើការផ្លាស់ប្តូរ មួយប្រកបដោយវិជ្ជមាននោះ​ គេសង្កេតឃើញថា រដ្ឋាភិបាលនៃប្រទេសវៀតណាម បែរជា កំពុងដើរបញ្ច្រាស់ទិស ដោយបង្ហាញនូវឥរិយាបថកាន់តែអាក្រក់ឡើងទៅវិញ ដោយបាន ចាប់ព្រះសង្ឃនិងពុទ្ធបរិស័ទ្ធខ្មែរក្រោមដាក់ពន្ធនាគារ និងធ្វើទារុណកម្ម ដោយគ្មានក្រែង រអែងចំពោះភ្នែកពិភពលោកឡើយ។

បើយោងលើមូលហេតុនៃការចោទប្រកាន់ ដែលនាំឲ្យមានការចាប់ព្រះសង្ឃនិងពុទ្ធ បរិស័ទ្ធខ្មែរក្រោមនេះ គឺការដែលព្រះសង្ឃខ្មែរក្រោមបានទាក់ទងជាមួយសមាគមខ្មែរនៅ បរទេស និងការបើកបង្រៀនអក្សរខ្មែរនៅក្នុងវត្ត នៃទឹកដីកម្ពុជាក្រោម ។ ការចោទប្រកាន់ពី សំណាក់របបកុម្មុយនិស្ត ដែលតែងប្រើអំណាចជាប្រពៃណីនេះ គឺជាការរំលោភបំពាន ទាំងស្រុង ទៅលើសេចក្តីប្រកាសសិទ្ធិមនុស្សជាមូលដ្ឋាន និងទៅលើសេចក្តីប្រកាសរបស់ អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច ដែលប្រទេសវៀតណាមជាភាគី ហត្ថលេខី នៅឆ្នាំ២០០៧។

បើតាមការសិក្សាឡើងវិញ អំពីសេចក្តីប្រកាសសិទ្ធិជនជាតិដើមភាគតិច យើង សង្កេតឃើញថា វៀតណាមបានរំលោភស្ទើរតែទាំង៤៦មាត្រាដែលមានចែង ហើយមិន មែនទើបតែរំលោភនៅពេលនេះទេ គឺរំលោភជាយូរអង្វែង សឹងតែរាប់រយឆ្នាំមកហើយ។ ប៉ុន្តែដោយខ្មែរក្រោមយើងជាអ្នកស្រឡាញ់សេចក្តីសុខសន្តិភាព នោះម្យ៉ាង ម្យ៉ាងដោយ ពួកយើងប្រៀបដូចជាកូនចៅដែលរស់ក្នុងសំបុកឥតមេបារជួយឃុំគ្រង ជាម្ចាស់លើដីខ្មែរ បានត្រូវគេពុះច្រៀកប្រគល់ទៅឲ្យរស់នៅក្រោមនឹមដែករបស់វៀតណាមនោះ យើងគ្មាន ជំរើសអ្វី ក្រៅពីអត់ទ្រាំរស់នៅក្នុងភាពជាពលរដ្ឋថ្នាក់ទីពីរ ក្រោមការប្រមាថមើលងាយ និងការបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ រយឆ្នាំកន្លងទៅ ទឹកភ្នែកខ្មែរក្រោមដែលហូរ ជាបឹងស្ទឹងទន្លេ ឈាមខ្មែរក្រោមកកជាដុំ បានត្រូវវៀតណាមបំបិទជិតឈឹង គ្មានអ្នកណា ដឹងបាន មិនខុសពីទុក្ខវេទនារបស់បងប្អូនខ្មែរកណ្តាល ដែលត្រូវពួកខ្មែរក្រហមបិទជិត ពីភ្នែកពិភព លោកក្នុងរយៈពេលគ្រប់គ្រងរបស់របបនេះឡើយ។ ហើយរហូតដល់ពេលនេះ ក៏ខ្មែរក្រោមមិនបានទាមទារសុំអ្វី ក្រៅពីសិទ្ធិដើម្បីបានខ្យល់ដកដង្ហើម បានរស់ក្នុងន័យ ជាជាតិខ្មែរ បន្តវេនពីបុព្វបុរសជាដូនតារបស់ខ្លួន លើដីកំណើតតែប៉ុណ្ណោះ។ សិទ្ធិទាំងនោះ ក៏មានចែងដោយសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស និងសិទ្ធជន ជាតិដើម ។ យើងសូមលើកយកតែមាត្រាដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិថ្មីៗ ពីសំណាក់ រដ្ឋាភិបាលវៀតណាម ដែលមាត្រាទី១២នៃសេចក្តីប្រកាស មានសេចក្តីជាភាសាអង់គ្លេសថា

Article 12:

1. Indigenous peoples have the right to manifest, practice, develop and teach their spiritual and religious traditions, customs and ceremonies; the right to maintain, protect and have access in privacy to their religious and cultural sites; the right to the use and control of their ceremonial objects; and the right to repatriation of their human remains.

2. States shall seek to enable the access and/or repatriation of ceremonial object and human remains in their possession through fair, transparent and effective mechanisms developed in conjunction with indigenous people concerned.

មានន័យជាភាសាខ្មែរថា៖

ជនជាតិដើមភាគតិចមានសិទ្ធិបង្ហាញ ប្រតិបត្តិ អភិវឌ្ឍន៍ និងបង្រៀន ប្រពៃណី ខាងជំនឿ និងសាសនារបស់ខ្លួន ទំនៀមទម្លាប់ និងពិធីបុណ្យផ្សេងៗ ហើយមានសិទ្ធិរក្សា ការពារ និងមានសិទ្ធិជាឯកជន ក្នុងការប្រើប្រាស់ទីកន្លែងសាសនា និងវប្បធម៌របស់ខ្លួន។ មានសិទ្ធិប្រើប្រាស់ និងគ្រប់គ្រងវត្ថុសម្រាប់ពិធីបុណ្យនានា និងមានសិទ្ធិនាំអដ្ឋិធាតុ ត្រឡប់មកដែនដីកំណើតរបស់ពួកគេ។

២-រដ្ឋនានា ត្រូវព្យាយាមបង្កលក្ខណៈងាយស្រួលដល់ការទទួលយកមកប្រើប្រាស់ នូវវត្ថុសម្រាប់ពិធីបុណ្យ និង/ឬនាំត្រឡប់មកដែនដីកំណើតវិញ នូវវត្ថុសម្រាប់ពិធីបុណ្យ និងអដ្ឋិធាតុមនុស្ស ដែលជាភោគទ្រព្យរបស់ពួកគេ តាមរយៈយន្តការយុត្តិធម៌ តម្លាភាព និងប្រសិទ្ធិភាព ដែលយ​ន្តការនេះបានបង្កើតឡើងរួមគ្នា ជាមួយជនជាតិដើមភាគតិច ពាក់ព័ន្ធ។

យើងខ្ញុំចាត់ទុកថា កាយវិការរបស់អាជ្ញាធរវៀតណាមនាពេលនេះ ជាការរំលោភ ដ៏ជាក់ស្តែង ធ្វើឡើងដោយរបៀបព្រៃផ្សៃបំផុត ទៅលើព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមនោះ មិនមែនជាទង្វើប្រកបដោយភាពវៃឆ្លាតឡើយ។ ពិភពលោកទាំងមូល បានដឹង បាន​ឮថា កម្ពុជាក្រោមជាអតីតដែនដីរបស់ខ្មែរ ហើយក៏បានដឹងដែរ អំពីថា ជនជាតិខ្មែរ មានចរិត ជាជនជាតិស្លូតត្រង់ ស្រឡាញ់សន្តិភាព។ ដូច្នេះ ការតម្លើងធ្មុង បញ្ចេញចង្កូមរបស់អាជ្ញាធរ វៀតណាម ទៅលើព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមពេលនេះ គ្រាន់តែបានបង្ហាញ អំពីចរិត ប្រើអំណាចបំពារបំពានតាមតែអាចធ្វើទៅបាន ជាអាកប្បកិរិយាកម្រោលចូល ហួសសម័យ មិនខុសពីអ្នករស់នៅព្រៃភ្នំម្នាក់ ដែលកំពុង លីពូថៅដើរកាត់ផ្សារ “នោះឡើយ ។ ហើយ ពិភពលោកទាំងមូល ដែលត្រូវបានដឹងបានឮពីរឿងនេះ នឹងធ្វើការវិនិច្ឆ័យថា តើអ្នកលី ពូថៅកាត់ផ្សារ និងអ្នកត្រូវមុតដោយផ្លែពូថៅ មួយណាជាជនរងគ្រោះពិតប្រាកដ ?