វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ តម្លៃនៃការតស៊ូមតិ

ដោយ៖ សឺង សម្រេច/VOKK

ទោះជាប្រជាពលរដ្ឋខ្មែរក្រោម បានត្រូវកាត់ចេញ ជាមួយនឹងទឹកដីកម្ពុជាក្រោមដោយអាជ្ញាធរ បារាំង

ហើយប្រគល់ទៅឲ្យប្រទេសវៀតណាមកាន់កាប់ត្រួតត្រា តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ក៏ដោយ… ទោះជាប្រជាពលរដ្ឋខ្មែរក្រោម ត្រូវតែទទួលបញ្ជាអ្វីៗទាំងអស់ ពីអាជ្ញាធរវៀតណាម រាប់ទាំង ការឈរគោរពទង់ជាតិរបស់ប្រទេសនេះ ក៏ដោយ…

ទោះជាខ្មែរក្រោម ទាំងព្រះសង្ឃនិងគ្រហស្ថ បានទទួលការគាបសង្កត់ និងគម្រាមកំហែង ក្នុង នយោបាយបំបាត់ពូជសាសន៍ខ្មែរ ពីសំណាក់អាណានិគមយួនក៏ដោយ…

ប៉ុន្តែខ្មែរនៅកម្ពុជាក្រោមដោយភាគច្រើន ហាក់ដូចជានៅតែចាត់ទុកប្រទេសកម្ពុជាជាមាតុភូមិ រួមរបស់គេ ទុកព្រះមហាក្សត្រខ្មែរជាស្តេចរបស់គេដែរ ហើយតែងចាត់ទុកថា សុខទុក្ខរបស់ខ្មែរនៅទី ណា គឺជាសុខទុក្ខរបស់ខ្មែរជាទួទៅ។ រឿងនេះ មិនខុសពីនិរន្តរភាពនៃភូមិសាស្ត្រ និងប្រវត្តិសាស្ត្រ ដែលមានភស្តុតាងជាច្រើន ជាសិលាចារឹកឬជាវត្ថុបុរាណដែលបានមកពីកំណាយស្ថានីយ៍ប្រវត្តិសាស្ត្រ បុរាណនានា បានបញ្ជាក់ជាសាក្សីថា ខ្មែរនៅកម្ពុជាក្រោមសព្វថ្ងៃ ក៏គឺជាខ្មែរដែលបន្តពូជខ្សែសម័យ នគរភ្នំ និងសម័យចេនឡា តាំងតែពីសតវត្សរ៍ទី១នៃគ្រិស្តសករាជមក។

ដូច្នេះហើយ បានជានៅពេលដែលប្រទេសកម្ពុជា បានត្រូវពួកយៀកកុងវាយលុក កាលពីដើម ឆ្នាំ១៩៧០ គេឃើញទ័ពខ្មែរក្រោម ម៉ៃហ្វក និង កន្សែងស រាប់ម៉ឺននាក់ បានលើកគ្នាមកជួយវាយតទប់ ជាមួយពួកយួនឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីខ្មែរ ទោះជាមាតុភូមិខ្លួនឯងនៅកម្ពុជាក្រោម កំពុងតែនៅក្រោមការត្រួតត្រាជិះជាន់សង្កត់សង្កិនពីសំណាក់រដ្ឋាភិបាលយួនក៏ដោយ។ ភស្តុតាងមួយ ទៀត គឺពេលព្រះករុណាព្រះបាទ នរោត្តម សីហនុ សោយទីវង្គត ក៏មានខ្មែរក្រោមជាច្រើនបានឆ្លងដែន ឡើងមកគោរពព្រះសព និងសំដែងក្តីទុក្ខសោកក្តុកក្តួលរួមជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅកម្ពុជាដែរ។ ថ្មីៗនេះ នៅពេលពិធីបុណ្យបញ្ចុះសីមាវត្តសិរីសាគរ អង្កោល ខេត្តព្រះត្រពាំង កម្ពុជាក្រោម ក៏មានការ តាំងព្រះឆាយាលក្ខរបស់ព្រះមហាក្សត្រខ្មែរ ដូចមានឃើញក្នុងរូបថតរបស់សារព័ត៌មានព្រៃនគរស្រាប់។ ទាំងអស់នេះសឲ្យឃើញថា យួននិងបារាំងកាត់ដីនិងទឹកបានតែតាមផែនទីទេ ត្រង់កាត់សាច់ឈាមខ្មែរ ឲ្យដាច់ចេញពីគ្នា គឺពុំអាចធ្វើបានឡើយ។

គេក៏សង្កេតឃើញដែរថា មានវរជនខ្មែរជាច្រើន ដែលមានកំណើតនៅកម្ពុជាក្រោម ហើយបាន មករៀនសូត្រ និងបម្រើការនៅប្រទេសកម្ពុជា រហូតដល់ភ្លេចអំពីសេចក្តីទុក្ខលំបាកវេទនារបស់បងប្អូន សាច់សារលោហិតខ្លួន នៅឯកម្ពុជាក្រោមទៀតផង។

យើងនិយាយនេះគ្រាន់តែចង់បញ្ជាក់ អំពីទឹកចិត្តខ្មែរក្រោមដែលស្រឡាញ់ខ្មែរ។ ហើយសារធាតុ ពិតនៃសេចក្តីស្រឡាញ់នេះ  គឺជាសេចក្តីស្រឡាញ់ដ៏ស្មោះអស់ពីដួងចិត្ត បើប្រៀបទៅនឹងសេចក្តី ស្រឡាញ់ ដែលអ្នកដឹកនាំយួនមានចំពោះខ្មែរ ទោះនៅកម្ពុជាក្រោម ឬចំពោះខ្មែរនៅកម្ពុជាវិញនោះ វាប្រាកដជាខុសគ្នាដូចមេឃនិងដី។

បែរមកមើលស្ថានការណ៍នៅព្រះរាជាណាចក្រកម្ពុជាពេលថ្មីៗ ចំពោះការដោះលែងលោក ម៉ម សូណង់ដូ ជានាយកនៃវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ពីគុកទួលស្លែង នៅថ្ងៃ សុក្រ ទី១៥ ខែមិនាឆ្នាំ២០១៣នេះ យើងបានទូរសព្ទទៅស្ទាបស្ទង់ពីមតិខ្មែរនៅកម្ពុជាក្រោម ហើយ បានដឹងថា ជាទួទៅ ខ្មែរក្រោមបានសំដែងនូវសេចក្តីត្រេកអរជាពន្លឹក ចំពោះការសម្រេចរបស់តុលាការ និងរដ្ឋាភិបាលខ្មែរ ដែលហាក់ដូចជាបានចាប់ផ្តើមបើកទូលាយ ចំពោះសេរីភាពនៃការបញ្ចេញមតិ។

វិទ្យុសំឡេងកម្ពុជាក្រោមក៏សូមរួមចំណែកជាមួយខ្មែរក្រោម ទាំងនៅកម្ពុជាក្រោម ក៏ដូចជានៅ គ្រប់ទីកន្លែង អបអរសាទរចំពោះការបើកបង្អួចនៃសេរីភាពបញ្ចេញមតិនេះនៅកម្ពុជា។ ហើយនេះក៏ជា សក្ខីភាពមួយ នៃជំហ៊រដ៏រឹងពឹងគួរឲ្យសរសើរ របស់លោក ម៉ម សូណង់ដូផ្ទាល់ រួមជាមួយនឹងអ្នកដែល គាំទ្រចំពោះរូបលោក ដែលបានព្យាយាមប្រកបដោយសេចក្តីអង់អាចក្លាហាន ក្នុងការទាមទារឲ្យមាន ការដោះលែងនេះ។

ដោយសព្វថ្ងៃនេះ សេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិមនុស្សជាមូលដ្ឋានរបស់ខ្មែរក្រោម កំពុងតែនៅក្នុងសភាពគម្រាមកំហែងយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាលយួន ជោគជ័យនៃការតស៊ូមតិ នៅកម្ពុជានេះ ក៏រាប់ថាជាគម្រូនៃការតស៊ូដ៏ស្វិតស្វាញមួយ សម្រាប់បងប្អូនខ្មែរនៅកម្ពុជាក្រោមដែរ ដែលកំពុងធ្វើការទាមទារឲ្យយួនទទួលស្គាល់និងគោរព នូវសិទ្ធិសេរីភាពជាជនជាតិដើមរបស់ខ្លួន ។

ជាការពិតណាស់ សិទ្ធិសេរីភាពជារបស់មានតម្លៃបំផុតសម្រាប់ជីវិតមនុស្សលោក ហើយរបស់ ដ៏មានតម្លៃ ដែលមើលក៏មិនឃើញ ស្ទាបក៏មិនបាននេះ មិនងាយបានមកដោយងាយៗនោះទេ បើគ្មាន ការតស៊ូយ៉ាងស្វិតស្វាញ។ ទាក់ទងដល់ការតស៊ូប្តូរផ្តាច់នេះ យើងសូមលើកយកពាក្យស្លោក ដែលចែង ដោយលោក សេសឺលី ថៃសុន យ៉ាងដូច្នេះ ៖

…ខ្ញុំមិនមែនជាអ្នកបោះបង់ទេ។ ខ្ញុំនឹងតតាំងរហូតដល់ខ្ញុំដួល…វាគ្រាន់តែជារឿងដែលត្រូវមានជំនឿ នៅក្នុងរឿងថា ដរាបណាអ្នកនៅដកដង្ហើមបានក្នុងលោកសន្និវាសនេះ អ្នកមានឳកាសមួយ។

(…I am not a quitter. I will fight until I drop…It is just a matter of having some faith in the fact that as long as you are able to draw breath in the universe you have a chance.) CICELY TYSON

ទោះជាយើងមិនបានដឹងអស់ អំពីរឿងរ៉ាវដែលនៅពីក្រោយការដោះលែងលោក ម៉ម សូណង់ដូ ក្តី ក៏ប៉ុន្តែក្នុងនាមខ្មែរក្រោម យើងសូមអបអរចំពោះព្រឹត្តិការណ៍នេះ ហើយយើងនៅតែយល់ថាៈ “គ្រប់កាលៈទេសៈ អ្នកដែលធ្វើឲ្យកករល្អក់ដល់ស្ថានការណ៍នៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍  គឺពិតជាពុំមែនខ្មែរគ្នាឯងឡើយ”