ដោយ ថាច់ សាវ៉ាន់៖ ក្នុងអម្លុងពេលអស្ថិរភាព នយោបាយ នៅតំបន់ឥណ្ឌូចិន ដែលពិភពលោក ជាពិសេស គឺលោកខាងលិចស្គាល់ថា៖ ‹សង្គ្រាម ឥណ្ឌូចិន ឬសង្គ្រាមវៀតណាម ១៩៤៥-១៩៧៥› នោះ យួនបានបង្កើតក្រុម បក្សជាច្រើន ក្នុងបំណង ធ្វើជាម្ចាស់ទឹកដី នៅតំបន់នេះ នៅពេលណា ដែល កាលៈ ទេសៈ ផ្ដល់ឱកាស ឱ្យ។
ឆ្នាំ១៩៣០ យួនដែលមានហូជីម៉ីញជាប្រធាន បាន សហការជាមួយបក្សកុម្មុយនិស្ដអន្តរជាតិ បង្កើតក្រុម បក្សដ៏គ្រោះថ្នាក់មួយសម្រាប់ប្រជាជាតិខ្មែរ ដែលខាង ក្រោយមក គេស្គាល់បានថា ‹បក្សកុម្មុយនិស្តឥណ្ឌូ ចិន› ដោយមានការសន្យា និងកិច្ចសហប្រតិបត្តិការផ្សេងៗ ជាមួយនឹងខ្មែរមួយក្រុម ដែលនិយមកុម្មុយនិស្ដ និងលាវកុម្មុយមួយចំនួន ក្រោមទិសដៅជាឡប់ឡែមួយថា ដេញបារាំងចេញ ពីឥណ្ឌូចិន ដើម្បីបំបាត់អាណា និគមនិយម ស្វែងរកឯករាជ្យជូនដល់ប្រជាជាតិនៃប្រទេសទាំងបី។ តែប្រមាណបួនទសវត្សរ៍ក្រោយមក អ្វីដែល គេបានឃើញជាប្រត្យក្សនោះ គឺ យួនខ្លួនឯងបានក្លាយទៅជាអាណានិគមថ្មីនៅលើទឹកដីឥណ្ឌូចិននេះ ក្រោមកិច្ច ព្រមព្រៀងសហប្រតិបត្តិការនានា រវាងបណ្ដា ប្រទេសទាំងបីគឺ វៀតណាម-កម្ពុជានិងលាវ។
ដោយឡែកនៅប្រទេសវៀណាម ក្រោយពីកិច្ចព្រមព្រៀងហ្សឺណែវឆ្នាំ១៩៥៤ ប្រទេសនេះ ត្រូវបានបែងចែក ជាពីរ គឺវៀតណាមខាងជើង ឋិតនៅក្រោមការដឹកនាំរបស់ហោជីម៉ីញ និយមកុម្មុយ និស្ដ និងសាធារណរដ្ឋ វៀតណាម ដឹកនាំដោយង៉ោឌិញយីម ដែលគាំទ្រដោយប្លុកលោកសេរី មានសហរដ្ឋអាមេរិកជាដើម។ តាម សេចក្ដីសម្រេចនៃកិច្ចព្រមព្រៀង គួរតែប្រទេសវៀតណាមទាំងពីរ រស់នៅយ៉ាងសុខសាន្តជាមួយគ្នា ក្នុងពេល ដែលរង់ចាំការបោះឆ្នោតប្រជាមតិមួយ ដើម្បីជ្រើសរើសអ្នកដឹកនាំម្នាក់ ដែលអាចធានាសន្ដិសុខ នៅក្នុងតំបន់ បានតែផ្ទុយពីនេះ គេឃើញមានជនជាតិយួន ជាច្រើន បានរត់ឆ្លងដែនមករស់នៅប្រទេសវៀតណាមខាងត្បូង។ ព្រឹត្តិការណ៍នេះ តាមពិតទៅ អាចជាកត្តាមួយបញ្ជាក់អំពីផលនៃប្រជាមតិរបស់ជនជាតិយួនរួច ទៅហើយ គឺពួកគេមិនអនុញ្ញត្ត ឱ្យពួកយួននិយមកុម្មុយនិស្ដដឹកនាំប្រទេសជាតិរបស់គេឡើយ។ ចំណែករដ្ឋអំណាចនៃ ប្រទេសវៀតណាមខាងត្បូងវិញ មិនត្រឹមតែបានខ្នះខ្នែងស្វះស្វែងរកទីលំ នៅជូនដល់ជនភៀសខ្លួនយួនខាងជើង នោះទេ គឺពួក អ្នកដឹកនាំត្រកូលង៉ោ បានផ្ដល់ជូនជនភៀសខ្លួនយួនខាងជើង នូវឋានន្ដរស័ក្តិ និងមុខតំណែង សំខាន់ៗ ជាច្រើនក្នុងជួររដ្ឋាភិបាល ទាំងផ្នែកស៊ីវីល ទាំងផ្នែកយោធា។ ឯកិច្ចការដឹកនាំប្រទេស គេបានឃើញ ង៉ោ ឌិញ យីម បានបង្កើតច្បាប់ជាច្រើន ដើម្បីគាំពារជនអន្តោប្រវេសន៍ទាំងនោះ ក្នុងនោះមានកម្មវិធី នយោបាយមួយ ជាកម្មវិធីបដិវត្តន៍ដីធ្លី ដែលភាសាយួនហៅថា‹chuong trinh cai cach dien dia› កម្មវិធី កែប្រែដីធ្លីនេះ ជាកម្មវិធីមួយរកដីស្រែដីចំការ ជូនជនភៀសខ្លួនយួនខាងជើងបានយ៉ាងគួរឱ្យ កត់សម្គាល់។
ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយទៀតគឺ នៅក្នុងអម្លុងឆ្នាំនៃទសវត្សរ៍ ១៩៦០ នៅវៀតណាមខាងត្បូង គេ ឃើញមានរណសិរ្សមួយបានកើតឡើង។ រណសិរ្សនោះ ត្រូវបានគេហៅថា ‹‹រណសិរ្ស រំដោះវៀតណាម ខាងត្បូង›។ តាមស្មារតីនៃកិច្ចព្រមព្រៀងហ្សឺណែវ ប្រទេសវៀតណាម ត្រូវបានបែង ចែកជាពីរជាបណ្ដោះ អាសន្ន រង់ចាំការបោះឆ្នោតប្រជាមតិជាសាកលមួយ។ តែជនជាតិយួនវិញ មាន សកម្មភាពហាក់ដូចជាផ្ទុយគ្នា គឺម្ខាងរត់មកខាងត្បូង ឯខាងត្បូងប្រជាជានបានបង្កើតរណសិរ្សរំដោះ មួយ ប្រឆាំងនឹងរដ្ឋអំណាចជាធរមាន ។ រណសិរ្សនេះត្រូវបានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែកនយោបាយ ទាំងផ្នែកយោធា ពីប្រទេស យួនខាងជើង ហើយបានធ្វើសកម្មភាពប្រមូលផ្ដុំ បញ្ចុះ បញ្ចូល បណ្ដាជនជាតិជាច្រើនដែលរស់នៅលើទឹកដីនេះ ឱ្យចូលរួមប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមខាងត្បូង។ ក្នុងពេលដែលរណសិរ្សនេះធ្វើសកម្មភាពនោះ ជនរួមជាតិ ខ្មែរក្រោម ត្រូវបានរងទុក្ខភ័យក្ដី អន្ដរាយយ៉ាងធ្ងន់ធ្ងរជាទីបំផុត គឺពូកគេអ្នកដែលរស់នៅ ក្នុងតំបន់ពួកឧទាម កាន់កាប់ ត្រូវបង្ខំ និងលួងលោមឱ្យចូលរួមរណសិរ្សរំដោះ ដោយមានការសន្យាផ្សេងៗ រួមមានទាំងការសន្យាថា នឹងផ្ដល់សិទ្ធិ សេរីភាពដល់បណ្ដាជនជាតិទាំងអស់ ដែលជាសមាជិក-ជិការបស់រណសិរ្សផង។ ឯជនរួមជាតិខ្មែរ ក្រោម ដែលរស់នៅតំបន់គ្រប់គ្រងដោយរដ្ឋអំណាច ង៉ោ ឌិញ យីម វិញ ក៏មានវាសនាមិនសូវល្អប៉ុន្មាន ដែរ ព្រោះរដ្ឋអំណាចមួយនេះ បាននិងកំពុងតែធ្វើសកម្មភាពជីករំលើងប្ញសគល់ខ្មែរក្រោមផងដែរ។ សាលារៀន ភាសាខ្មែរ-បារាំង ដែលមានមកតាំងតែពីសម័យអាណានិគមបារាំងជាច្រើន ដោយឡែក គ្រាន់តែខែត្រ ព្រះត្រពាំង ដែលយួនហៅថាខែត្រត្រា-យិញមួយ មានដល់ទៅសាលាអនុវិទ្យាល័យពីរ គឺវិទ្យាល័យពោធិ និងវិទ្យាល័យរស្មីចរិយា ត្រូវបានបិទទ្វារដោយរដ្ឋអំណាចបច្ចុប្បន្ន ។ រដ្ឋអំណាច ត្រកូលង៉ោ បានបង្កើតច្បាប់ ជនជាតិ ដែលជាច្បាប់មួយបានបង្កគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរដល់ប្រជាជាតិ ខ្មែរក្រោម ។ ជាលទ្ធផល នៅពេលនោះ គេឃើញមានប្រជាជាតិខ្មែរជាច្រើនក្ដៅក្រហាយ មិនអាចនៅ ស្ងៀមបាន ក៏នាំគ្នាក្រោកឡើងតវ៉ា សុំឱ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពរបស់ខ្មែរក្រោម មានសិទ្ធិរស់នៅ ជាជនជាតិភាគតិចជាដើម ដោយមិនព្រម ទទួលយកស្ថានភាពជាយួនកំណើតខ្មែរ ដែលជាមធ្យោ បាយរំលាយពូជសាសន៍មួយរបស់យ៉ួនង៉ោ ឌិញ យីម។ ការតវ៉ានេះ បានធ្វើឱ្យជនរួមជាតិខ្មែរ ជាពិសេស គឺបញ្ញវ័ន្តនិងព្រះសង្ឃជាច្រើន ត្រូវទទួលគ្រោះថ្នាក់ មានការ ចាប់បញ្ច្រកគុកនិងសម្លាប់ចោលទៀតផង ដោយចោទប្រកាន់ថាជា‹យៀតកុង›គឺជាសមាជិក-ជិការបស់រណ សិរ្ស រំដោះវៀតណាមខាងត្បូង។ យុវជនខ្មែរក្រោមមួយភាគធំ ដោយភ័យខ្លាច និងដោយជៀសវាង ពីការចោទប្រកាន់ក៏សុខចិត្ត ចូលខ្លួនបំរើការក្នុងជួរកងទ័ពអាមេរិកាំង ដែលត្រូវបានគេស្គាល់ថា‹ម៉ៃ-ហ្វ័ក ឬកងកម្លាំងពិសេស›។ សង្គ្រាមរវាងយួនកុម្មុយនិស្ដនិងយួនសេរីនេះ គួរណាស់តែយួនសេរីត្រូវបានឈ្នះលើ ពួកយួនកុម្មុយនិស្ដ ព្រោះប្រជាជនយួនភាគច្រើន ហាក់ដូចជាមិនចូលចិត្តកុម្មុយនិស្ដទេ ដោយបាននាំគ្នា រត់មករស់ នៅភាគខាងត្បូង ជាតំបន់សេរីយ៉ាងច្រើនកុះករ ហើយសាធារណរដ្ឋ វ.ណ.បានទទួលការឧបត្ថម្ភពី សហរដ្ឋអាមេរិកទៀត ។ នៅទីបំផុត ថ្ងៃទី៣០មេសា១៩៧៥ យៀតកុង-យៀតណាមខាងជើងទទួល បានជ័យជំនះលើពួកយួនសេរី ហើយមួយឆ្នាំក្រោយមក គឺឆ្នាំ១៩៧៦ប្រទេស វ.ណ. ត្រូវបានឯកភាព រណសិរ្សរំដោះវៀតណាមខាងត្បូង ត្រូវរលាយបាត់ស្រមោលពីពិភពលោក។
ក្រោយថ្ងៃទី៣០មេសា១៩៧៥ ខ្មែរសេរី កងកម្លាំងពិសេសខ្មែរ ព្រះសង្ឃពុទ្ធសាសនាខ្មែរ ជាពិសេស គឺព្រះថេរៈ ដែលមានចំណេះដឹងជ្រៅជ្រះនិងមានការពិសោធន៍ច្រើន ព្រមទាំងខ្មែរមួយចំនួន ដែលបំរើការ ក្នុងជួររដ្ឋការព្រៃនគរ ត្រូវបានគេចាប់បញ្ច្រកគុក ដោយចាត់ទុកថាជាខ្មាំង ជាអ្នកបំរើចក្រ ពត្តិអាមេរិកាំង។ រីឯខ្មែរមួយចំនួនដែលត្រូវបង្ខំឱ្យចូលបំរើ និងមួយចំនួនដែលចូលបំរើរណសិរ្សរំដោះវៀតណាមខាងត្បូង ដោយ គិតថា យួននឹងឱ្យសិទ្ទិសេរីភាពតាមពាក្យសន្យានោះ ក៏ខំធ្វើសកម្មភាព ប្រើប្រាស់សិទ្ធិរបស់ខ្លួនយ៉ាងខ្លាំងក្លា។ តែគួរអនិច្ចាដល់ខ្មែរអ្នកស្នេហាជាតិ យួនណាក៏ដូចយួនណាដែរ គេប្រឹងតែរកឧបាយសម្លាប់ខ្មែរ ឱ្យផុតពូជ តែប៉ុណ្ណោះ។ ម៉្លោះហើយក្រោយថ្ងៃរំដោះមិនយូរប៉ុន្មាន ក៏គេឃើញមានខ្មែរអ្នកបំរើរណសិរ្សរំដោះយៀតណាម ខាងត្បូងជាច្រើន ត្រូវបានយួនយៀកកុង ដែល ជាសមមិត្រចាស់ ចាប់បញ្ច្រកគុកដោយទោសក្បត់បដិវត្តន៍ ក្បត់បក្សនិងក្បត់រដ្ឋអំណាច។ គួរឱ្យអាសូរជាងគេនោះ គឺកុលបុត្រកុលធីតាខ្មែរជាច្រើន ត្រូវបង្ខំចិត្តភៀសខ្លួន ចោលស្រុក ចោលក្រុមគ្រួសារ មក រស់នៅពាសពេញជុំវិញពិភពលោក។
រដ្ឋាភិបាលក្រុងហាណូយ ជាញឹកញយ បានប្រាប់សាកលលោកថា ខ្លួនមិនបានបំពានសិទ្ធិ សេរីភាពមនុស្ស ជាតិទេ ខ្លួនមិនបានបំបិទសិទ្ធិរបស់ជនជាតិទេ ផ្ទុយមកវិញខ្លួនថែមទាំងបានជួយទំនុកបំរុង ដល់ជនជាតិ ភាគតិច នៅក្នុងសហគមន៍វៀតណាមទៀតផង។ ចុះហេតុអ្វីបានជាមានជនជាច្រើន នៅក្នុងប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម រត់គេចខ្លួនចេញពីប្រទេសនេះ ក្រោយពី ថ្ងៃទី៣០មេសា១៩៧៥? ហើយនៅតែមានរត់ចេញជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ? តែអ្នកភៀសខ្លួនក្រោយនេះ ភាគច្រើន ជាជនជាតិដើម ដែលបានមករស់នៅលើទឹកដីនោះ មានប្រវត្តិពីយូរយាណាស់មកហើយ មានជនជាតិ ម៉ុងតាញ៉ានៅខ្ពង់រាបប៉ែកកណ្ដាលនៃប្រទេសវៀតណាម និងជនជាតិខ្មែរក្រោម នៅតំបន់វាលរាបនៃដងទន្លេ មេគង្គជាដើម? ឥឡូវនេះ នៅក្នុងកិច្ចប្រជុំមួយ ជាមួយអង្គការលុបបំបាត់ការប្រកាន់ពូជសាសន៍ នាទីក្រុង ហ្សឺណែវ តំណាងគណប្រតិភូនៃប្រទេសសាធារណ រដ្ឋសង្គមនិយមវៀតណាមមួយរូប បានប្រាប់ពិភពលោកថា ‹រឿងជនជាតិដើមនេះ យួនគេឈប់ និយាយតាំងពីក្រោយថ្ងៃទី ៣០ មេសា ១៩៧៥….› មានន័យថា ពួកជនជាតិដើមនេះ ត្រូវពួកកុម្មុយនិស្ដ យួន បំបាត់ចោលតាំងតែពីពេល ដែលពួកនេះ មកកាន់ក្ដាប់អំណាច នៅទីនេះម៉្លេះ។ តែឥឡូវនេះ ដើម្បីជាការតថ្លៃនឹងជំនួយពីបណ្ដាប្រទេសលោកសេរី សាធារណរដ្ឋសង្គម វៀតណាម ត្រូវតែធ្វើការថ្លឹងថ្លែង រកភាគចំណេញមួយ ព្រោះបច្ចុប្បន្ននេះ យួនកំពុងតែដើរលើខ្សែមួយ យ៉ាងគ្រោះថ្នាក់ជាទីបំផុត៕