ដោយ សឺង សម្រេច/VOKK៖ ស្ថានភាព នៅកម្ពុជា ក្រោម សព្វថ្ងៃ គឺប្រៀបបានទៅ នឹងល្បែងប៉ាហ៊ី ឬ សៀកថ្ពិនភ្នែករបស់ រដ្ឋាភិបាលយួន ដើម្បីបោកប្រាស់ ភ្នែកខ្មែរនិងសាកលលោក។ យើងធ្លាប់ឮល្បីថា មក ដល់ថ្មើហ្នេះ ទៅហើយ គឺមានតែក្រុមហ៊ុនកុនហូលីវូត នៃទីក្រុងឡូសអង់ហ្សឺឡេស សហរដ្ឋអាមេរិកទេ ដែល អាចប្រើបច្ចេកទ្ទេសកំព្យូទ័រ ធ្វើកុនថ្ពិនភ្នែកទស្សនិក ជន អ្នកមើលខ្សែភាពយន្ត ឬទូរទស្សន៍ ឱ្យកំសត់ស្រក់ ទឹកភ្នែក ឬភ្ញាក់ផ្អើលស្លន់ស្លោលស់ព្រលឹង តាមសាច់ រឿងបាន។ បើយើងមើលសៀកវិញ ទោះតាមកញ្ចក់ ទូរទស្សន៍ ឬមើលផ្ទាល់ យើងតែងឆ្ងល់មិនអស់ មិនហើយ អំពីការប៉ិនប្រសប់ថ្ពិនភ្នែកនៃសិល្បករ ដែលចេះល្បិចគិតនិយល់។ ប៉ុន្តែចំពោះល្បែងប៉ាហ៊ីរបស់យួន ក្នុងនយោបាយបង្វែងដានមតិខ្មែរ និង ពិភពលោក គេមិនចាំបាច់ប្រើបច្ចេកវិទ្យាទំនើបអ្វីទេ គឺយួនប្រើត្រឹម ស្នៀតចាស់បុរាណដដែលៗ ក៏អាចថ្ពិនភ្នែកបោកខ្មែរ និងពិភពលោកបានជាហូរហែមកដែរ។
ក្នុងសិល្បៈសៀកដែលរដ្ឋាភិបាលយួនកំពុងលេងសព្វថ្ងៃ យើងសូមច្បិចយកតែស្នៀតមួយមក វែកញែកសិន គឺស្នៀតដែលមានឈ្មោះថា ការបំផ្លាញសិល្បៈវប្បធម៌ខ្មែរ ដោយប្រើសិល្បៈខ្មែរសំដែង ឆាកទស្សនីយភាពនានា ឱ្យមើលឃើញដូចជាលើកស្ទួយសិល្បៈនោះទៅវិញ។ ស្នៀតនេះ ជាសិល្បៈ នៃការ ’’ យកស្លឹកត្នោតខ្ចប់ ស្ករត្នោត’’ ឬ “យកកាំបិតចិតដងឯង” គឺជាការយកសិល្បៈទម្រង់ខ្មែរដើម្បី រំលាយសិល្បៈ និងព្រលឹងជាតិខ្មែរ។ សិល្បៈនេះ ជាព្រួញមួយ បាញ់ត្រូវសត្វដល់ទៅបួន។
ដើម្បីសិក្សាពីសិល្បៈសៀករបស់យួននេះ យើងសាកល្បងទៅអង្គុយមើលក្នុងចំណោមទស្ស និកជន ដើម្បីស្ទង់ ពីឥទ្ធិពលលនៃល្បែងថ្ពិនភ្នែករបស់អ្នកដឹកនាំយួន។ ក្នុងចំណោមទស្សនិកជន អ្នកទស្សនាសិល្បៈខ្មែរ ដែលយួន រៀបចំចាត់ចែងយ៉ាងប្រុងប្រយ័ត្នឱ្យសម្តែងនោះ អាចចែកចេញជាបួន ប្រភេទ៖
ទស្សនិកជនប្រភេទទីមួយ គឺខ្មែរក្រោម ដែលយួនចង់បំភាន់មតិឱ្យយល់ច្រឡំ ឃើញខ្មៅថាជា ស អាក្រក់ថា ជាល្អ ឃើញយួនរំលាយខ្មែរ បែរទៅជាថាយួនកំពុងជួយខ្មែរ ព្រោះផ្ទាំងទស្សនីយភាព និងឈុតរបាំ បុរាណខ្លះដែលសំដែងបង្ហាញតាមទូរទស្សន៍ បានត្រូវកែឱ្យខុសពីលំនាំក្បាច់ដើម មាន័យថា យួនមានបំណង ក្រឡៃរចនាប័ទ្មក្បាច់បុរាណខ្មែរ ឱ្យឃ្លាតចាករចនាប័ទ្មដើមបន្តិចម្តងដោយចេតនា។ សកម្មភាពនេះ បានរំលោភ ទៅលើមាត្រា៣១ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិ ជនជាតិដើម ដែលប្រទេសយួន ជាភាគីហត្ថលេខីយល់ព្រមទទួលយកទៅអនុវត្តន៍(២)។ ស្នៀតនេះ យួនធ្លាប់ អនុវត្តន៍បរាជ័យ នៅទស្សវត្សរ៍ទី ៨០ នៅប្រទេសកម្ពុជា ដោយបង្ខំឱ្យសិល្បករ-សិល្បការិនីនៃរបាំបុរាណខ្មែរ រាំសំដែងតាមផែនការកែទម្រង់ របស់គេ តែខ្មែរបានប្រកែកមិនព្រមធ្វើតាម។
ទស្សនិកជនប្រភេទទីពីរ គឺជនបរទេស រាប់ទាំងអ្នកយកការណ៍នានានៃអង្គការសហប្រជាជាតិ ដែលមើល ការសំដែងសិល្បៈរបស់ខ្មែរក្រោម ឱ្យយល់ថា យួនគ្មានបំណងរំលាយពូជសាសន៍ខ្មែរ តាមរយៈការបំផ្លាញ វប្បធម៌ប្រពៃណីអ្វីឡើយ ផ្ទុយទៅវិញ គឺឃើញយួនស្រឡាញ់ខ្មែរស្ទើរលេបទុក ក្នុងពោះទៀតផង។
ទស្សនិកជនប្រភេទទីបី គឺព្រះសង្ឃជាតំណាងព្រះពុទ្ធសាសនាថេរវាទខ្មែរ ដែលត្រូវបាននិមន្ត ឱ្យចូលរួម ទតរបាំស្រីស្អាតសំដែងឆាកស្នេហា។ ទស្សនីយភាពនេះ ជាព្រួញមួយផ្សេងទៀតដែលបែក ចេញពីព្រួញដើម ដូចផ្កាយរណបផ្តាច់ខ្លួនពីតួកាំជ្រួចដើម ទៅបំបែកខ្លួនបង្កើតឆាកទស្សនីយភាព បង្ហាញវត្តមានរបស់ព្រះសង្ឃ ខ្មែរក្រោម ក្នុងពិធីរៀបចំជាផ្លូវការ ឃើញលោកមានសេរីភាពបរិបូណ៌ អាចគង់ទតរបាំតាមបញ្ជារបស់យួន ឯរឿងខុសឬត្រូវនឹងវិន័យព្រះសង្ឃជារឿងដោយឡែករបស់ ព្រះអង្គផ្ទាល់។ ឆាកនេះ ក៏បង្ហាញភាពអេះអុញ ទញ់ទ័លរបស់ព្រះសង្ឃខ្មែរ មើលក៏មិនគាប់ងាកចេញ ក៏មិនគួរ ប៉ុន្តែសម្រាប់ ភ្នែកសាកលលោក គឺយួន ចង់បង្ហាញពីសេរីភាព និងការលើកតម្កើងព្រះពុទ្ធ សាសនាក្នុងពិធីផ្លូវការរបស់រដ្ឋ។
ទស្សនិកជនប្រភេទទីបួន គឺខ្មែរនៅប្រទេសកម្ពុជា ដែលចង់ដឹងពីខ្មែរក្រោម ក៏បើកទូរទស្សន៍ខេត្តព្រែកប្ញស្សី មើល រួចអាចជញ្ជក់មាត់ស្ងើចសសើរយួន ថាបានរក្សាសិល្បៈវប្បធម៌ឱ្យខ្មែរ ហើយអាច វាយតម្លៃថា សហព័ន្ធខ្មែរកម្ពុជាក្រោមឃោសនាបង្ខូចយួនទទេៗ ដូច្នេះដល់ថ្ងៃក្រោយទៅ បើខ្លួនត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃ យួនត្រួតត្រាដូចខ្មែរក្រោមដែរក៏ដោយ ក៏មិនជាលំបាកវេទនាដូចសហព័ន្ធខ្មែរ កម្ពុជាក្រោម ចេះតែនិយាយ ពន្លើសនោះដែរ ព្រោះមើលទៅខ្មែរដែលនៅក្រោមការគ្រប់គ្រងរបស់យួន អាចរស់ដោយសប្បាយបានដែរតើ ! ហើយបើប្រៀបទៅកាលរបបពួកខ្មែរក្រហមវិញ គឺវាខុសគ្នាឆ្ងាយ ដាក់មីក្រូហៅមិនឮ !
ចុងព្រួញដែលចាក់ទម្លុះធ្លាយដល់អ្នកចុងក្រោយនេះ មិនងាយរកថ្នាំបិទព្យាបាលទេ ទោះជា ប្រើសេរ៉ូម អង់ទីវើនីម៉ឺ ក៏អាចគ្មានប្រសិទ្ធិភាព ហើយជាប់ងៀងពិបាកដោះចេញវិញផង ព្រោះអ្នកជាប់ ព្រួញហាក់បីដូច ជាកំពុងស្រួលខ្លួន ដោយពិសមិនទាន់ជ្រាបពាសពេញ ជ្រាបតែថ្នាំស្ពឹកធ្វើឱ្យងុយដេក ភ្នែកព្រឹមញញឹមខ្ជឹប ពេញចិត្តនឹងព្រេងវាសនា បុណ្យសក្តិផ្អៀងស្មា ដើរទៅណាគេសំពះលាន់ទ្រហឹង។
ប៉ុន្តែចំពោះខ្មែរក្រោម យួនគឺជាអ្នកលេងសៀកដែលមិនប៉ិនប្រសប់ទេ។ រឿងដែលយួនព្យាយាមលាក់បំបាំង នៅក្រោយឆាកមិនឱ្យមើលឃើញទាំងប៉ុន្មាន ខ្មែរក្រោមមិនគ្រាន់តែបានឃើញទាំងអស់ទេ គឺដឹងទាំងរស់ជាតិ សាប-ប្រៃ ថែមទាំងបានកត់ត្រាចងក្រងទុកផ្តែផ្តាំកូនចៅគ្រប់ជំនាន់តទៅ កុំឱ្យភ្នែក ស្រាលឆាប់ជឿ ចំពោះ ការសំដែងល្ខោនទាំងនោះ។ ហើយរឿងនេះ ព្រះពុទ្ធក៏បានបន្សល់ទុកនូវ ពុទ្ធវចនៈដូច្នេះដែរ៖ “សូមអ្នកកុំចេះ តែជឿលើអ្វីៗដែលអ្នកបានឮ។ សូមអ្នកុំជឿលើអ្វី ដោយគ្រាន់តែមាន គេនិយាយតៗគ្នាមក។ សូមអ្នកកុំជឿ ដោយគ្រាន់តែបានឃើញក្នុងគម្ពីរសាសនា។ សូមអ្នកកុំជឿ ដោយគ្រាន់តែមានចែង នៅក្នុងក្រិត្យក្រមច្បាប់របស់ គ្រូ ឬរៀមច្បងរបស់អ្នក។ សូមអ្នកកុំជឿ ដោយសារតែទំនៀមទម្លាប់បានត្រូវប្រតិបត្តិ ជាច្រើនជំនាន់មកហើយ។ ប៉ុន្តែក្រោយពីបានការសង្កេតពិនិត្យ និងធ្វើ វិភាគ កាលណាអ្នករកឃើញថា វាសមស្របជាមួយវិចារណញ្ញាណ ហើយអាចនាំមកនូវផលប្រយោជន៍ ល្អសម្រាប់មនុស្សម្នាក់ និងជាទួទៅនោះ សូមទទួលយក ហើយរស់ជាមួយ ចុះ។”
រឿងដែលយួនធ្វើល្អមែនឬជាល្បិចបោក សូមលោកអ្នកកុំជឿអ្វីដែលខ្ញុំបានសរសេរលើទំព័រនេះ តែសូមមេត្តា បើកទំព័រប្រវត្តិសាស្ត្រមើលចុះ ព្រោះថា យើងរៀនពីអតីតកាល មិនមែនដើម្បីកសាង គុំនំគុំគួន ការស្អប់ខ្ពើម ឬការសងសឹកទេ ម្យ៉ាងទៀតយើងក៏ដឹងថា កម្ពុជាក៏ត្រូវការរស់ដោយមិត្តភាព ជាមួយអ្នកជិតខាង។ តែនោះ មិនមានន័យថា មិត្តភាពក្លែងក្លាយសុខចិត្តរំលាយជាតិខ្លួនឯងនោះទេ។ ប្រសិនបើយើងមិនរៀន ពីកំហុស អតីតកាល មិនស្គាល់ អតីតកាល មានន័យថា មិនដឹងថាខ្លួនឯកកំពុង ធ្វើដំណើរមកពីណា កំពុងតែឋិត នៅទីណា ហើយបំរុងទៅណាទៀត បើនិយាយឱ្យស្រួលស្តាប់ គឺកំពុង តែវង្វេងផ្លូវ។ អ្នកដែលវង្វេងផ្លូវ មានការចាំបាច់មួយ គឺត្រូវដឹងឱ្យច្បាស់ ថាខ្លួនមកពីទិសណាតាមផ្លូវ ណា។ បើចេះតែឈានដើរតាមផ្លូវទក់ៗ នៅពីមុខយើង ដែលយួនត្រាយឱ្យនោះ ប្រាកដជាកាន់តែវង្វេងរកផ្ទះសម្បែង កូនប្រពន្ធមិនឃើញឡើយ។
ទិដ្ឋភាពឆាកសិល្បៈដ៏សម្បើមដែលយួនទើបនឹងរៀបចំឡើងនោះ មិនដែលទាំងបានឃើញមាន នៅប្រទេស កម្ពុជាផង ហើយបើមាននៅភូមិវប្បធម៌នៃខេត្តសៀមរាប ក៏មិនមានលក្ខណៈធំដុំដូចយួន បានធ្វើដែរ។ ចំពោះ ខ្មែរកម្ពុជាក្រោមដែលក្រលំបាក ទោះជាមានចិត្តស្រឡាញ់សិល្បៈវប្បធម៌ខ្មែរយ៉ាងណាក្តី ក៏ពុំមានសមត្ថភាព ធ្វើផ្ទាំងទស្សនីយភាពបានដល់កំរិតនោះដែរ សូម្បីតែក្រុមល្ខោនបាសាក់រស្មី ប្រទីពមួយវង់តូច ក៏មិនអាចរស់ បានដោយខ្លួនឯងផង។
យើងនាំគ្នាមើលសៀកយួន ដោយសម្បជញ្ញៈ ! យួនបន្លែបន្លំយើង មកពីគេថាយើងល្ងង់។ តែបើយើងស្គាល់ ល្បិចយួនដែរ នោះយួនមិនអាចថ្ពិនភ្នែកយើងបានងាយៗទេ។
នេះជាបំណងល្អពីខ្មែរក្រោម។ សូមសព្វសត្វ បានប្រកបទៅដោយសេចក្តីសុខ សប្បាយរីករាយ៕
(១) សូមបើកមើលវីដេអូខាងក្រោនេះ
(២) មាត្រា ៣១
១. ជនជាតិដើមភាគតិច មានសិទ្ធិរក្សាគ្រប់គ្រងការពារ និងអភិវឌ្ឍន៍មរតក៌វប្បធម៌ ចំណេះដីងជា ប្រពៃណី និងការសំដែងនូវវប្បធម៌ជាប្រពៃណី ក៏ដូចជាការបង្ហាញឱ្យគេដឹងអំពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវប្បធម៌ របស់ពួកគេ រួមមានទាំងធនធានមនុស្ស និងធនធានពន្ទុគ្រាប់ពូជ ឱសថ ចំណេះដឹងខាងរុក្ខជាតិ និងសត្វព្រៃ ប្រពៃណីនិយាយផ្ទាល់មាត់ អក្សរ សាស្រ្ត រចនាបថ កីឡា និងល្បែងប្រពៃណី ព្រមទាំងសិល្បៈ សំដែង និងទស្សនីយភាព។ ជនជាតិដើមភាគតិចក៏មានសិទ្ធិរក្សាគ្រប់គ្រងការពារ និងបង្កើតឡើងនូវកម្មសិទ្ធិបញ្ញារបស់ ខ្លួន លើមរតកវប្បធម៌ ចំណេះដឹងជាប្រពៃណី និងការសំដែងវប្បធម៌ប្រពៃណី។
២. រដ្ឋទាំងឡាយ ដោយសហការជាមួយជនជាតិដើមភាគតិច ត្រូវចាត់វិធានការប្រកបដោយប្រសិទ្ធិភាព ដើម្បី ទទួលស្គាល់ និងការពារដល់ការអនុវត្តសិទ្ធិទាំងនេះ។