វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ ហាសិបឆ្នាំមុន

កាលពីហាបសិបឆ្នាំមុន ពេលបានឈានជើង ឆ្លងដែន ពីទឹកដីកម្ពុជាក្រោម ចូលដីកម្ពុជា ហើយ បានឃើញ ទង់ជាតិ រូបប្រាសាទអង្គរវត្ត បក់រវិចលើអាកាសនៃ ស្រុកទន្លាប់ ខេត្តតាកែវ ចិត្តខ្ញុំ សែនរំភើបរីករាយ សប្បាយ ដូចបានកើតម្តងទៀត ក្នុងជីវិតថ្មីមួយជាខ្មែរ ក្នុងប្រទេសឯករាជ។ ពេលបាន ទៅងូតទឹក ទន្លេ នៅមុខវាំង ខ្ញុំហែលផ្ងារតោងច្រវាក់ ព្រះទីនាំងផែ មើលមកកំពូល ព្រះបរមរាជវាំង បេះដូងខ្ញុំចាប់ផ្តើម ផ្ទុកទៅ ដោយសេចក្តីសង្ឃឹម។ ស្រុកខ្មែរមានស្តេច។ ពីថ្ងៃនេះតទៅ អស់មានពួក កូនយួនទាំងនោះមកខាកស្តោះមើលងាយមើលថោកខ្ញុំទៀត បានទេ។ ពិតមែន មានពេលខ្លះខ្ញុំខឹងខ្លាំង ទ្រាំស្ទើរតែលែងបាន ពេលដែលសិស្សខ្មែររួមថ្នាក់ម្នាក់ឈ្មោះ ជាបានស្រែកយ៉ាងឮៗ តាមផ្លូវពេលយើង មកពីសាលារៀនទាំងអស់គ្នា៖វាស្រែកថាអាកូនយួន! អាយៀកណាម!។

Texte alternatif


កាលកូនយួន នៅកម្ពុជាក្រោម ហៅខ្ញុំថា កងថូ ក៏ខ្ញុំមិនខឹងដល់ខ្មែរគ្នាឯងហៅខ្ញុំ អាយៀកណាមដែរ។ ប៉ុន្តែឱ្យតែ បានរស់ នៅក្នុងដីខ្មែរ ហៅថាម៉េចក៏ហៅចុះ គ្រាន់តែនឹកក្នុងចិត្តថា អាម្នាក់ហ្នុងវាមិន បានរៀនប្រវត្តិសាស្រ្តចេះចាំមួយបន្ទាត់ សោះទេឬអ្វី?
ថ្ងៃមួយ ខ្ញុំ បានអានកាសែត ‹‹ ទុក្ខខ្មែរក្រោម.. មានអត្ថបទមួយមានចំណងជើងថា ជីវិតខ្មែរ ក្រោមមានតម្លៃស្មើបារីមួយដើម។ តាមការចងចាំ អត្ថបទនោះសរសេរដូច្នេះ៖ ថ្ងៃមួយមានទាហាន ពួករដ្ឋការយៀកណាមខាងត្បូងមួយក្រុម ដើរល្បាតតាមភូមិខ្មែរ(ភ្លេចឈ្មោះភូមិ) នៅខេត្តព្រះត្រពាំង។ ដំណើរល្បាតនោះ បានមកជួប នឹងប្រុសៗខ្មែរក្រោមកំពុងប្រក់ផ្ទះស្លឹកមួយតាមស្រុកស្រែ។ ពេលនោះ មានទាហ៊ានយួនម្នាក់និយាយទៅរកគ្នាគាត់យ៉ាងដូច្នេះ៖ បើឯងបាញ់អាមួយកំពុង នៅខ្ពស់ជាងគេលើ ដំបូលផ្ទះនោះត្រូវ អញឱ្យបារីឯងមួយដើម។ អាមួយយទៀតក៏សួរបញ្ជាក់ រួចក៏លើកកាំភ្លើងឡើងបាញ់ ផូង ត្រូវខ្មែរម្នាក់ធ្លាក់ពីលើដំបូលផ្ទះមកដីស្លាប់ភ្លាមមួយរំពេច។ ពួកខ្មែរក្រោមមិន បានហ៊ានតវ៉ាអ្វី ជាមួយទាហ៊ានយួន ដែលមានកំាភ្លើងគ្រប់ដៃនោះទេ។ ទាហ៊ានយួនម្នាក់ក៏ហូតបារីមួយដើមចេញ អុចឱ្យគ្នាគេ រួចពួកវាក៏ចេញទៅ។ រីឯពិធីប្រក់ផ្ទះរបស់ខ្មែរក្រោម ក៏ បានក្លាយទៅជាពិធីបុណ្យខ្មោច។
ថាកាលនោះចុះ ទាហ៊នយួនខាងត្បូងគ្មានវិន័យ ឬយកលេសថាខ្មែរក្រោមចូលដៃយៀកមិញ។ តែតើហាសិបឆ្នាំបន្ទាប់មកនេះ  ដែលស្រុកយួន បានរួមគ្នាតែមួយ ហើយប្តូររបបទាំងស្រុងពីសេរីមក កុម្មុយនីស្ត សុខទុក្ខរបស់ខ្មែរក្រោមមានការប្រែប្រួល បានល្អប្រសើរដែរឬទេ? មិនប៉ុន្មានខែមុននេះ សោះ ខ្មែរក្រោមឈ្មោះចៅណែត  នៅខេត្តមាត់ជ្រូក  បានត្រូវពួកយួនកាប់ក្បាលសម្លាប់ ដោយគ្មាន ហេតុផល ហើយរដ្ឋាភិបាលយួនក៏គ្មាន  បានរកខុសត្រូវអ្វីទាំងអស់។ ជាបន្តបន្ទាប់មកទៀត ក៏មានការសម្លាប់ ដោយមិនសមហេតុផលជាបន្តបន្ទាប់  ដោយពុំមានការស្វែងរកឃាតករមកផ្តន្ទា ទោសម្តងណាសោះ  ដូចជាករណីថ្មីៗដើមខែមករានេះ យួន បានសម្លាប់យុវជនខ្មែរក្រោម ២នាក់ទៀត គឺយុវជន ថាច់ វ៉ាង  និងយុវជន ថាច់ ធន់  ដែលទៅរកស៊ីឈ្នួល នៅទីក្រុងព្រៃនគរជាដើម។ ហើយរឿងរ៉ាវនៃវាសនា ដ៏អភព្វរបស់ខ្មែរក្រោមក្រោយៗនេះ ក៏ទើប នឹង បានដឹង ដោយសារ សម័យប្រព័ន្ធទំនាក់ទំនងមានភាពទំនើប  និង ដោយសារការតាមដានយកចិ្តទុកដាក់របស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម។ ចុះចន្លោះពេលហាសិបឆ្នាំកន្លងទៅ  និងប៉ុន្មានរយឆ្នាំមុន មិនអាចមានន័យថា វាសនាជនរួមជាតិខ្មែរក្រោមគឺហាក់បី ដូចជាមាន់ នៅក្នុងទ្រុង ឬសត្វចៀម នៅក្នុងក្រោល  ដែលរង់ចាំ គេកាប់សម្លាប់ពេលណាក៏ បានឬអ្វី? តើ ដោយខ្លាចអំណាចផ្តាច់ការរបស់យួន ខ្មែរក្រោម នៅតែត្រូវបន្ត រស់ ដូចសត្វចៀម រង់ចាំសេចក្តីស្លាប់ ដូចសត្វចៀម ឬក៏ត្រូវខំប្រឹងប្រែង ដោយគ្រប់ៗគ្នា  ដោយគ្រប់ មធ្យោបាយ  ដើម្បីឱ្យចៀមប្រែទៅជាសត្វតោ? ពិតមែនហើយ វិរបុរសខ្មែរក្រោមយ៉ាងច្រើន ដែលមិនអាចទ្រាំទ្រ បាន នឹងការជិះជាន់របស់យួន  បាននាំគ្នាក្រោកឡើងបះបោរប្រឆំាងជាញឹកញយ បន្តបន្ទាប់។ ប៉ុន្តែ ដោយយើងខ្វះបណ្តាញទំនាក់ទំនង ការតស៊ូទាំងនោះ បានទទួលបរជ័យជាបន្តបន្ទាប់ រីឯជីវិតខ្មែរក្រោមដ៏ច្រើន ក៏ បានបាត់បង់គួរឱ្យស្តាយស្រណោះ។ មេរៀនអតិតកាលនោះ  បានបង្រៀន យើងយ៉ាងច្បាស់លាស់ថា៖ មិនត្រូវទ្រាំរង់ចាំសេចក្តីស្លាប់ ដោយសេចក្តីខ្លាចរន្ធត់ទេ ហើយក៏ត្រូវតែតាំង ចិត្តមិនឱ្យអស់សង្ឃឹមដែរ។ ចិត្តខន្តីជាគន្លិះ សម្រាប់ប្រមូលកម្លាំងសាមគ្គីភាព។ ខ្មែរក្រោមពុំមែនជា សត្វមាន់ ឬចៀមក្នុងទ្រុងទេ យើងទាំងអស់គ្នាត្រូវតែវៀរចាកពីការភ័យខ្លាច  ដើម្បីសេរីភាពមួយ  ដែលគ្មានអ្នកណាប្រគល់ឱ្យយើង ដោយងាយៗ គឺយើងត្រូវតែស្វែងរក ដោយខ្លួនឯង។ ជីវិតខ្មែរក្រោម មិនមែនមានតម្លៃស្មើបារីមួយដើមទេ។ ហើយពេលនេះ ខ្មែរក្រោមមិនអាចទទួលភព្វវាសនា  ដូចហាសិប ឆ្នាំមុនដែរ៕

.