បើគេនិយាយពីខ្មែរកម្ពុជាក្រោម គេត្រូវឈ្វេងយល់ថា កម្ពុជាក្រោមសិ្ថត នៅទីណា? មានភូមិសាស្រ្តដូច ម្តេច? ជីវភាពរស់ នៅរបស់ពួកគាត់យ៉ាងណា? មូលហេតុដូចម្តេច បានជាបងប្អូនខ្មែរកម្ពុជាក្រោម ចាកចោលស្រុកកំណើត? ហើយការចាកចេញចោល ស្រុកនេះ ដូចជាប្រជាពលរដ្ឋនៃប្រទេសដទៃៗ ទៀត ដែរឬទេ? កម្ពុជាក្រោមស្ថិតនៅផ្នែកខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ (ត្រូវបានគ្រប់គ្រង ដោយ អាណានិគមវៀតណាម តាំងពីថ្ងៃទី០៤ មិថុនា ១៩៤៩) ដែលមានផ្ទៃក្រឡា ៦៧០០០Km2 មាន បឹងបួរស្ទឹង និងទន្លេពីរហូរកាត់ គឺទន្លេមេគង្គ និងទន្លេបាសាក់ ជាដីសំបូរ ដោយជីជាតិ និងអំណោយផលដល់កសិកម្ម។
ចំណែកបងប្អូនខ្មែរក្រោម ភាគច្រើនជាកសិករ មានជីវភាពក្រីក្ររស់នៅយ៉ាប់យឺន ភោគ ផលកសិកម្ម និងសម្បត្តិធម្មជាតិផ្សេងៗទៀត ដែលបងប្អូនខ្មែរក្រោមត្រូវទទួលបាន ក៏ត្រូវពួក អាណានិគមជំរិតយកស្ទើរគ្មានសល់ ហើយធ្លាក់ខ្លួនក្រលក់កេរអាករអស់ ក្លាយខ្លួនជាខ្ញុំគេ, បញ្ហា នេះ បណ្តាលឲ្យពួកគាត់បង្ខំចិត្តចាកចោលភូមិឋាន មកជ្រកកោននៅប្រទេសកម្ពុជា ឬប្រទេស ដទៃទៀតនេះជាកត្តាទី១។
បងប្អូនខ្មែរក្រោមដែលចេះដឹងច្បាប់ទម្លាប់បន្តិចបន្តួច ជួយឈឺឆ្អាល តវ៉ារកយុត្តិធម៌ ជូនអ្នកដែលត្រូវគេរំលោភនោះ និងពួកអ្នកចេះដឹងមួយចំនួនទៀត ដែលជាអ្នកជួយអភិរក្ស អក្សរសាស្រ្ត ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ពួកបងប្អូនខ្មែរក្រោមទាំងអស់នេះ ត្រូវបានរដ្ឋអំណាច អាណានិគមវៀតណាម ធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារជាដើម នៅទីបំផុតពួក គាត់ក៏ បង្ខំចិត្តចាកចោលស្រុកកំណើត ដើម្បីការរស់រានមានជីវិត និង សុវត្ថិភាព នេះជាកត្តាទី២។
ក្រោយឆ្នាំ១៩៧៥ ពួកកុម្មុយនីស្ត បានឯកភាពជាតិរបស់គេ ហើយចាប់ផ្តើមរិតបន្តឹង បំបិទសិទ្ធិសេរីភាព និងចោទប្រកាន់ទៅលើសាស្រ្តាចារ្យ គ្រូបង្រៀន សិស្ស និស្សិត ដោយរកលេសថា ក្បត់បក្ស ដើម្បីធ្វើទុក្ខទោស-សម្លាប់ ហើយឈានទៅបិទសាលា អក្សរសាស្រ្តខ្មែរ ដែលមាននៅតាមវត្តអារាមទាំងស្រុងនាឆ្នាំ១៩៨៣-១៩៨៨ ទុកណាជាមានការដើរសុំទោស តាម វត្តអារាម និងបើកសាលាឲ្យកូនខ្មែររៀនជាថ្មីក្តី ការបើកសាលាបន្តិចបន្តួចតាមវត្តអារាមនេះ គ្រាន់តែជាការឡប់ឡែរបស់ពួកកុម្មុយនីស្តប៉ុណ្ណោះ។ ពួកគេគ្មានបំណងល្អឲ្យ កូនខ្មែរក្រោមចេះ ដឹងពិតប្រាកដឡើយ បញ្ហានេះហើយលោកអ្នកដែលស្វែងរកការសិក្សារៀនសូធ្យ អក្សរសាស្រ្តខ្មែរ ដើម្បីចង់សិក្សាស្រាវជ្រាវនូវអ្វីដែលជាការពិត ហើយ និងអ្វីដែលត្រូវបានបាត់បង់ស្ទើរគ្មានសល់ នូវអត្តសញ្ញាណរបស់ខ្លួន ដោយអាស្រ័យការកាឡៃ និងការព្យាយាម លុបបំបាត់របស់ពួកអាណានិគមនោះ ហេតុផលទាំងនេះទើបលោកអ្នកស្វែងរកការសិក្សា មានព្រះសង្ឃជាដើម ចាកចោលអារាមភូមិឋានរបស់ខ្លួនទាំងបង្ខំចិត្តនេះជាកត្តាទី៣។
មានបងប្អូនខ្មែរក្រោមមួយចំនួន បានជឿតាមពាក្យឃោសនាមនោគមវិជ្ជារបស់បក្ស កម្មុយនីស្តវៀតណាម ក្រោយពីរបបនេះទទួល បានជ័យជំនះទាំងស្រុងលើរបបសេរីនាឆ្នាំ ១៩៧៥ ពួកមេដឹកនាំកុម្មុយនីស្ត បានខ្ចីដៃបងប្អូនខ្មែរក្រោមណាដែលចាញ់បោក ហើយបាន នឹងកំពុងដើរតាមមាគ៌ាខ្លួននោះ ឲ្យទៅបំផ្លេចបំផ្លាញបេតិកភណ្ឌជាតិខ្មែរក្រោម មានក្បួនគម្ពីរដីកា សាស្ត្រាស្លឹករិត និងជេរប្រមាថ ព្រមទាំង ធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារ រហូតជិតស្លាប់ ទើបដោះលែង មានព្រះឧបជ្ឈាយ៍ ព្រះគ្រូចៅអធិការ និងលោកគ្រូសូត្រ គ្រូអាចារ្យ ជាពិសេសមានព្រះតេជគុណ
គិម សាងជាដើម ដែលព្រះតេជព្រះគុណ-អស់លោកទាំងនេះ មិនបានឈឺឆ្អាល ឬជួយជ្រោមជ្រែងពួកគេក្នុងល្បិចនយោបាយ ដើម្បីតែប្រយោជន៍ឯកភាពជាតិពួកគេប៉ុណ្ណោះ។លុះមកដល់ឆ្នាំ១៩៧៩ ពួកខ្មែរក្រោមទាំងនេះ ក៏ត្រូវពួកកុម្មយនីស្តប្រើឲ្យមកធ្វើជាជំនាញការឲ្យពួកគេទៀត និងមានយុវជន យុវនារីខ្មែរក្រោម មួយចំនួនធំដែលនៅក្នុងវ័យបម្រើកងទ័ព ត្រូវបានរដ្ឋ អំណាចអាណានិគមវៀតណាម ចាប់បញ្ជូនមកកម្ពុជា ក្នុងលក្ខខណ្ឌកងទ័ពស្ម័គ្រចិត្តវៀតណាមរំដោះកម្ពុជា នេះជាកត្តាទី៤។
ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមជំនាន់ក្រោយនេះ យល់ឃើញថា ខ្មែរក្រោមធ្លាក់ខ្លួនក្រោមការគាបសង្កត់ជិះជាន់ដ៏សែនរន្ធត់ ក្នុងអំឡុង៦ទសវត្សរ៍មកហើយ បានឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ ទ្រុឌទ្រោម ក្រោមរបាំងលាបពណ៍របស់អំណាចយួន ឥឡួវបានភ្ញាក់រឭកចងបាច់ធន្ទៈមោះមុត ប្តូរផ្តាច់រួបរួមគ្នាចង់ស្គាល់ យល់ដឹងស៊ីជម្រៅអំពី ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត អក្សរសាស្រ្ត ទំនៀមទម្លាប់ ប្រពៃណី សាសនា វប្បធម៌ សង្គមធម៌ដ៏ល្អដែលធ្លាប់ជាកន្លែង ថ្កុំថ្កើងរុងរឿង សម្បូរសប្បាយ ប៉ុន្តែប្រែក្លាយទៅជាការរំលោភសិទ្ធិមនុស្ស ទាំងសិទ្ធិឯកជនទាំងសិទ្ធិសាធារណៈ អំពីសម្នាក់យួនកម្មុយនីស្ត មកលើជនរួមឈាមខ្មែរក្រោមស្លូតត្រង់ ដែលមិនអាចទ្រាំបាន ក៏ធ្វើចំណាកស្រុកមកកម្ពុជាសិក្សាស្រាវជ្រាវ ជួយផ្សាយ អារិយធម៌ដ៏បវរ ឆ្ពោះទៅរកការកសាង សង្គម ជាតិខ្លួនឡើងវិញ ឲ្យទៅជាប្រទេសមួយផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិ មនុស្ស គោរពច្បាប់ ឈានទៅរកការលូតលាស់ សម្បូណ៌រុងរឿងជានិច្ចនិរន្តរ៍ ដើម្បីរួចផុត ពីបីសាចជញ្ជក់ឈាមព្រៃផ្សៃ(យួន)នេះជាកត្តាទី៥។
ហើយការចាកចេញចោលស្រុកទាំងអស់នេះ មានតែចំណុចទី៤ប៉ុណ្ណោះ ដែលបានមាន មុខត្រឡប់ទៅជួបសាច់ញាតិបងប្អូន និងវត្តអារាម ឯ៤ចំណុចដទៃទៀតនោះមិនមែន ពួកគាត់មិន នឹកបងប្អូន និងមាតុភូមិនោះទេ ប៉ុន្តែអាជ្ញាធរកុម្មុយនីស្តវៀតណាមតែងតែរារាំងចំពោះ ការផ្តល់ ទិដ្ឋាការដល់ពួកគាត់ ទម្វើទាំងនេះជាអំពើអមនុស្សធម៌ និងផ្តាច់ការ ហើយនៅលើលោកនេះ មានតែប្រទេសកុម្មុយនីស្តមួយចំនួនតូចប៉ុណ្ណោះ ដែលប្រកាន់យកអំពើព្រៃផ្សៃលាមកបាបធម៌ទមិឡឥតសាសនាបែបនេះ។
ដូច្នេះសូមសិស្ស និស្សិត កវី បណ្ឌិត អត្ថកោវិទ កសិករ កម្មករ រហូតដល់មន្ត្រីរាជការដែលមានឈាមជាខ្មែរ មេត្តាជួយជ្រោមជ្រែង និង ស្តារមុខមាត់ទឹកដីយើង ឲ្យមានសេរីភាពពេញលេញឡើង ដោយឈរនៅលើជំហរថា តើការងារណា ដែលខ្លួនអាចជួយបាន? តាមគ្រប់រូបភាព ដែលបង្ហាញអំពីបំណងល្អ សុទ្ធតែបានឆ្លើយតបទៅ នឹងបំណងរបស់ដូនតាយើង ដែលបានបូជាសាចស្រស់ឈាមស្រស់របស់ពួកគាត់ រហូតដល់ឱនសិរសា(ក្បាល)ឲ្យបច្ចាមិត្រកាត់ ដើម្បីប្រយោជន៍ជាតិ សាសនា មាតុភូមិខ្មែរក្រោម។ ដោយ ក្រុមប្រឹក្សាភិបាល ukkbs