ដោយ សឺង សម្រេច/VOKK៖ ពាក្យ’’ចាក់ក្រឡេក’’ តាមវចនានុក្រមរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត គឺជាកិរិយាស័ព្វ ជាការយកដៃទៅចាក់ ឬចុច ត្រង់កន្លែងរសើបឱ្យភ្ញាក់ តែកាលណាភ្ញាក់ តោងងាក យ៉ាងរហ័ស បុរាណយកពាក្យទាំងនេះមកបង្កើត ជាពាក្យសម្រាប់និយាយ គឺសំដៅត្រង់ ដែលចាក់ទៅ ហើយ នឹងក្រឡេកមិនខាន។ មុននឹងដាច់ឆ្នាំសាកល ២០១១ ចូល២០១២ វិទ្យុសំឡេងកម្ពុជាក្រោម សូម ចាក់ក្រឡេកខ្មែររួមលោហិត គ្រប់និន្នាការនយោបាយ ឱ្យងាកមើលក្រោយមួយភ្លែត ៖ ’’តើខ្មែរក្រោម ជានរណា?’’។
បើលើកយករឿងរ៉ាវខ្មែរក្រោមមករៀបរាប់ពណ៌នា ឃើញថាវែងណាស់។ ប៉ុន្តែសូមលើកយកចំណុច សំខាន់ដុំៗ ពីព្រះនាងលីវយីរាជនីនៃនគរគោកធ្លក លើកទ័ពចេញច្បាំងជាមួយទ័ពសំពៅព្រះបាទហ៊្ហូឥនទៀន ដែលបរចូល ចតពានពារលើបូរណភាពដែនសមុទ្រនៃអតីតអាណាចក្រខ្មែរ។ ចម្បាំងដោយប្រើធ្នូស្នា ប្រហែលជាបានក្លាយ ទៅជាសរកាមទេព ធ្វើឱ្យព្រះនាងលីវយីបានក្លាយទៅជាព្រះជាយានៃអ្នកដំណើរផ្សងព្រេងមកពី ប្រទេសឥណ្ឌា មែន ប៉ុន្តែទំនៀមទម្លាប់វប្បធម៌ប្រពៃណីខ្មែររបស់ព្រះនាងត្រូវ បានបន្តជារហូតមក ដោយព្រះនគរ បន្តធ្វើការគោរពភេទស្រីជាធំ។ មុខនាទីថ្នាក់ដឹកនាំសុទ្ធតែចាប់ផ្តើមពីពង្ស ឥត្ថីលិង្គ ដូចជាមេបា មាតាបិតា មេផ្ទះ មេកន្ទ្រាញ មេដំបូល មេឃុំ មេភូមិ មេស្រុក មេទ័ព មេដឹកនាំ។ល។ សូម្បីឋានៈនុក្រមរបស់ព្រះសង្ឃ ក៏ហៅថា មេគណ ឬមេកុដិ ដែរ។ ទាំងប្រទេសកម្ពុជា និងនៅកម្ពុជាក្រោម យើងមានវប្បធម៌នេះដូចគ្នា។
ប៉ុន្តែវប្បធម៌មួយដែលខ្មែរកណ្តាលសព្វថ្ងៃបានភ្លេច ឬបោះបង់ចោល លើកលែងតែនៅក្នុងខ្សែព្រះរាជ វង្សានុវង្ស ហើយខ្មែរក្រោមនៅតែប្រកាន់ខ្ជាប់ខ្ជួនបន្តពីរាជព្រះនាងលីវយីមក គឺបុរសខ្មែរក្រោមជាទួទៅ ដែលរស់លើ ទឹកដីកម្ពុជាក្រោម នៅតែឆ្លើយ “ចាស!“ ជារហូតមកដល់សព្វថ្ងៃ នៅពេលដែលខ្មែរនៅកម្ពុជាប្តូរមកឆ្លើយថា ’’បាទ!’’។ រឿងនេះ សូមសាកសួរខ្មែរក្រោមណាម្នាក់ចុះ បើមិនជឿ។
ចុះបើខ្មែរមានពូជអំបូរចេញមកពីប្រភពជាមួយគ្នា ហេតុអ្វីក៏ខ្មែរក្រោមត្រូវរស់ នៅក្រៅព្រំដែននៃព្រះរាជាណា ចក្រកម្ពុជាសព្វថ្ងៃទៅវិញ ?
រឿងនេះវែងទៀតហើយ។ សូមលោកអ្នកមេត្តាឆ្លៀតពេលបើកសៀវភៅប្រវត្តិសាស្ត្រ ដែលមានបោះពុម្ព ផ្សាយជាច្រើន ហើយក៏មានក្នុងគេហទំព័រព្រៃនគរដែរ http://preynokornews.blogspot.com ឬដាក់ តែពាក្យ Khmer Krom ចូលក្នុងកំព្យូទ័រ Wikipedia នឹងលាតត្រដាងជូនទាំងអស់។ អ្នកដែលមិន ចាំប្រវត្តិសាស្ត្រ ឬចាំ ហើយភ្លេចទៅវិញ ឬមិនទាន់បានអាន ច្រើនតែច្រឡំខ្មែរក្រោមថាជាជនជាតិយួន។ មិនគួរច្រឡំឡើយ ពិតមែន តែរស់នៅក្រោមការទ្រួតត្រារបស់យួន ប៉ុន្តែខ្មែរក្រោមប្រកាន់ខ្លួនថាជាខ្មែររហូត ហើយតែងតូចចិត្តខ្លាំងណាស់ ចំពោះអ្នកហៅច្រឡំជាតិដូច្នេះ ព្រោះខ្មែរក្រោមស្រឡាញ់សញ្ជាតិខ្មែររបស់ខ្លួន ខ្លាំងណាស់។ បើចង់ដឹងថា អ្នកណាម្នាក់នោះ ជាខ្មែរក្រោមមែនឬមិនមែន គ្រាន់តែសួរថា កាលនៅឯ ស្រុកកំណើត តែងទៅវត្តណាមួយ? គេប្រាកដជាឆ្លើយប្រាប់បានភ្លាម ព្រោះខ្មែរក្រោម ស្ទើរតែមួយរយ ភាគរយសុទ្ធតែជាអ្នកកាន់ព្រះពុទ្ធសាសនា អ្នកណាម្នាក់ក៏ជាឧបាសក-ឧបាសិកានៃវត្តណាមួយយ៉ាងខ្ជាប់ខ្ជួន ជាមិនខាន។ រឿងដែលធ្វើឱ្យកម្ពុជាក្រោម ក្លាយជានៅក្រៅព្រំដែននៃព្រះរាជាណាចក្រកម្ពុជានោះ គ្រាន់តែជា រឿងបណ្តោះអាសន្នទេ មកពីខ្មែរចេះតែបែក បាក់ជេរគ្នាទ្រហឹងអឺងកងពាសទឹកពាសដី ប៉ុន្តែពេលព្រលឹងខ្មែរ ត្រូវជញ្ជាត់ បានយកមកបញ្ចូលក្នុងរូបកាយខ្មែរវិញនោះ ខ្មែរនឹងបានស្វាងស្មារតីលែងស្រវាំងភ្នែក មើលឃើញ ខ្មែរគ្នាឯងជាសត្រូវ ហើយអម្បូរខ្មែរអ្នកកាសាង មហាប្រាសាទសិលាដ៏ល្បីល្បាញពេញសាកលលោក នឹងបាន មូលជុំគ្នា លែងខាំគ្នាឯងតទៅទៀត ហើយជាតិ ខ្មែរនឹងបានថ្កុំថ្កើងរុងរឿងសារជាថ្មី !
ក្នុងបច្ចេកទ្ទេសនៃការជញ្ជាត់ព្រលឹងខ្មែរនេះ យើងវិលមកដាក់សំណួរមួយទៀត គឺ៖
ចុះហេតុអ្វី បានជាមានខ្មែរក្រោមមកនៅព្រះរាជណាចក្រកម្ពុជាច្រើនណាស់ដែរ ?
រឿងមនុស្សម្នានៅក្នុងពិភពលោកនេះ ការធ្វើដំណើរចោលស្រុកទៅរកទីដ៏ទៃដើម្បីសាងជីវភាពថ្មី ជារឿង ធម្មតា។ ឧទ្ទាហរណ៍ នៅប្រទេសណាក៏មានជនជាតិចិនរស់នៅរកស៊ី ព្រោះប្រជាពលរដ្ឋចិនមានច្រើន លើសគេក្នុងលោកនេះ រហូតដល់ហូរហៀចេញពីប្រទេសទៅក្រៅ។ ប៉ុន្តែសម្រាប់ខ្មែរក្រោម ការចេញចោល ស្រុកកំណើតកម្ពុជាក្រោម គឺមានមានមូលហេតុមិនដូចគ្នានឹងជនជាតិចិនទេ ហើយបើប្រៀបទៅ នឹងប្រជាជន យួន ដែលសម្រុកចូលមករស់នៅកម្ពុជាសព្វថ្ងៃ គឺស្ថានភាពផ្ទុយស្រឡះខុសគ្នាដូចមេឃនឹងដី។ តាមការសង្កេត ពិនិត្យ ចំពោះមនោសញ្ចេតនាជាតិខ្មែរ គឺមានការជាប់ជំពាក់ចំពោះស្រុកកំណើតរបស់ខ្លួនខ្លាំងណាស់។ ទោះបី វេទនាក្រលំបាកវេទនាយ៉ាងណាក្តី ខ្មែរមិនងាយដើរចោលស្រុកទេ។ ហើយបើបែរជាសម្រេចចិត្តវេចសំពាយ ដើរចោល ម៉ែឳបងប្អូនមិត្តភក្តិញាតិសន្តាន ចោលដើមដូង ដើមស្វាយ ចំការចេក ច្បារអំពៅ វាលស្រែ វត្តអារាម ដីភូមិធ្លាប់ រស់សុខសាន្តតាំងពីតូចក្រូចឆ្មាមក គឺទាល់តែមានមូលហេតុជំរុញខ្លាំង។ ទោះជាមិនអាចរៀបរាប់ ឱ្យពិស្តាបាន អំទឹកចិត្តខ្មែរក្រោម ដែលបានរត់ចោលស្រុកកំណើត ក៏យើងសូមលើកតែមូលហេតុធំៗ ដែលកើតមានមកហើយ គឺដោយសារដង្កាប់អាណានិគម របៀបទំនើបថ្មីរបស់រដ្ឋាភិបាលវៀតណាមនោះឯង។ យើងមានសេចក្តីរំភើប រីករាយណាស់ ដែលបានឃើញថ្នាក់ដឹកនាំធំៗនៃរដ្ឋាភិបាលខ្មែរ បានធ្វើដំណើរ ទស្សនកិច្ច និងជួបប្រស្រ័យ ទាក់ទងជាមួយខ្មែរនៅកម្ពុជាក្រោមក្នុងកាលកន្លងមក។ ពិតមែនតែការជួប ប្រស្រ័យដ៏ខ្លីនោះ មិនអាចដឹងសុខ ទុក្ខខ្មែរនៅទីនោះបានច្រើនទេ ហើយខ្មែរក្រោមខ្លួនឯង ក៏ញញើត នឹង បកស្រាយរឿងពិតដែរ ដោយខ្លាចទូកទៅ កំពង់នៅ តែនិយាយជ្រុលមាត់ ច្បាស់ជាគេចមិនរួច ពីប៉ូលីស យួនកោះហៅទៅសួរចម្លើយរាប់ម៉ោងស្រួលមិនស្រួល មិនរួចខ្លួនវិលមកផ្ទះជួបប្រពន្ធកូនវិញផង។ ប៉ុន្តែដំណើរ ទស្សនកិច្ចនោះ រាប់ថាជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងប្រវត្តិសាស្ត្រខ្មែរ ចាត់ទុកជាគម្រូសម្រាប់ថ្នាក់ដឹកនាំខ្មែរទួទៅ ក្នុងការយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ ខ្មែរដូចគ្នា។ នោះហើយ ជាតម្លៃរបស់ជាតិសាសន៍ខ្មែរ។
សម្ពាធដែលខ្មែរក្រោមបាននិងកំពុងទទួល គឺមានទាក់ទងនឹងសេរីភាពក្នុងកិច្ចប្រតិបត្តិព្រះពុទ្ធសាសនា ទំនៀម ទម្លាប់ប្រពៃណី វប្បធម៌ អក្សរសាស្ត្រ ការរឺបអូសដីធ្លី។ល។ ហើយទម្ងន់នៃការគាបសង្កត់នេះ ហាក់ដូចជា កាន់តែធ្ងន់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមកលល្បិចលាក់បំបាំងរបស់រដ្ឋាភិបាលយួន រហូតដល់មានការបំភ្លៃ ក្រឡាយប្រវត្តិសាស្ត្រ បំណងបំបាត់រឿងពិតពីអតីតកាល គឺបំបាត់ដីខ្មែរ បំបាត់ពូជខ្មែរ ទន្ទឹមគ្នានឹងការកសាង ប្រវត្តិសាស្រ្តថ្មីក្លែងក្លាយមួយដែលខ្មែរក្រោមមិនអាចទទួលយកបាន។ ការកែប្រែប្រវត្តិសាស្ត្រដែលអ្នកដឹកនាំ យួនបានធ្វើ គឺមិនត្រឹមតែរំលាយប្រភពកំណើតខ្មែរក្រោមទេ តែវាប៉ះពាល់ដល់ប្រវត្តិជាតិសាសន៍ខ្មែរជាទួទៅ។ តែចំពោះខ្មែរក្រោម គឺប្រៀបដូចកូនកំព្រារស់ក្នុងសំបុកគ្មានមេបាការពារមើលការខុសត្រូវ យួនចង់រំលោភបំពាន យ៉ាងណាក៏បានតាមចិត្ត។ ទីបំផុត ខ្មែរក្រោមក៏នឹកឃើញដល់ជនរួមឈាមខ្មែរដូចគ្នា នៅក្នុងព្រះរាជាណាចក្រ កម្ពុជាដែលមានព្រះមហាក្សត្រជានិម្មិតរូបនៃម្លប់គ្របដណ្តបដល់ប្រជានុរាស្រ្ត និងរដ្ឋាភិបាលដឹកនាំដោយខ្មែរគ្នា ឯង។ ដូច្នេះ ដំណើរខ្មែរក្រោមកមករស់នៅព្រះរាជាណាចក្រកម្ពុជា គឺពុំមែនជាដំណើរជនជាតិចិនដើររកស៊ីទេ ហើយក៏មិនដូចគ្នានឹងដំណើររាតត្បាតរបស់ជនជាតិយួនមកវាតទីនៅកម្ពុជាដែរ។ ផ្ទុយទៅវិញ ខ្មែរក្រោមជាកូន កំព្រាត្រូវគេវាយដំធ្វើបាបទើបរត់រកម៉ែឳឱ្យជួយ គឺជាឈាមដែលរត់រកឈាម។ នៅជំនាន់សង្គមរាស្ត្រនិយម ព្រះមហាក្សត្រ នរោត្តម សីហនុ តែងយល់ពីទុក្ខលំបាករបស់ខ្មែរក្រោមដែលរត់ភៀសខ្លួនមក ដោយព្រះទ័យ មេត្តាធម៌យ៉ាងក្រៃលែង ហើយព្រះអង្គតែងគិតគូរបែងចែកដីធ្លីផ្ទះសម្បែងដល់កូនចៅឱ្យបានរស់នៅសុខសាន្ត មានជាអាទិ៍នៅតាមភូមិស្រុកនានានៃខេត្តបាត់ដំបង ដូចជានៅខ្នាច រមាស កាច់រទេះ អណ្តើកហែប បរវិល និងនៅខេត្តដ៏ទៃទៀតជាច្រើន។ នៅជំនាន់នេះ យើងពុំបានឃើញសកម្មភាពមនុស្សធម៌បែបនោះពីសំណាក់ រដ្ឋាភិបាលខ្មែរទេ ក៏ប៉ុន្តែខ្មែរក្រោមគ្មានជំរើសឡើយ នៅតែចាត់ទុកស្រុកខ្មែរជាទីពឹង ជាជម្រកដ៏កក់ក្តៅសម្រាប់ គេចវេសពីយមរាជយួន។ ដំណាក់កាលនេះ ទោះជាខ្មែរក្រោមមិនពេញចិត្តនឹងអ្វីៗតាមសេចក្តីប្រាថ្នារបស់ខ្លួន ក៏នៅតែមានសង្ឃឹមទុកក្នុងចិត្ត ថាគង់មានថ្ងៃខ្មែរស្គាល់សុខទុក្ខពិតរបស់ខ្មែរគ្នាឯងមិនខាន។ ការដែលរំពឹងលើក្តី មេត្តារបស់អ្នកណាម្នាក់ ហើយមេត្តាមិនទាន់កើតមាន ក៏ត្រូវតែតស៊ូអត់ទ្រាំតទៅទៀត ប៉ុន្តែបើគ្មានមេត្តាទេ ក៏សូម តែកុំធ្វើបាបដល់ឈាមខ្មែរដូចគ្នា នាំឱ្យបរទេសរាប់ទាំងយួនផង សើចចំអកប្រមាថមើលងាយ ដល់ជាតិខ្មែរទាំង មូលដែលមិនចេះស្រឡាញ់គ្នា។ វាគ្មានចំណេញអ្វីចំពោះខ្មែរទេ ដែលយកខ្មែរគ្នាឯង ជាសត្រូវនោះ។ សកម្មភាព ខ្លះដែលខ្មែរក្រោមនៅប្រទេសកម្ពុជា ឬនៅបរទេសធ្វើ មានគោលដៅច្បាស់លាស់ គឺការចូលរួមជាមួយខ្មែរក្នុងស្រុកកំណើត តវ៉ាចំពោះរដ្ឋាភិបាលវៀតណាម ឱ្យអនុវត្តសេចក្តីប្រកាសរបស់ អង្គការសហប្រជាជាតិស្តីពីជនជាតិ ដើមខ្មែរក្រោម ដែលយួនខ្លួនឯងជាភាគីហត្ថលេខី។ នេះជារឿងធម្មតា ដែលតែងកើតមានក្នុងពិភពលោក គឺទីណាមានការជិះជាន់សង្កត់សង្កិន ទីនោះតែងមានការរើបំរះ។ សូម្បី ពេលយើងចាប់សង្កត់ក្បាលត្រី ត្រីក៏រើបំរះដែរ លើកលែងតែត្រីងៀត ឬត្រីងាប់។ ការតស៊ូដោយអហឹង្សានេះ ជារឿងខ្មែរក្រោមជាមួយរដ្ឋាភិបាលវៀតណាម ហើយខ្មែរក្រោម ដែលសូមតែសេចក្តីសុខ សូមតែក្តី មេត្តាករុណា ពីរដ្ឋាភិបាលខ្មែរ កុំឱ្យគេធ្វើបាបចាប់ចង ឬចោទប្រកាន់ដោយអយុត្តិធម៌ គឺយើងគ្មានមូលហេតុអ្វី ដែលត្រូវ ប្រឆាំងជំទាស់ជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជាឡើយ។
ចាក់ក្រឡេកឱ្យងាកមើលក្រោយ ប៉ុណ្ណឹងល្មមខ្មែរយល់គ្នាបានហើយ។ ជាក្តីបំណងស្រមៃក្នុងកញ្ចប់ ជំនូន ឆ្នាំថ្ម២០១២ វិទ្យុសំឡេងកម្ពុជាក្រោមសូមចូលរួមក្នុងការ ’’ជញ្ជាត់ព្រលឹងខ្មែរ’’ ជាទូទៅ ឱ្យវិលមករួបរួម គ្នាវិញ ឈប់ជេរត្មះតិះដៀលច្រាសឆ្អេះបង្កើតគំនុំគុំគួនជាមួយខ្មែរគ្នាឯង។ សូមកុំភ្លេចថា ការឈ្លោះប្រកែក ហែកហួរ ទាស់ទែងខ្វែងគំនិតគ្នាក្នុងគ្រួសារខ្មែរ មិនបានចំណេញអ្វីទេ ផ្ទុយទៅវិញ គឺវាត្រូវម៉កជាមួយគោលដៅ របស់បរទេស ដែលមានផែនការណ៍បំបែកបំបាក់ខ្មែរឱ្យខ្ទេចខ្ទីស្រួលលេបយកទាំងមូលតែម្តង។ នេះជាបំណង ល្អរបស់ខ្មែរក្រោម ជនរងគ្រោះក្រោមនឹមដែករបស់រដ្ខាភិបាលយួន។
សូមសព្វសត្វ បានប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។