ថ្ងៃនេះ ស្ទើរតែគ្រប់ប្រទេស មានរៀបចំពិធីប្លែកៗខុសៗគ្នា ប៉ុន្តែ គោលដៅតែមួយ គឺឱ្យតម្លៃដល់ការគោរពសិទ្ធមនុស្ស គឺរដ្ឋាភិបាល គោរពសិទ្ធិប្រជាពលរដ្ឋ មនុស្សម្នាក់គោរពសិទ្ធិមនុស្សម្នាក់ទៀត ប្រទេសមួយ គោរពប្រទេសមួយទៀត។ល។ គ្រប់ជាតិសាសន៍ ឬ សាសនា តែងប្រដៅដូចៗគ្នាថា “ចូរអ្នកកុំធ្វើអ្វីមួយចំពោះ អ្នកដ៏ទៃ ឡើយ ប្រសិនបើអ្នកមិនចង់ឱ្យគេធ្វើរបៀបនោះ ចំពោះរូបអ្នកវិញ។” ពោលគឺ ’’យើងឱ្យសុខគេ គេឱ្យ សុខយើង’’។ ហើយក៏មានពាក្យ កាន់តែល្អ បាននិយាយថា “ប្រសិនបើអ្នក មិនអាចរកសុខឱ្យគេបាន ក៏កុំធ្វើទុក្ខ រំខានគេអី”។ គឺដោយគ្មានសត្វលោកណាមួយ ចង់បាន ទុក្ខទេ រាល់រូបសុទ្ធតែប្រាថ្នាសេចក្តីសុខទាំងអស់គ្នា។ មកពីយល់ ឃើញយ៉ាងនោះហើយ បានជាមនុស្សម្នាគ្រប់ប្រទេស បានស្រុះ ស្រួលមូលមតិគ្នា ក្រោមដំបូលនៃអង្គការសហប្រជាជាតិ ជជែក ពិភាក្សារួចក៏ធ្វើជាសេចក្តីប្រកាសរួមមួយជាសាកល នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ រួចបន្ទាប់មកជារៀងរាល់ឆ្នាំ ក៏មានជាទំនៀមធ្វើពិធីបុណ្យអបអរដល់ការគោរពសិទ្ធិមនុស្សនេះ អស់រយៈពេល ៥៣ឆ្នាំហើយ។ ប៉ុន្តែបើ
តាមការសង្កេតរបស់យើង ទិដ្ឋភាពនៃសិទ្ធិមនុស្សរបស់បុគ្គល និងប្រទេសទាំងឡាយនៅពេល បច្ចុប្បន្ននេះ កំពុងឋិតនៅក្នុងភាពស្រពិចស្រពិល ហើយអាចនៅមានការលាក់បំពួនប្រកបដោយអាថ៍កំបាំង ហូតទៅដល់ ការយកផ្លាកសិទ្ធិមនុស្សមកបិទលំអ ដើម្បីលាក់បំបាំងបទឧក្រិដកម្មរបស់ខ្លួន។ បានន័យថា គ្រប់ប្រទេសមិន សុទ្ធតែបានប្រតិបត្តិឱ្យត្រឹមត្រូវតាមកិច្ចសន្យារបស់ខ្លួនឡើយ។ ដោយករណីយរំលោភសិទ្ធិមនុស្សនៅមានច្រើន ក្នុងសកលលោក យើងជាខ្មែរក្រោមសូមលើកយកតែ ទុក្ខវេទនាដែលយើងកំពុងទទួល នៅលើទឹកដី កម្ពុជាក្រោម ជាមាតុភូមិកំណើតរបស់យើងតែប៉ុណ្ណោះ។ តើអ្នកណាទៅ ដែលកំពុងរំលោភសិទ្ធិសេរីភាព ខ្មែរកម្ពុជាក្រោមយ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ ? យើងជឿជាក់ថា ចំពោះសំណួរនេះ ទោះជាអ្នក ដែលកំពុងកាន់កាប់ ទ្រួតត្រាទឹកដីកម្ពុជាក្រោម គឺអ្នកដឹក នាំយួនសព្វថ្ងៃ ក៏ពិតជាឆ្លើយប្រកែក ថាគេមិនបានរំលោភសិទ្ធិខ្មែរក្រោមទេ គេប្រាកដជាឆ្លើយថា ខ្មែរក្រោមកំពុង តែមានសិទ្ធិសេរីភាពហូរហៀរ។ ប៉ុន្តែឥឡូវនេះ គឺមិនត្រឹមយើងជា ខ្មែរក្រោមទេដែលដឹងការពិតពីអ្វីៗដែលកំពុងកើតឡើង សូម្បីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីស្នាក់ការ នៅទីក្រុងនូវយ៉ក ក៏បានចុះទៅធ្វើបទសម្ភាសន៍ យកព័ត៌មានពិតជាក់ស្តែង អ្នកថតខ្សែភាពយន្តអន្តរជាតិ ក៏បានផលិតជាវណ្ណកម្ម ដែលមើលទៅហើយកើតក្តី សង្វេគអាណិតខ្មែរក្រោមមិនអាចទប់ទឹកភ្នែកបាន រីឯអ្នកយកព័ត៌មាននិងថ្នាក់ដឹកនាំប្រទេសជាច្រើន ក៏កាន់តែ បានកាន់តែជ្រួតជ្រាប អំពីការំលោភសិទ្ធិ ពីសំណាក់រដ្ឋាភិបាលយួនយ៉ាងជាក់ស្តែង ទៅលើខ្មែរក្រោមជាមា្ចស់ដើម នៃទឹកដីនោះ។ រីឯឈ្មោះ “ ខ្មែរក្រោម“ ក៏បានកាន់តែត្រូវគេទទួលស្គាល់ជាសាកលដែរ។ ជាក់ស្តែងប៉ុណ្ណឹងហើយ មកទល់ពេលនេះ អ្នកដឹកនាំយួននៅតែបន្តប្រើកលល្បិចបោកប្រាស់ភ្នែក សាកលលោកដដែល។ ល្បិចថ្ពិនភ្នែកនេះ ស្ទើរតែក្លាយ ជាប្រពៃណីរបស់យួនទៅហើយ។ វិទ្យុសំឡេងកម្ពុជាក្រោមសូមរំព្ញកឡើងវិញ នូវសំដីរបស់សព ហូ ជីមិញ ជាគ្រូធំរបស់យួនដែលបាន គូសបន្ទាត់ឱ្យអ្នកដឹកនាំយួនជំនាន់ក្រោយៗដើរតាម។ ជាសេក្តីថ្លែងការណ៍ នៅពេលប្រកាសឯករាជ្យរបស់វៀត ណាមពីអានានិគមបារាំង ធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញាឆ្នាំ១៩៤៥។ ក្នុងបន្ទាត់ទី១នៃសេចក្តីថ្លែងការណ៍របស់ខ្លួន ហូ ជីមិញបានសូត្រតាមទាំងស្រុង នូវវគ្គទី២ ដ៏ល្បីល្បាញ នៃសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក នាឆ្នាំ១៧៧៦ មានសេចក្តីដូចតទៅ ៖ “All men are created equal. They are endowed by their Creator with certain inalienable rights; among them are Life, Liberty, and the pursuit of Happiness.” “មនុស្សទាំងអស់ បានត្រូវបង្កើតមកស្មើភាពគ្នា។ អ្នកទាំងអស់គ្នាបានត្រូវផ្តល់ឱ្យ ដោយអ្នកបង្កើតគេមក ជាមួយនឹងសិទ្ធិ ដែលមិនអាចយកទៅវិញបាន ក្នុងចំណោមនោះគឺ ជីវិត សេរីភាព និងការតាមរកសុភមង្គល។” ប៉ុន្តែប្រសិនបើយើងយកឃ្លានេះ ទៅសូត្រឱ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមស្តាប់ ខ្មែរទាំងនោះប្រាកដ ជានឹងមិនដឹងជាគេចង់និយាយពីរឿងអ្វីទេ ឬក៏ថាជារឿងបោកប្រាសគ្នាសុទ្ធសាធ ព្រោះខ្មែរក្រោមសព្វថ្ងៃនេះ កំពុងត្រូវគេហ៊ំព័ទ្ធឱ្យរស់ នៅក្នុងសង្គមដ៏ងងិតសូន្យសុង។ ការហ៊ំព័ទ្ធនេះធ្វើឡើងដោយយុទ្ធសាស្ត្រច្រើនរូបភាព ដែលយើងសូមលើកយកតែការហ៊ំព័ទ្ធបែបប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌និងសាសនាមកបកស្រាយ ព្រោះជា យុទ្ធសាស្ត្រដ៏គ្រោះថ្នាក់បំផុត សម្រាប់ប្រជាជាតិខ្មែរ។ លើកលែងតែ ហូ ជីមិញ ចង់បែងចែកថា សិទ្ធិ សេរីភាព និងការស្វែងរកសុភមង្គល គឺសម្រាប់តែប្រជាពលរដ្ឋយួន ហើយសម្រាប់ប្រជាពលរដ្ឋខ្មែរ គឺត្រូវតែ កំចាត់ចោល? ក្នុងវិស័យប្រវត្តិសាស្ត្រនិងភូមិសាស្ត្រ ពិភពលោកទាំងមូលបានដឹង អំពីប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជា ដែលមានអតីតកាលជាមហានគរ មានអារ្យធម៌ខ្ពស់ត្រដែតលើសាកលលោក មានសមត្ថភាព អាចសាងប្រសាទសិលា ដែលស្ថាបត្យកម្មសម័យទំនើប មានការស្ងើចសសើមិនអស់មិនហើយ មានទឹកដី គ្របដណ្តបភាគខាង ត្បូងទាំងអស់នៃប្រទេសវៀតណាម។ ក្រោយពីការរុករានទន្រ្ទាន និងការឃុបឃិតជាមួយ បារាំងយកទឹកដីកម្ពុជា ក្រោមបានហើយ យួនហ៊ានកែប្រែប្រវត្តិសាស្ត្រ ថាទីនោះ ជាទឹកដីដែលពួកខ្លួន បានកាប់ឆ្ការយកធ្វើជាកម្មសិទ្ធ។ មិនតែប៉ុណ្ណោះ អ្នកដឹកនាំយួនហ៊ានរហូតទៅ ដល់ប្តូរឈ្មោះស្រុកភូមិរបស់ ខ្មែរម្តងមួយ រហូតស្ទើរតែបាត់ឈ្មោះ ខ្មែរអស់រលីង។ មិនត្រឹមតែកែប្រវត្តិសាស្ត្រនិងប្តូរឈ្មោះខេត្តឃុំស្រុកភូមិ ពួកឈ្លានពានបានទាំងបង្ខំប្តូរនាម ត្រកូលជនជាតិខ្មែរឱ្យទៅជាយួន បំបាត់ចំនួនប្រជាពលរដ្ឋ ពីជាងប្រាំបី លាននាក់ មកត្រឹមតែជាងមួយលាននាក់ ប៉ុណ្ណោះ។ ផ្នែកវប្បធម៌ យួនបានបិទកម្មវិធីសិក្សាភាសា ខ្មែរអស់ម្តងហើយ ប៉ុន្តែក្រោយមក ដោយមានការតវ៉ាពី សហព័ន្ធខ្មែរកម្ពុជាក្រោមនៅលើឆាកអន្តរជាតិ ក៏មានសញ្ញាបន្ធូរបន្ថយខ្លះ ប៉ុន្តែធ្វើឡើងក្នុងទិសដៅយ៉ាងច្បាស់លាស់ គឺកំរិតផលប្រយោជន៍នៃ ការប្រើប្រាស់ អក្សរខ្មែរ បានន័យថារៀនខ្មែរហើយគ្មានកន្លែងប្រើ ព្រោះយួនមិន បានបកប្រែភាសាកិច្ចការរដ្ឋបាល សារាចរច្បាប់ទម្លាប់ផ្សេងៗរបស់ខ្លួនជាភាសាខ្មែរឡើយ។ ដល់ដូច្នេះទៅ ខ្មែរក្រោមត្រូវក្លាយជាប្រជាពលរដ្ឋ ថ្នាក់ទីពីរ ដែលត្រូវបានកាត់ផ្តាច់ពីការចេះដឹង និងចរន្តនៃសេចក្តីរីកចំរើន ទាំងឡាយ កម្មសិទ្ធដីទឹកកេរ ដូនតាលើដីសណ្តនៃទន្លេរមេគង្គដ៏ធំទូលាយ ដែលធ្លាប់តែផលិកសិកម្មស្រូវអង្ករ ដ៏សំបូរហូហៀរ ក៏បានត្រូវ ហ៊ំព័ទ្ធឱ្យរួមតូចទៅៗ ភាពក្រីក្រដែលពិភពលោកព្យាយាមបំបាត់ពីសង្គមមនុស្ស កាន់តែរាតត្បាតយាយីគ្រប់ គ្រួសារខ្មែរជាម្ចាស់ដើមនៃទឹកដីនោះ នៅពេលដែលពួកយួនជនចំណូលថ្មី កាន់តែ មានជីវភាពធូរធារឡើង។ ផ្នែកសាសនា ដោយការបាត់បង់សិទ្ធសេរីភាព ក្នុងកិច្ចប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ ព្រះសង្ឃខ្មែរ ដែលហ៊ានងើបឡើងតវ៉ាបានត្រូវចាប់ផ្សឹក និងត្រូវឃុំឃាំងយ៉ាងអយុត្តិធម៌។ល។និង។ល។ តើទាំងនេះ មិនមាន ន័យថា អ្នកដឹកនាំយួនកំពុងតែមានការរើសអើងពូជសាសសន៍ ជាការរំលោភ យ៉ាងជាក់ស្តែងទៅលើសិទ្ធិមនុស្ស ជាការំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិរបស់ជនជាតិដើមជាខ្មែរទេឬអ្វី ? តើទាំងនេះ មិនមានន័យថា យួនអ្នក គោរពសិទ្ធិមនុស្សរបៀបបោកប្រាសទេឬអ្វី ? តើល្បែងបោកប្រាស់នេះ អាចចេះតែបំភាន់ភ្នែកពិភពលោក បានជារហូតទៅឬ ? ពិតមែនតែយើងជាខ្មែរក្រោមបានដឹងថា ផែនការយកប្រទេសលាវ និងកម្ពុជា ធ្វើជាសហព័ន្ធឥណ្ឌូចិន ក្រោមការដឹកនាំរបស់យួន កំពុងតែធ្វើដំណើរទៅមុខយ៉ាងលឿនដូចព្រួញ។ ពិតមែន យើងដឹងថា មានប្រទេស ដែលត្រូវការទីតាំងរបស់យួន ក្នុងយុទ្ធសាស្ត្រទប់ទល់ជាមួយប្រទេសចិន ប៉ុន្តែយួន ក៏មិនត្រូវច្រឡំ អំពីបទឧក្រិដ ដែលខ្លួនបានធ្វើចំពោះជនជាតិដើមខ្មែរក្រោម មិនលាយឡំជាមួយរឿង អស់នេះទេ។ ដោយឡែក ខ្មែរក្រោមក៏មិនឱនក្បាល ឱ្យយួនជាន់ឈ្លីរំលោភសិទ្ធិសេរីភាពជានិច្ចឡើយ ព្រោះ ពិភពលោកទាំងមូលកំពុងតែរស់ នៅក្រោមដំបូលច្បាប់តែមួយ គឺសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តី ពីសិទ្ធិមនុស្ស និងសិទ្ធជនជាតិដើម។ ដោយ ស៊ឺង សម្រេច/ VOKK.