បើគិតពីពេលវេលា ដែលបារាំងបាន កាត់ផ្តាច់ទឹកដីកម្ពុជាក្រោម ទៅឳ្យ យួន កាន់កាប់នាឆ្នាំ ១៩៤៩ មកដល់ ពេលនេះ គឺមានរយៈតែ ៦១ឆ្នាំ ប៉ុណ្ណោះ។ ប៉ុន្តែបើគិតពីការប្រយុទ្ធ តស៊ូរបស់ខ្មែរកម្ពុជាក្រោម ដើម្បីទប់ ទល់ ជាមួយដំណើរឈ្លានពានរបស់ យួន លើទឹកដីមាតុខ្លួន គឺមានរយៈ ពេល ជាងរយឆ្នាំមកហើយ ។ នៅប្រ ទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរ បានត្រូវ រស់នៅក្នុងរបបខ្មែរក្រហម តែជាងបី ឆ្នាំ ឃើញថា ខ្មែរយើងត្រូវបាត់បង់ ជីវិតអស់ពីរលាននាក់ និងអ្នកសល់ពីស្លាប់ទាំងប៉ុន្មាន ភាគច្រើនពិកលពិការទាំងកាយ សម្បទា និងបញ្ញាស្មារតី ឯខ្លះទៀតបន្តមានសុបិនអាក្រក់រហូតដល់សព្វថ្ងៃនេះ ។
ដូច្នេះ បើប្រៀបប្រដូចរឿងរ៉ាវដែលកើតមាននៅកម្ពុជាទៅ នឹងភព្វវាសនាខ្មែរក្រោម ដែលត្រូវគេកាត់ផ្តាច់ទៅឳ្យរស់នៅក្នុងកណ្តាប់ដៃយួន តើយើងអាចប្រមើលមើលឃើញនូវ ទំហំទុក្ខទារុណកម្ម និងការសម្លាប់រង្គាល ដែលវៀតណាមបានធ្វើមកលើខ្មែរក្រោមម្ចាស់ដើម នៃទឹកដីនោះ ធំធេងប៉ុនណាដែរ?។ ជនជាតិខ្មែរដែលបានរៀនសូត្រពីប្រវតិ្តសាស្រ្ត គួរតែបានចងចាំថា វៀតណាមដូចជាមិនដែលមានបំណងល្អជាមួយខ្មែរម្តងណាសោះទេ។ នោះមិនមានន័យថា ខ្មែរត្រូវតែយកយួនជាសត្រូវនោះក៏ទេដែរ។ ធម្មតាប្រទេសជាតិនិមួយៗ តែងអាចជ្រើសរើសបាន គឺប្រទេសដែលមានព្រំដែនជាប់ជាមួយ។ ត្រង់ចំណុចនេះ បើជា សំណាងពីធម្មជាតិ ឬក៏ដោយការឈ្លាសវៃរបស់អ្នកដឹកនាំក្នងបញ្ហាព្រំដែនរដ្ឋាភិបាលនៃប្រ ទេសទាំងពីរខាងអាចមានសហការល្អរលូនមិត្តភាពចែករំលែកសុខទុក្ខជាមួយគ្នា ជួយគ្នាទៅ វិញទៅមកដោយស្មោះស្ម័គ្រនៅគ្រាមានអាសន្ន។ ប៉ុន្តែផ្ទុយទៅវិញ បើអរិយភាពកើតឡើង ពីសាមីប្រទេសរួមព្រំដែន បញ្ហាទាំងឡាយប្រាកដបន្តជាមរតកជូរចត់ដល់ច្រើនជំនាន់មនុស្ស មិនខានឡើយ។ វិលមកមើលប្រវត្តិសាស្រ្តខ្មែរ-វៀតណាម តើបានបន្សល់ស្លាកស្នាមអ្វីខ្លះដែរ? ប្រសិនបើខ្មែរមានសំណាងមានព្រំដែនជាប់ជាមួយ នឹងប្រទេសដែលស្រឡាញ់សន្តិភាព គ្មានគំនិតឈ្លានពាននោះ ក៏គ្មានរឿងរ៉ាវទុក្ខវេទនាខ្មែរក្រោមដូចពេលនេះដែរ។ ប៉ុន្តែដោយ អភព្វរបស់ខ្មែរ ស្រាប់តែមានជនជាតិឈ្លានពានមួយធ្វើដំណើរពង្រីកទឹកដីចុះមកពីភាគ ខាងជើង លេបប្រទេសចម្ប៉ាតាមយុទ្ធសាស្រ្តយកស្រីក្មេងជាអន្ទាក់បានជោគជ័យហើយ ក៏បន្តនយោបាយដដែលនេះបានជោគជ័យនៅកម្ពុជាទៀត ។ ខ្មែរអ្នកបានរៀនសូត្របានដឹងឮ ហើយដែលមានគំនិតស្នេហាទឹកដីសេរីភាព អាចបានចាំច្បាស់នូវរឿងជូរចត់យ៉ាងច្រើន ឥតគណនា។ តាំងពីមុនបារាំងបានប្រគល់ទឹកដីកម្ពុជាក្រោមឳ្យយួននោះទៅទៀត នៅខេត្ត ព្រះត្រពាំង នាឆ្នាំ ១៨៤១ អ្នកស្នេហាជាតិខ្មែរក្រោមការដឹកនាំរបស់លោក ចៅហ្វាយខេត្ត សឺង គុយ ដែលដឹងច្បាស់អំពីដំណើឈ្លានពានរបស់យួន បានប្រមូលកងកម្លាំងស្នេហាជាតិ ខ្មែរប្រយុទ្ធតាំងយ៉ាងក្លាហានរហូតបូជាជីវីតជូនមាតុភូមិជាទីស្នេហា។ អ្នកដឹកនាំយូនបាន ចាត់ទុកជនជាតិខ្មែរដូចមនុស្សព្រៃដែលត្រូវទាក់យកមកផ្សាំង ហើយមានបំណងទាញផល ប្រយោជន៍សព្វបែបយ៉ាងពីទឹកដីដែលជនទាំងនោះរស់នៅ ទោះជារស់នៅក្រោមបារាំង នៅក្រោមយួន ឬដែលរស់មានឈ្មោះថាឯករាជ្យ។ នយោបាយរបស់អ្នកដឹកនាំវៀតណាម ហាក់ដូចជាជ្រៅណាស់ សម្រាប់អ្នកចេះមើលចេះចងចាំគឺថា បើយួនចិត្តល្អចំពោះខ្មែរមែន មិនមែនពួកខ្មែរក្រោម ដែលនៅរស់ក្នុងទឹកដីកំណើតត្រូវយួនកាន់កាប់កំពុងស្រែកដង្ហោយប្តឹង ពិភពលោកក្តែងៗ ពីការជិះជាន់សង្កត់សង្កិនសព្វបែបយ៉ាងដូចសព្វថ្ងៃនេះទេ! អ្នកដឹកនាំយួន ហ៊ានអនុវត្តផែនការធំៗយ៉ាងគឃ្លើនមកលើកម្ពុជាសព្វថ្ងៃ ដោយគ្មានខ្លាចក្រែងរអែងយ៉ាងនេះ ព្រោះគេដឹងថា ខ្មែរឆាប់ភ្លេច ឬក៏ទោះជាឃើញពីទុក្ខលំបាករបស់ជនជាតិខ្លួនហើយ ត្រូវតែ ធ្វើមិនឃើញ មិនដឹង មិនឮ ដោយសារអ្វីដែលខ្លួនមានក្នុងដៃសព្វថ្ងៃនេះ វាមានតម្លៃធំធេង ខ្លាំងណាស់ ជាងសុខទុក្ខ អាយុជីវិតខ្មែរក្រោមទាំងនោះឆ្ងាយណាស់។ ទៅចាក់អង្ករ យកអង្កាមម្ត៉េចនឹងកើតទៅ? ពេលនេះជាសម័យវិទ្យាសាស្រ្តទំនាក់ទំនងព័ត៌មានងាយស្រួល អ្នករងគ្រោះអាចស្រែកឳ្យគេដឹងឮជាទូទៅក្នុងសាកលលោក ហើយសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ខំប្រឹងតាមដានដំណើរទុក្ខវេទនារបស់ខ្មែរក្រោម ពីឧក្រិដ្ឋកម្មដែលរដ្ឋាភិបាលវៀតណាម បានធ្វើចំពោះខ្មែរ។ ចុះរាប់រយឆ្នាំមុន ក្នុងភពខ្មៅងងឹតនៃសំបុកឥតមេបាជួយឃុំគ្រង តើយួនសម្លាប់ខ្មែរអស់ប៉ុន្មានលាននាក់ទៅហើយមានខ្មែរណាមួយ ឬប្រទេសណាដឹងទេ? ល្បិចល្បួងដែលយួនធ្វើចំពោះខ្មែរ ពេលនេះ មិនខុសពីគេចង់ចាប់គោយកមកក្រៀវ ក៏ហុចស្មៅខ្ចីមួយក្តាប់បញ្ជោត លុះចាប់បានស៊ុបហើយ សឹមចាប់ចងផ្ទឹមជើងឡើងដំពងម្តង។ ទោះបីយ៉ាងណាក៏ដោយ ពេលនេះខ្មែរក្រោមបានសម្រេចចិត្តការតស៊ូដោយ អហឹង្សា ពឹងផ្អែកលើច្បាប់អន្តរជាតិទាំងស្រុងស្តីពីសិទ្ធិជនជាតិដើម។ ខ្មែរក្រោមមានសេចក្តីរីករាយ និងមោទនភាព ដោយមានបងប្អូនខ្មែរដែលមានកំណើតនៅភូមិភាគកណ្តាល បានចូលរួមជាសមាជិកសកម្មកាន់តែច្រើន។ នេះសម្តែងឳ្យឃើញថា ខ្មែរយើងជាទូទៅ កាន់តែយល់ច្បាស់អំពីសុខទុក្ខ និងទឹកចិត្តប្តូរផ្តាច់របស់ខ្មែរក្រោមហើយ។ ដំណើរដ៏វែងឆ្ងាយរបស់ “សហព័ន្ធខ្មែរកម្ពុជាក្រោម” ដែលមានក្រុមយុវជន-យុវនារីជាទំពាំងស្នងឫស្សី និងបន្តការតស៊ូជារហូត តពូជ ស្លាប់មួយកើតពីរ លុះត្រាបានសម្រេចជោគជ័យជូនប្រជាពលរដ្ឋខ្មែរក្រោមរួមឈាមដ៏អភព្វ ។ ក្រៅពីទំនាក់ទំនងជាមិត្តភាពរវាងខ្មែរនឹងខ្មែរសហព័ន្ធកម្ពុជាក្រោម គ្មាននិន្នាការនិយាយជាមួយគណបក្សណាមួយ នៅក្នុងប្រទេសកម្ពុជាទេ ក៏ដូចជា នៅក្រៅប្រទេស។ ដោយប្រាសព្រាត់និរាសពីបងប្អូនខ្មែរដោយខ្សែព្រំដែនបានពុះចែក ខ្មែរក្រោមតែងស្រឡាញ់ ហើយនឹកអាឡោះអាល័យជនជាតិខ្មែរដូចគ្នាជានិច្ច ហើយតាំងចិត្តអត់ធ្មត់សព្វបែបយ៉ាងមិនឳ្យមានភាពអាស្រូវ ឬគំនុំគុំគួនរវាងខ្មែរនឹងខ្មែរដោយប្រការណាឡើយ ។ ខ្មែរក្រោមក៏សូមសំដែងនូវការដឹងគុណចំពោះគណបក្ស ឬរាជរដ្ឋាភិបាលដែលមានចិត្តអាណិតស្រ ឡាញ់ជនខ្មែរក្រោមរួមលោហិតជាបងប្អូន ប៉ុន្តែក៏មិនចង់ឃើញក្រុមបក្ស ឬបុគ្គលណារាប់យកសហព័ន្ធខ្មែរកម្ពុជាក្រោម ជាឈ្នាន់ ដើម្បីបំរើមហិច្ឆតារបស់ខ្លួនឡើយ។ បេសកកម្មរបស់ខ្មែរក្រោម គឺតស៊ូមតិត្រង់ឆ្ពោះជាមួយរដ្ឋាភិបាលប្រទេសវៀតណាម ដើម្បីឧត្តមប្រយោជន៍របស់ខ្មែរក្រោម ម្ចាស់ដើមនៃទឹកដីកម្ពុជាក្រោម ។ មហាដំណើររបស់ខ្មែរក្រោមនេះ ចាប់ផ្តើមដោយជំហ៊ានតូចៗមែន ប៉ុន្តែនឹងទៅឆ្ងាយលុះសម្រេចគោលបំណង ជាបេសកកម្មប្រវត្តិសាស្រ្តមិនដែលមានពីមុនមក ជាពលិកម្មដ៏ធំធេងរបស់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិការសកម្មទាំងអស់ ដែលបានបរិច្ចាគ ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ក្នុងគំនិតស្នេហាជាតិយ៉ាងខ្ពង់ខ្ពស់បំផុត ហើយគ្មានទាក់ទង នឹងបុណ្យសក្តិ ឬជោគលាភសក្ការៈអ្វីទាំងអស់៕ ដោយ៖ វិទ្យុសំឡេងកម្ពុជាក្រោម